ទំនួញនាងទាវ
១៤ តុលា ២០១៨
បទពាក្យ៧
ទាវតន់ឃើញសពទុំស្នេហា
ស្រវាកាយាផ្អោបនឹងទ្រូង
អាសូរប្តីស្លាប់ប្រាណស្តឹងស្តូក
ព្រោះតែចាញ់ភូតម៉ែជរា
ទាវយំយែកប្តឹងអស់ទេវតា
និងអ្នកតារស់លើព្រឹក្សា
ធ្វើជាសាក្សីក្នុងទុរា
ជាស្រីជីវាព្រាត់ស្វាមី។
ប្រណម្យជុលី[1]ដាក់លើក្បាល
កាយក្រាបលើសពថ្លៃជាប្តី
ពេញក្របខណ្ឌក្នុងច្បាប់ឥន្ទ្រិយ[2]
ដែលជារស្មីច្បាប់ព្រះខាន់
ឥឡូវដេកស្លាប់ចោលជីវា
លែងមានវាចាឆ្លើយប្រចាន់
ប្រកាន់ភរិយាព្រោះស្រឡាញ់
ប្រមាញ់ស្នេហ៏អូនគ្មានគុំគួន។
បងអឺយហេតុអ្វីខឹងដល់ម្លឹង
មិនថ្លឹងច្បាប់ស្តេចទុកជាក្បួន
ប្រឆាំងអ្នកម៉ែនិងអជូន
បង្វិលជំនូនបិទស៊ីការ
ឥឡូវបងស្លាប់ព្រោះស្រឡាញ់
ដ្បិតក្នាញ់នឹងអូនចូលរោងការ
ចិត្តក្បត់នឹងប្រុសជាសង្សារ
សន្យាថារស់ស្លាប់ជាគូ។
សំណព្វចិត្តគ្រប់ករណី
សព្វគ្រប់វិន័យជាគំរូ
ជីវិតរួមគ្នាគ្មានទំនោរ
បែកគូកម្មគ្មានការបូជា
ឥឡូវត្រូវស្លាប់តាមប្រុសថ្លៃ
ព្រោះជាតម្លៃភរិយា
ដែលអូនទុកជាការបូជា
ដូចជាជំនា[3]នៃភក្តី។