អត្ថបទស្រង់: តុលាការដោះលែងបន្តៗ នៃអ្នកទោសមនសិការ អោយនៅក្រៅឃុំ នាបច្ចុប្បន្ននេះ វាជាការបង្ហាញអោយឃើញ កាន់តែច្បាស់ឡើងថា តុលាការនៅស្រុកខ្មែរ ជាតុលាការ ស្ថិតនៅក្រោមបញ្ជាលោក ហ៊ុន សែន។ នរៈនេះ ប្រហែលជាគាត់យល់ឃើញថា វិធានការបែបនេះ វាអាចដោះស្រាយជាសង្ខេប នូវអំពើអសីលធម៏របស់គាត់។ ពិតណាស់ហើយថា ជនរងគ្រោះទាំងនោះ គាត់ចេញមករស់នៅក្រៅឃុំពិត, វាជាការប្រសើរដល់អ្នករងគ្រោះទាំងនោះ តែពួកគាត់ ច្បាស់ជាគ្មានលទ្ធភាព រស់នៅជា ពលរដ្ឋពេញលេញ ព្រោះពួកគាត់ស្ថិតនៅក្នុងដង្កាប់តុលាការអាយ៉ងជានិច្ច។ ដូច្នោះ ការរស់នៅ របស់ពួកគាត់ ស្ថិតនៅក្នុងការបារម្ភ ជាអចិន្ទ្រៃយ៏ និង ភាពមិនទៀង សំរាប់អនាគត។ រស់នៅបែបនេះ ជាសភាពអាក្រក់បំផុត សំរាប់មនុស្ស។ នៅលើចំណុចនេះឯង ដែលគេអាចមើលឃើញច្បាស់ នូវកំពុត របស់លោក ហ៊ុន សែន ដែលគាត់ក៏ជា បីតា ស្វាមី ម្នាក់ តែគាត់គ្មានរញ់រា យកអ្នកដទៃ ដែលគេក៏ជា បីតា មាតា ស្វាមី ភរិយា ម្នាក់ដែរ មកធ្វើជាចំណាត់ខ្មាំង ដើម្បីបំរើ នូវតម្រេក នៃអំណាចរបស់ខ្លួន។ យើងឃើញថា វិធានការ របស់លោក ហ៊ុន សែន វាមានរូបភាពក្រៅជាករុណា តែរូបភាពក្នុង វាជាឃាតកម្មប្រឆាំងនឹង យុត្តិធម៏ និង មនុស្សធម៏ ពោលថា យកប្រព័ន្ធតុលាការ មកធ្វើជាឧបករណ៏ ប្រើសំរាប់រក្សាអំណាចផ្តាច់ការ និង ឃុំឃាំងមនុស្សវីតទោសធ្វើជាឱទាហរណ៏សំរាប់គំរាមដល់ពួកអ្នកប្រឆាំងខ្លួន។ដូច្នេះ ការដោះលែងនេះ វាជាចំណែកផ្សេងពី អំពើថោកទាបគ្រប់បែបយ៉ាង របស់លោក ហ៊ុន សែន ដែលវាពុំអាចកាត់កងសងគ្នាបាននោះឡើយ ដូចមាននៅក្នុងពុទ្ធបញ្ញាតិថា បើបថុជ្ជនណាម្នាក់ បានធ្វើបុណ្យច្រើន តទៅនឹងសោយសុខជាមុន បើបថុជ្ជននោះ បានធ្វើបាបច្រើន គាត់ទៅសោយទុក្ខជាមុនប៉ុណ្ណោះ ដ្បិត បុណ្យ និង បាប មានដោយចំណែកប្លែកពីគ្នា, មិនអាចកាត់កងសងគ្នាបាននោះឡើយ។ ពុទ្ធបញ្ញាតិនេះ ក៏ដូចគ្នានឹង ប្រព័ន្ធយុត្តិធម៏នោះដែរ : លោក ហ៊ុន សែន ត្រូវទទួលទណ្ឌកម្មគ្រប់ទម្រង់ជាមុន ពីបទបំពានច្បាប់គ្រប់បែបយ៉ាង។ លើសពីនេះទៅទៀត ការដោះលែងនេះសោតទៀត ក៏វាស្ថិតនៅក្នុងដែន ផ្គើនច្បាប់ របស់លោក ហ៊ុន សែន នោះដែរ ព្រោះសព្វថ្ងៃនេះ សំដីចេញពីមាត់គាត់ វាជាការវិនីច្ជ័យរបស់តុលាការ ហើយនឹង អវមាន (mépris) ដល់សាធារណៈជន ដែលគាត់ ទុកខ្មែរ ជាមនុស្សអគតិថា មិនអាចយល់ដឹងអំពី មារយាទអាក្រក់ជាក់ស្តែង របស់គាត់។ យុទ្ធសាស្ត្រនយោបាយ របស់លោក ហ៊ុន សែន ដែលវាគ្មានតម្លៃជាយុទ្ធសាស្ត្រអ្វីបន្តិចសោះ គឺទុកជា ការលួចប្លន់ និង ភូតកុហក សុទ្ធសាធ។