ចុចខាងក្រោមដកស្រង់អត្ថបទនេះ ដើម្បីអានអត្ថបទទាំងមូល ជាFichier PDF.
សហរដ្ឋអាមេរិក ធ្លាប់មានជ័យជំនះ នៅក្នុងសង្គ្រាមនៅប្រទេសកូរ៉េ គឺថា អាចរុញច្រាន កងទ័ពកូរ៉េខាងជើង វាយលុកចូលមកក្នុងទឹកដីកូរ៉េខាងត្បូង តែនៅពេលនោះដែរ ក៏គេអាចចាត់ទុកចិនប្រជាមានិត ជាអ្នកមានជ័យជំនះដែរ ព្រោះ អន្តរាគមន៏ផ្ទាល់ នៃកងទ័ពចិននៅកូរ៉េខាងជើង អាចខាឃាំងកងទ័ពអាមេរីកាំង មិនឲបន្តសង្គ្រាម រហូតកាន់កាប់កូរ៉េខាងជើងតែម្តង ព្រោះកងទ័ពអាមេរីកាំង អាចមានលទ្ធភាពនឹងអាច វាយយកកូរ៉េខាងជើងតែម្តង បើនៅពេលនោះ មានការអនុញ្ញាតពីលោក ប្រធានាធិបតីអាមេរីកាំង។ ដូច្នោះ ជ័យជំនះអាមេរីកាំង ទុកជាជ័យជំនះយោធា រីឯជ័យជំនះចិន អាចចាត់ទុកជាជ័យជំនះនយោបាយ។ តែនៅក្នុងករណីណាក៏ដោយ ជ័យជំនះទាំងពីរនេះ គឺត្រួតត្រាដោយនយោបាយ ព្រោះ នៅទីបញ្ចប់ មានការចរចា សំរាប់ស្វែងរកសន្តិភាពសម្របសម្រួល រវាង ចិន និង អាមេរីកាំង ហើយនិង រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង ដើម្បីបញ្ចប់សង្គ្រាមតាមសន្តិវិធី។ ជាការពិត សង្គ្រាមនៅយៀកណាម សហរដ្ឋអាមេរិក រើសយក យុទ្ធសាស្ត្រ និង ការទូត ប្រហាក់ប្រហែលនឹងសង្គ្រាមនៅកូរ៉េ គឺក្នុងនយោបាយ ទប់ទល់ ការរីកសាយ លទ្ធិកុម្មុយនិស្ត នៅដំបន់អាស៊ីទាំងមូល ដោយប្រើកម្លាំងយោធាច្រើនសម្បើម វាយតបកម្លាំងយៀកកុងនៅយៀកណាមខាងត្បូង និង ទម្លាក់គ្រាប់បែក នៅយៀកណាមខាងជើង ដែលជា អ្នកផ្តល់ជំនួយធនធានមនុស្ស ដល់ពួកយៀកកុង ដើម្បីបង្ខំយួនកុម្មុយនិស្ត និង សម្ពន្ធមិត្ត ជាពិសេសចិនប្រជាមានិត អោយចរចា បញ្ឈប់សង្គ្រាមតាមសន្តិវិធី។ បរាជ័យ នៃយួនកុម្មុយនិស្ត នៅឆ្នាំ ១៩៦៨ ក្នុង ការវាយប្រហារយោធា ដ៏ធំមួយនៅយៀកណាមខាងត្បូង[1] ក្នុងគោលដៅ ឲប្រជាជនយួនខាងត្បូង ងើបឡើង បះបោរជាទូទៅ ប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីរំលំ របបសាធារណរដ្ឋ យៀកណាមខាងត្បូង បង្ខំចិត្ត ពួកកុម្មុយនិស្តយួន អោយប្តូរយុទ្ធសាស្ត្រ ពីការវាយប្រហារតាមផ្លូវយោធា យកឈ្នះឆាប់រហ័ស មករក ការយកឈ្នះតាមដំណាក់ការ គឺ ប្រើកម្លាំងយោធាផង និង ការចរចាផង ដើម្បីធ្វើយ៉ាងណា អោយអាមេរីកាំង ដកកងទ័ពចេញពីយៀកណាមខាងត្បូងសិន បន្ទាប់មក ទើបវាយកងទ័ពយួនខាងត្បូងយកឈ្នះតែម្តង។ ដូច្នោះ កិច្ចព្រមព្រៀងសន្តិភាព ដែលពួកយួនកុម្មុយនិស្ត សុខចិត្ត ចុះហត្ថលេខា