ចុចខាងក្រោមដើម្បីអានអត្ថបទជា Fichier PDF
វត្តមាន ហ៊ុន សែន នៅអង្គការសហប្រជាជាតិ តើគាត់បានចំណេញអ្វី និង ខាតអ្វី ?
មានមតិ ជនខ្មែរខ្លះ យល់ឃើញថា ហ៊ុន សែន បានចំណេញច្រឿន នៅលើផ្ទៃនយោបាយក្នុងស្រុក ព្រោះគាត់អាចបង្ហាញដល់ប្រជាពលរដ្ឋខ្មែរថា របបគាត់ត្រូវបាន អ.ស.ប. ទទួលស្គាល់ ហើយ ការទទួលស្គាល់អន្តរជាតិនេះឯង អាចឲគាត់ពោលអះអាង ចំពោះប្រជាពលរដ្ឋខ្មែរថា គាត់ ជានាយករដ្ឋមន្រ្តីស្របច្បាប់។ ការយល់ឃើញនេះ ជាប្រក្យត្រភាព ឈរលើតក្កសាស្ត្រ (logique) នៃរូបភាព ដែលគ្មាននរណាអាចប្រកែកបាន។ រូបភាពពិតនេះ ហ៊ុន សែន យកវាមកប្រើ មិនមែនសំរាប់ធ្វើអោយស្ងប់នៅក្នុងសង្គម តែសំរាប់បង្កើន នូវសេចក្តីខ្លាច ព្រោះធាតុ អំណាច នៃរបបគាត់ជា របបអត្តាវសិក។ នៅក្នុងរបបបែបនេះ ប្រជាពលរដ្ឋ គ្មានមានអ្វីសំរាប់ការពារសិទ្ធិ របស់ខ្លួននោះឡើយ ព្រោះអាជ្ញាធរ ស្ថិតនៅក្នុងសភាពប្រាជ្ញាអាប់ នៃអំណាចផ្តាច់ការ នាំអោយជនទាំងឡាយ គ្មានច្បាប់ការពារ រស់នៅ ក្នុងសេចក្តីខ្លាច នៃអំណាច ព្រោះ របបអត្តាវសិក តម្រូវអោយប្រជាពលរដ្ឋ គោរពហួសប្រមាណ នូវអំណាចរបស់ខ្លួន។ នៅក្នុងឆន្ទៈនេះ អ្នកផ្តាច់ការ ទុកប្រជាពលរដ្ឋ ជាសត្វលោក (créature) ទន់ខ្សោយ ដែលត្រូវតែគោរពដាច់ខាតអ្នកដឹកនាំ ដែលជាសត្វលោកខ្លាំងដោយអំណាច។ នៅក្នុងគំនិតនេះឯង ដែល ហ៊ុន សែន ថ្លែងថា អ្នកខ្សោយ ត្រូវតែចាញ់ រីឯអ្នកខ្លាំងត្រូវតែឈ្នះ។ គំនិតបែបនេះ គឺឈរលើ ការបែងភាគមនុស្ស ជាសត្វ មានតែ សភាវគតិ ស្តាប់បង្គាប់ ទណ្ឌកិច្ច។ នៅក្នុងស្មារតីបែបហ្នឹង ហើយវាត្រឹមតែប៉ុណ្ណឹង ពោលថា ហ៊ុន សែន ទទួលបានចំណេញ ក្នុងឋានៈជាសត្វតិរច្ជាន។
តែជនខ្មែរខ្លះទៀត យល់ឃើញថា វត្តមាន ហ៊ុន សែន វានាំអោយគាត់ខាតច្រើនក្រៃនោះដែរនៅលើផ្ទៃ នៃតម្លៃមនុស្ស របស់គាត់ផ្ទាល់។ ដូចយ៉ាង ន័យ នៃសេចក្តីថ្លែងការណ៏ របស់គាត់ បង្ហាញអោយឃើញថា គាត់គ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ ដោយប្រើការភូតកុហក សំរាប់ការពារ អំពើប្លន់អំណាចរបស់គាត់ ព្រោះគាត់គ្មានអ្វីក្រៅពីយកគំនិតថោកទាបនេះ មកប្រើតែប៉ុណ្ណោះ ដ្បិតគាត់រស់នៅក្នុងអកុសល ជាចីរកាល ហើយ អកុសល វាពុំអាចលើកតម្លៃមនុស្សបាននោះទេ។
ដូច្នេះ ការចំណេញ និង ខាត របស់ ហ៊ុន សែន វាជាដំបៅចេញរងី របស់គាត់ ដែលគេមើលឃើញ និង ធុំក្លិន ពីចម្ងាយ។ វេទិកានៃ អ.ស.ប. វាពុំអាច ជាទីកន្លែង សំរាប់គាត់មកលាងដំបៅស្អុយ របស់គាត់បាននោះឡើយ។ គ្រប់ករណី ហ៊ុន សែន និង បន របស់គាត់ ជាលជ្ជាភាព នៃប្រជាជាតិខ្មែរ។