Overblog
Editer l'article Suivre ce blog Administration + Créer mon blog
21 octobre 2018 7 21 /10 /octobre /2018 15:47

បទអក្សរលូន

 

ទោះបីឆ្នាំដើរគ្មានសំរាក

លើដ្ឋានផ្ការីកល្អប៉ប្រៃ

ប្រុសនៅចាំច្បាស់ចិត្តស្រីថ្លៃ

ក្រងជានិស្ស័យស្នេហ៏ដំបូង។

 

ចិត្តប្រុសភក្តីស្រីចំរើន

ផ្កាច្រើនក្នុងសួនមានតែមួយ

អមដោយទងស្លឹកនៅជាត្រួយ

ចិត្តគ្មានភ័យព្រួយលួចស្នេហ៏អូន។

 

នាងចាំបានទេបងនៅក្បែរ

អូនបែរភក្ត្រស្ងួនញញឹមដាក់

បងស្រូបសម្រស់គ្មានរអាក់

ចំរើនហុចហត្ថឲអង្គញ់។

 

បងបោះជាល្បែងបុរាណខ្មែរ

តែថែរស្នាមករ[1]សុរភី[2]

ទុកក្នុងអត្តៈជាភក្តី

ចំរើនសេរីដឹងទាំងអស់។

 

អូនចាំបានទេថាបងហ៊ាន

អញ្ជើញបំពានច្បាប់ស្ត្រី

នាំគ្នាទៅមើលកុនល្បាញល្បី

តែនាងមិនស្តីបណ្តេចចេញ។

 

បងចាំទាំងអស់ចរិតស្រី

ជៀស្នជ័យ[3]ប្រៀបស្មើនឹងរូបឆោម

ដំណើរអូនស្រាលដូចរាំល្ខោន

ចំរើនមានលោមណ៏[4]ផ្គួបនិងចិត្ត។

 

បង្កើតស្នេហាភ្លេចមិនបាន

ក្នុងដ្ឋានកំណើតនៃមនុស្សា

មានច្បាប់វាសនាដែលត្រូវប្តូរ

នរូ[5]ព្រាត់គ្នាមិនបានលា។

 

ព្រោះជាផលកម្មជាធម្មជាតិ

មិនអាចប្រជ្រៀតការជំទាស់

វិយោគ[6]វិរាព[7]ហាមរលាស់

មិនអាចនឹងវាស់ទំហំទុក្ខ។

 

យុពា[8]ជាធាតុបងនិងអូន

បុត្តា[9]ជាកូនមានត្រកូល

ជួបគ្នាក្នុងគ្រាវេនយប់ចូល

ខ្លីណាស់ពៅអូនបងត្រូវបែក។

 

មិនហ៊ាននឹងស្រែកលាចរណៃ

ស្រីថ្លៃក្រពុំលែងយល់ដឹង

នូវហេតុផលអ្វីខ្លាំងដល់ម្លឹង

បាត់សូន្យដំណឹងគ្មានរំឭក។

 

ទាវអឺយបងដើរលើផ្លូវស្នេហ៏

ផ្លូវមានបែកខ្សែគូសង្សារ

ស្រឡាញ់ស្មើគ្នាលើពសុធា

ជាកម្មវេរាជាបុរស។

 

ស្រឡាញ់គេស្មោះជាគូកាយ

ស្នេហ៏អូនទូលាយជាគូចិត្ត

មានច្បាប់ពង្រាង[10]បច្ចាមិត្ត

ប្រើចិត្តសាវាស្ទូចអកុសល។

 

សីតកាល[11]យូរឆ្នាំកន្លងទៅ

ចិត្តនៅនឹកដល់បំណះស្នេហ៏[12]

សុំជូនពរស្រីឲជួបតែ

ជីវិតលែងប្រែក្នុងមង្គល។

 

គ្មានអំពល់ទុក្ខមានពំនឹង

រំដឹងស្នេហាក្នុងវាសនា

តាមផ្លូវល្អក្នុងវដ្តសង្សារ

ដែលជាចិត្តាដូចបំណង។

 

 

[1] ដៃ។

[2] ដែលមានក្លិនក្រអូប។

[3] ចម្រើនបំផុត។

[4] សោភ័នភាព។

[5] មនុស្ស។

[6] ការបែកគ្នា។

[7] សម្រែក។

[8] យុវតីនិងយុវជនទាំងឡាយ។

[9] កូនប្រុសនិងស្រី។

[10] ហាមមិនអោយបន្តប្រព្រឹត្តិកំហុស។

[11] រដូវរងា។

[12] ស្នេហ៏ដែលប៉ះគ្នា។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens