ចុចខាងក្រោមដើម្បីអានអត្ថបទទាំងមូល
សង្ខេបអត្ថបទ
ព្រឹត្តិការណ៏រពើតរពើង មានកើតឡើង តាំងពីស្រុកខ្មែរ ទទួលបានឯករាជ្យ គឺ កើតឡើងពីការរក្សាបរិសុទ្ធ នូវមនោគមវិជ្ជានយោបាយខ្មែរ មានតាំងពីបុរាណកាលមក។ ឥទ្ធិពល ដែលពួកអ្នកដឹកនាំជាតិ និង អ្នកចេះដឹង បានទទួល ពីឥណ្ឌា ពីបារាំង ពីប្រទេសជិតខាង និង ពីប្រទេសដទៃទៀតក្តី គឺ ពួកនោះ យកមកប្រលេះយកតែគំនិតណា ដែលវាសម ទៅតាមតែ ចិត្តគំនិតផ្តាច់ការ របស់ខ្លួន : ចំពោះពួកអ្នកដឹកនាំ គឺ អញនិយម, រីឯ ពួកអ្នកចេះដឹង វិញ គឺ សេយ្យមានៈ ចំពោះមុខប្រជារាស្ត្រ។ ចិត្តគំនិតទាំងពីរនេះ បង្កជា អំពើផ្តាច់ការ ដែលហៅថា លទ្ធិផ្តាច់ការ នៃវណ្ណៈ។ រជ្ជសញ្ញា រវាង រាស្ត្រ និង ពួកទាំងពីរខាងលើនេះ គឺ វាមិនផ្ជាប់គ្នា, គឺថា ទុកជា ចន្លោះចំហ ដែល រាស្ត្រ គាត់មិនអាចឆ្លងកាត់ ដោយគ្មានទោសបាននោះឡើយ។ តែត្រូវដឹកថា ប្រជារាស្ត្រខ្មែរ គាត់ក៏មិនដែលមានសោះ នូវឆន្ទៈនឹងឆ្លងកាត់នោះដែរ ដែលនាំអោយលទ្ធិនេះ វារចនាបានជា មនោគមវិជ្ជាមាំមួនបំផុត នៅក្នុងសង្គមខ្មែរ។ តែគេអាចនឹកក្នុងចិត្តបានថា ចុះហេតុអ្វីបានជា ពួកខ្មែរក្រហម និង ពួកអ្នកដឹកនាំបច្ចប្បន្ន ដែលមាន កំណើតជា រាស្ត្រសុទ្ធសាធ អាចឡើងកាន់អំណាចបាន ? ពួកទាំងពីរនេះ មិនមែនឡើងកាន់អំណាចដោយខ្លួនឯងបាននោះឡើយ, ដូចយ៉ាង : ពួកខ្មែរក្រហម គឺ ចិនកុម្មុយនិស្ត និង អាមេរិកាំង ត្រូវគ្នា នាំគ្នាលើកពួកនេះ អោយឡើងកាន់អំណាច។ ចំណែក ពួកអ្នកដឹកនាំសព្វថ្ងៃ គឺ យួនកុម្មុយនិស្ត គេយកមកបន្ថើរលើអំណាច ដើម្បីបំរើប្រយោជន៏យួនតែប៉ុណ្ណោះ។ តែត្រូវដឹងថា នៅពេលពួកនេះមកកាន់អំណាច ទោះជា អំណាចសិប្បនិម្មិត ឬ បំរើបរទេសក្តី គឺ ពួកនោះយកចរិត ជាជនផ្តាច់ការ សំរាប់ត្រួតត្រាប្រជារាស្ត្រ ដែលជាប្រភព នៃកំណើត របស់ខ្លួន។ គេនឹកក្នុងចិត្តថា តើស្រុកខ្មែរ ឬ សង្គមខ្មែរ ជាប្រទេសមួយ ដែលមិនអាចនឹងធ្វើកំណែទំរង់បាន