Overblog
Editer l'article Suivre ce blog Administration + Créer mon blog
17 février 2018 6 17 /02 /février /2018 07:08

 

ចុចខាងក្រោម ដើម្បីអាន អត្តបទខ្នាត Pdf ទាំងមូល

សង្ខេបអត្ថបទ

ស្រុកខ្មែរ ចាប់ពី សតវត្សទី១៨ មានស្ថានភាពដុនដាបណាស់ទៅហើយ ហើយក្លាយជា ប្រទេសចំណុះយួន។ នៅក្នុង រជ្ជកាល ព្រះអង្គចន្ទទី២ ដែលជាហ្លួងរណបយួន ស្រុកខ្មែរ ក្លាយជាចំណី នៃមហិច្ជិតា របស់ប្រទេសយួន និង សៀម។ ប្រទេសទាំងពីរនេះ នាំបង្កើតសង្គ្រាមនៅស្រុកខ្មែរ  ពន្លិច ស្រុកខ្មែរ ទៅក្នុង ទុក្ខវេទនា ហួសប្រមាណ។ ស្តេចទ្រង់រាជខ្មែរទាំងឡាយ លែងជាម្ចាស់ លើវាសនា របស់នគររបស់ខ្លួន ហើយ ដើម្បី រក្សារាជបល្ល័ង្គ ពី ការបះបោរ ដណ្តើមរាជ្យ ពីសំណាក់ ស្តេចដទៃទៀត ក្នុង ព្រះរាជវង្សានុវង្ស ត្រូវចាំបាច់ ទៅពឹងពាក់បរទេសឲជួយ ដោយសន្យានឹងជូនរង្វាន់សមតាមការណ៏។ ស្រុកយួន និង សៀម ជា ស្រុកជម្រក ឬ សំណាក់ របស់ស្តេចខ្មែរ ទាំងឡាយ ភៀសខ្លួន ទៅសុំស្នាក់នៅ រង់ចាំ ហ្លួង យួន និង សៀម សម្រេច ជួយខ្លួន មក ជ្រែករាជ្យ ឬ មក គ្រងរាជសម្បត្តិ ជា មហាក្សត្រចំណុះបរទេស។ ខាងសៀម ព្រះចៅសៀម ជា អ្នកជ្រើសរើស ស្តេចខ្មែរ ឲឡើងគ្រងរាជសម្បត្តិនៅក្រុងកម្ពុជា។ រាជបុត្រ មានឋានៈជា ព្រះអង្គម្ចាស់រាជ្យខ្មែរទាំងឡាយ ត្រូវទៅ រស់នៅរៀនសូត្រ ជាចាំបាច់ នៅស្រុកសៀម រហូតមានការអនុញ្ញាត ពីហ្លួងសៀម ទើបអាចវឹលត្រឡប់មកស្រុកខ្មែរវិញបាន។ ហ្លួងសៀម ជាអ្នកបំពាក់ងារ ឲស្តេចខ្មែរ ដូចយ៉ាងងារ ជា ឧបយោរាជ, ឧបរាជ ជាអាទិ។ ខាងយួន ព្រះចៅអណ្ណាម ត្រួតត្រាផ្ទាល់ រួចស្រេច ចៅហ្វាយខេត្តខ្មែរ មួយចំនួនធំ នៅកម្ពុជាក្រោម ហើយ ហាមឈប់ឲឡើងរាជការខ្មែរ នៅក្រុងឧដុង្គ។ ទឹកដីស្រុកខ្មែររួញតូច ហើយ ស្រុកខ្មែរ បាត់ ជីវកម្លាំង សំរាប់ទ្រទ្រង់ខ្លួនឯងបាន។ ប្រជាពលរដ្ឋខ្មែរ ក្លាយជា ចំនួនបុគ្គល : ជាឧបករណ៏ មួយក្រុម រស់នៅក្រោមអំណាចសៀម, មួយក្រុម រស់នៅក្រោមអំណាចយួន ហើយមួយចំនួនទៀត រស់នៅក្រោម អំណាចរាជការខ្មែរ ក្រខ្សត់ណាស់។ ឯកភាពជាតិ គឺ បែកខ្ទេច គ្មានគម្នាស់ណាមួយ អាចនឹងលើក ចងផ្ចាប់គ្នាបានវិញនោះឡើយ ព្រោះ សៀម និង យួន គេមានល្បិចច្បាស់លាស់ ដ៏ប្រសប សំរាប់ស្រូបទាំងផ្លូវកាយ និង ចិត្ត ជនខ្មែរបានងាយស្រួលបំផុត។ នៅស្រុក សៀម និង យួន ក៏មានសង្គ្រាមស៊ីវិល ដណ្តើមអំណាចគ្នាច្រើននោះដែរ តែទឹកដីគេកាន់តែរីកធំឡើង ចំណែកស្រុកខ្មែរ កាលណាមាន សង្គ្រាមម្តងណា ក្នុងព្រះរាជវង្សានុវង្ស គឺច្បាស់ជាទឹកដីខ្មែរ រួញជានិច្ច។ សួរថា មកពីហេតុអ្វី ? ព្រោះ ស្តេចខ្មែរ ទាំងឡាយ ជាគូប្រយុទ្ធ តែងតែទៅពឹងពាក់បរទេស ដើម្បី ការពារប្រយោជន៏ខ្លួន ដាច់មុខ ទោះបីខ្លួន ត្រូវដូរនឹង ប្រយោជន៏ជាតិ ក៏ហ៊ានដូរ នោះដែរ ឲតែខ្លួនបានឈ្នះ។ ក្រោយមកទៀត គឺ សៀម និង យួន តែម្តង គេជា អ្នកបង្កើត សង្គ្រាម លើទឹកដីខ្មែរ ដើម្បី ជ្រើសរើស ស្តេចចំណុះគេ ហើយទាមទារដោយបង្ខំ ជានិច្ច នូវគុណបំណាច់ របស់គេ ជា រង្វាន់ទឹកដី។ ដូចនោះ សង្គ្រាម រវាងខ្មែរនិងខ្មែរ ជា សង្គ្រាម គំពារដោយបរទេស និង ជួយបរទេសផង ដែលនៅក្នុងនោះគ្មានប្រយោជន៏ជាតិបន្តិចនោះឡើយ។ នៅពេល ខ្មែរឈ្នះចាញ់គ្នា នាំអោយកម្លាំងជាតិ ចុះខ្សោយក្រៃលែង នៅមុខទ័ពបរទេស ដែលគេមកជួយ ដូច្នេះ ទ័ពបរទេស គេចង់បានអ្វីពីខ្មែរ ក៏ខ្មែរ មិនហ៊ានជំទាស់នោះដែរ។ នៅពេលនោះ គំនិតជាតិនិយមខ្មែរ វាអាចនឹងមានដែរ តែវាគ្រាន់តែ ជាគំនិត មាននៅក្នុងអារម្មណ៏សុទ្ធសាធ។ រីឯ សង្គ្រាម ស៊ីវិល នៅស្រុកសៀម និង យួន, ជួនកាលគេ តម្រូវខ្មែរ អោយ បញ្ជូនទ័ពទៅជួយគេទៀត, ច្រើនមានលក្ខណៈ ជាសង្គ្រាម រកឯកភាពជាតិ ហើយនៅពេលដែលគេចាញ់ឈ្នះគ្នា គឺប្រាកដ ជាជាតិគេ មានឯកភាព ជានិច្ច។        

