ចុចខាងក្រោមអត្ថបទ ដើម្បីអានអត្ថបទជា Fichier PDF
មនុស្ស
នៅក្នុង បញ្ហា ការពិបាកគ្រប់បែបយ៉ាង មនុស្ស ត្រូវចាំបាច់ រស់ជាមនុស្ស។ សារជាតិ របស់មនុស្សគឺ មេត្តា ចេះជួយសង្គ្រោះ រអែងចំពោះអ្នកផង នៅក្នុងស្មារតី មនុស្សធម៏ គឺ សេចក្តីល្អ មេត្តាចិត្ត។ ស្មារតីនេះ មាននៅក្នុងបញ្ញាសជាតិកៈ នៃមនុស្ស ព្រោះមនុស្ស ជាសត្វរស់នៅក្នុងការវិវត្តន៏ នៃពន្លឺបញ្ញា បង្ក ជា គតិបណ្ឌិតថាមវន្ត ហើយ វិវត្ត ពីសម័យមួយ ទៅសម័យមួយថ្មី នៅក្នុងចរន្ត នៃសីលធម៏ ដែលមាន ជំនឿទុកចិត្តទៅលើ កម្លាំង នៃការពិចារណា។ ដូច្នេះ អ្វីដែលមនុស្ស ត្រូវគោរព គឺជា ការប្រព្រឹត្ត នៅក្នុង « ការយល់ដឹង » គឺជា ប្រតិព័ន្ធ ទៅលើ ការពិចារណា។ ដូច្នោះ មហិទ្ធានុភាព នៃមនុស្ស មិនមែនស្ថិតនៅលើកម្លាំងពលំ ឬ អំណាចគ្រប់បែបយ៉ាង តែនៅក្នុង « ភាវៈសមហេតុសមផល » ដែលជា ភាពត្រឹមត្រូវ នៃការពិចារណា (exactitude de la raison)។
ឧត្តមសេចក្តីស្នេហា (grand amour) របស់មនុស្ស គឺកើតចេញមកពី ការចេះដឹងខ្ពង់ខ្ពស់ ដែលព្រះសម្ពុទ្ធ អនុសាស អោយមនុស្ស ព្យាយាមស្វែងរង ដើម្បី យល់ដឹងអំពីសេចក្តីស្នេហា របស់ខ្លួន ទៅលើអ្វីមួយ។ ព្យាយាមស្វែងរក របស់មនុស្ស គឺមិនមែនចង់អោយខ្លួនក្លាយជា ជនប្រសើរជាងគេ តែជា មនុស្សថ្លៃថ្លា ឬ អតិសុខាមាលភាពជន (mieux-être) នៅក្នុងសីលធម៏ ព្រោះ ធាតុ នៃជន ដែលតាំងខ្លួនប្រសើរជាងគេ ជាផ្លូវ នៃបាបចិត្ត (tentation) រីឯ ធាតុ នៃមនុស្សថ្លៃថ្លា ជាការប៉ុនប៉ង ឬ ល្បង (tentative) ដើរលើផ្លូវបន្ត ទៅរកសេចក្តីល្អ និង មេត្តាចិត្ត។ ផ្លូវទីមួយ ជាផ្លូវខ្លី ផ្លូវទីពីរ ជាផ្លូវវែង ដែល ព្រះដ៏មានព្រះភាគ ទូន្មាន អោយមនុស្សដើរ។
បញ្ហា របស់មនុស្ស វាគ្មានមានដំណោះស្រាយ តែមានតែការរលាយ ព្រោះ បញ្ហា ដែលមានកើតឡើង វាជាបញ្ហា ដែលត្រូវតែរំលាយចោល ព្រោះ បញ្ហា វាគ្មានទីជម្រៅ របស់វានោះទេ តែវាជា មូលដ្ឋានគ្រឹះ។ ដូច្នេះឯងហើយ បានជា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គ ពន្យល់ជាក្បួន ឲមនុស្ស ស្វែងរកអោយឃើញដោយខ្លួនឯង នូវប្រភព នៃទុក្ខជាគ្រឹះ របស់មនុស្ស ដែលមនុស្ស ត្រូវតែ ព្យាយាម រំលាយវាចោល ទើបរកឃើញ នូវសន្តិវាទ ក្នុងចិត្តបាន។