ជាមួយ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ នៅទីក្រុងប៉ារីស គឺប្រព្រឹត្តឡើងនៅក្នុងគោលគំនិតនោះឯង។ សួរថា តើ អាមេរីកាំង ចាញ់បោកយួន ? ចម្លើយ គឺអាមេរីកាំង មិនចាញ់បោកយួនកុម្មុយនិស្តនោះទេ តែគោលចំណង់អាមេរីកាំង គឺបោះបង់ចោល ឥណ្ឌូចិន តែម្តង មិនមែនគ្រាន់តែបោះបង់ របបសេរី នៅ ស្រុក យួន ខ្មែរ និង លាវ ប៉ុណ្ណោះទេ គឺ បោះបង់ ប្រជាជន ភាគច្រើន នៃប្រទេសទាំងបី ដែលមាន ជំនឿដោយគ្មានមន្ទិល លើកម្លាំងអាមេរីកាំង ថានឹងអាចទប់ទល់ កម្លាំងកុម្មុយនិស្តបាន ដើម្បី សេរីភាព និង លទ្ធិប្រជាធិបតេយ្យ។ សភាអាមេរីកាំង បោះបង់ប្រជាពលរដ្ឋឥណ្ឌូចិន លើវេទី នៃសេចក្តីសុខអាមេរីកាំង (tranquillité américaine) គឺការដោះដូរជាមួយយួនកុម្មុយនិស្ត នៃអ្នកទោសយោធាអាមេរីកាំង ដែល ជាប់ឃុំឃាំង នៅក្នុងជំរុំគុក របស់ពួកកុម្មុយនិស្ត។ នៅស្រុកខ្មែរ ចាប់ពីថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៣ សភាអាមេរីកាំង ហាមដាច់ខាត មិនអោយកងទ័ពអាកាសអាមេរីកាំង មានសកម្មភាពនៅស្រុកខ្មែរ មិនថែមតែប៉ុណ្ណោះ សភាអាមេរីកាំង ប្រកាសកាត់ជំនួយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដល់ សាធារណរដ្ឋខ្មែរ និង សាធារណរដ្ឋយៀកណាមខាងត្បូង ថែមទៀត។ ចាប់ពីឆ្នាំ ១៩៧៣មក ទឹកដីឥណ្ទូចិន បានក្លាយជាវាលប្រមាញ់ នៃបក្សកុម្មុយនិស្តយួន តាមសេរី៕
[1] នៅថ្ងៃទី៣០ មករា ឆ្នាំ ១៩៦៨ មួយថ្ងៃមុនបុណ្យព្រះខែ (Têt) កងទ័ពយួនកុម្មុយនិស្ត ចំនួន ៨ ម៉ឺននាក់ បើកការវាយប្រហារ ទៅលើទីក្រុងប្រមាណជាង១០០។ ការវាយលុកនេះ ធ្វើអោយមានការភ្ញាក់ដោយមិនដឹងខ្លួន នៃកងទ័ពអាមេរីកាំង និង យួនខាងត្បូងពិត តែ កងទ័ពទាំងពីរវាយទប់យ៉ាងស្វិតស្វាញបាន នាំអោយកងទ័ពយួនកុម្មុយនិស្ត ទទួល នូវការខូចខាត និង បាត់បង់ជីវិតច្រើនក្រៃលែង។ ម្យ៉ាងមួយទៀត ការនឹកស្មានថានឹងមានការបះបោរជាទូទៅ នៃប្រជាជន ក៏គ្មានមានកើតឡើងនោះដែរ។ យុទ្ធសាស្ត្រវាយប្រហារ សំរាប់ ជ័យជំនះរហ័ស នេះ គឺលោក Le Duan ជាអ្នកផ្តើមគំនិត ដែលនាំអោយគាត់ទទួល នូវការរិះគន់យ៉ាងខ្លាំង។ តែបន្ទាប់ពីការវាយប្រហារនោះមក មតិ នៃប្រជាពលរដ្ឋអាមេរីកាំង ប្រឆាំងនឹង សង្គ្រាមនៅយៀកណាម ក៏កាន់តែមាន ចំនួនកើនច្រើនឡើងដែរ។ បញ្ជាការជាន់ខ្ពស់ នៃកងទ័ព ក៏ទទួល នូវការរិះគន់ខ្លាំង ពីសំណាក់សាធារណៈជន។