សោះអី ? របបសង្គមរាស្ត្រនិយម, សាធារណរដ្ឋខ្មែរ, កម្ពុជាប្រជាធិបតេយ្យ និង រាជានិយមរស់ឡើងវិញ សុទ្ធតែមានឧបនិស្ស័យ ធ្វើកំណែទំរង់ប្រជាជាតិខ្មែរ ឲល្អប្រសើរ តែពួកអ្នកដឹកនាំ ពួកគាត់ តាំងខ្លួនឯកជាអ្នកចេះដឹង នាំគ្នាពាក់ងារ ជាបណ្ឌិត បន្តយកមនោគមវិជ្ជាចាស់ មកលាបពណ៏ថ្មី ធ្វើជាពុម្ភ នៃកំណែទំរង់ ដើម្បី បំរើប្រយោជន៏ផ្ទាល់ខ្លួន។ ចំណែក អ្នកចេះដឹង គ្រាន់តែមានសញ្ញាប័ត្រ នាំគ្នារស់រស់ សូមសុខ ឬ បំរើពួកអ្នកដឹកនាំតែម្តង។ ជាការពិតហើយ បើហ៊ានបញ្ចេញមតិជំទោះ គឺត្រូវគេសម្លាប់ដូចលោក កែម ឡី ឬ ត្រូវជាប់គុក ដូចលោក កឹម សុខា តែខ្មែរគួរដឹងថា គ្មានការតស៊ូ បំរើប្រជាជាតិ ណាមួយ គ្មានវិរបុរសនោះឡើយ។
នៅក្នុងពិភពលោកប្ចុប្បន្ន មាន ទម្រង់លោក ៦យ៉ាង : លោកប្រាកដនិយម, លោកសេរីនិយម, លោកកុលសម្ព័ន្ធនិយម, លោកម៉ាក្សនិយម, លោកបច្ចេកទេសនិយម និង លោកសង្គ្រាមនិយម, សួរថា តើស្រុកខ្មែរសព្វថ្ងៃ ស្ថិតនៅក្នុងលោកមួយណា ? បើយោងតាម មនោគមវិជ្ជាជាតិអវិជ្ជមាន នៃអ្នកដឹកនាំសព្វថ្ងៃ, ស្រុកខ្មែរ គ្មានអត្ថិភាពផ្ទាល់របស់ខ្លួនឡើយ ព្រោះ ប្រជាជាតិខ្មែរ រស់ជាប្រជាជាតិខ្ញុំ ចិន-យួន និង នៅក្នុង អនិស្សរភាពទាំងស្រុង នៃលោកកូបនីយកម្ម គ្រប់វិស័យ : នយោបាយជាតិ និង អន្តរជាតិ, សេដ្ឋកិច្ច និង នយោបាយអន្តោប្រវេសន៏ របស់យៀកណាម។ ជាថ្មីម្តងទៀត ប្រជាជាតិខ្មែរ ខក នឹងឡើងជិះ រថភ្លើង នៃលទ្ធិប្រជាធិបតេយ្យ ដែល កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ឆ្នាំ ១៩៩១ បើកឱកាសអោយឡើងជិះ។ គេនឹកក្នុងចិត្តថា តើបញ្ញាខ្មែរ ដែលគេសន្មត់ថា ពួកអ្នកចេះដឹងខ្មែរ ជាអវតា វាគ្មានសោះតែម្តង ? ឬ បញ្ញា នៃអ្នកចេះដឹងខ្មែរ វានៅក្រោមជានិច្ច នៃបញ្ញា របស់សពសម្តេច សីហនុ ដែល ពួកអ្នកដឹកនាំ និង ពួកអ្នកប្រឆាំង តែងតែទុកជា មរតកបញ្ញាជាតិ ? បើជាការពិតមែន គួរអោយអាណិតប្រជាជាតិខ្មែរណាស់ !