ព្រះបាទអង្គដួង ទ្រង់ ទទួលមរតក នូវស្ថានភាពស្រុក ទ្រុឌទ្រោមខ្លាំងណាស់មកហើយ។ តែ ព្រះអង្គ ក៏ជាអ្នករួមចំណែកមួយភាគ នៃ វិនិបាតជាតិ នោះដែរ។ ដូចយ៉ាង ការក្បត់ព្រះអង្គចន្ទ ជាហ្លួង ជា ព្រះរៀម ទៅចូលសៀម វាគ្មាន លក្ខណៈជាប្រយោជន៏ជាតិនោះឡើយ។ ទោះបី ស្តេចអង្គដួង លើកហេតុផលថា ទ្រង់មិនស្រមនឹងព្រះរៀម ទៅចងមេត្រី ជាមួយយួន តែ ហេតុផលនេះ វាគ្មានមាន ចំណុចត្រង់ណាមួយ ដែលអាចចាត់ទុកថា ជាជម្រើស សំរាប់ការពារ ប្រយោជន៏ជាតិសោះឡើយ។ តើ សៀម នៅពេលនោះ មានបំណងចង់ជួយខ្មែរ ដែរឬទេ ? ចម្លើយថាគ្មានទេ។ ពេលនោះ សៀមគ្រាន់តែចង់អោយសញ្ញា ទៅយួនថា សៀម មិនអនុញ្ញាតអោយយួនបំពានលើ ផលប្រយោជន៏សៀម នៅស្រុកខ្មែរនោះឡើយ។ ដូច្នេះ ជម្រើស យកខាង សៀមក្តី ខាង យួនក្តី វាគ្រាន់តែជាជម្រើស ការពារប្រយោជន៏ សៀម និង យួន តែប៉ុណ្ណោះ។ ជម្រើស ព្រះអង្គចន្ទ យកយួន ជា អាណាព្យាបាល ព្រោះ ទ្រង់ខ្លាចសៀម ចំណែក ព្រះអនុជ របស់ព្រះអង្គទាំងឡាយ ជ្រើសយកសៀម ប្រឆាំងនឹងទ្រង់ ក៏ព្រោះ តែខ្លាចសៀមដែរ ដូច្នេះ វាជា ការបំបែកកម្លាំងជាតិ ដើម្បី ការពារប្រយោជន៏អាត្មា ព្រោះតែខ្លាចបរទេស។ ការខ្លបខ្លាច បរទេស រហូតបាក់ស្បាត នោះឯង វាជា ជម្ងឺសតិ នៃស្តេចខ្មែរទាំងឡាយ ក្រោយពីសម័យលង្វែកមក ដែលនាំឈប់ឲមានការទុកចិត្តគ្នា នៅក្នុង ព្រះរាជវង្សានុវង្ស និង រវាង ស្តេច នឹងសេនាមន្ត្រី។ ហ្លួងសៀម ទ្រង់យកបុត្រាហ្លួងខ្មែរ មកអប់រំ ចិត្តគំនិត ឲមានអារម្មណ៏ជាសភាវគតិខ្លាចអំណាចសៀម។ ទ្រង់ទទួល ឲជ្រោកកោនជានិច្ចដល់ សេនាមន្ត្រីខ្មែរណា ដែលរត់មកសុំព្រះអង្គ ព្រោះខ្លួន មានការអាក់អន់ចិត្តនឹងស្តេចខ្មែរ ឬ ជម្លោះ រវាងមន្ត្រីនឹងមន្រ្តី។ ស្រុកសៀម ក្លាយជា ជំរុំ នៃ ជនខ្មែរបម្រុងទាំងឡាយ ទាំងស្តេច ទាំងរាស្រ្ត សំរាប់ស្តេចសៀម ប្រើមកប្រឆាំងខ្មែរនៅស្រុកខ្មែរ ដើម្បីប្រយោជន៏សៀម។

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens