Overblog
Editer l'article Suivre ce blog Administration + Créer mon blog
5 décembre 2018 3 05 /12 /décembre /2018 06:29

បទព្រហ្មគីតិ

ផ្កាក្នុងសួន

 

ព្រលឹមព្យោម[1]ត្រជាក់   ទឹកភ្លៀងធ្លាក់អង្អែលកាយ

ចិត្តប្រុសសែនសប្បាយ   ក្លិនផ្កាភាយនៅក្នុងសួន

 

ម្លិះលាក្រអូបដាច់   ពណ៍សល្អាច់[2]ដូចម្លិះរួត

កុលាបក្រហមមួន[3]   ស្រទាប់ធ្លួង[4]បង្ហាញឆោម

 

រំយោលរំដួលឆើត   ល្ងាចបង្កើតសារគន្ធទិព្វ

នាសា[5]ប៉ះទង្គិច   ស្នេហាទិចដួងជីវា

 

ចំប៉ីចំប៉ារីក   ក្នុងសួនរឹតតែប្រាថ្នា

គយគន់មើលបុស្បា[6] គ្រប់ពណ៏ផ្កាពេញក្រមុំ

 

ផ្កាកែវសែត[7]ស្អាតសម   ជាសម្រស់ក្នុងកញ្ចុំ

គន្ធាប្រមូលផ្តុំ   មិនចាញ់មុំឈ្មោះក្រវាន់

 

លឿងខ្ចីត្រជាក់នេត្រ ចិត្តនឹកនែបផ្កាផ្ងរលាន់

ក្បែរផ្កាកំពុងលាស់   ចេញសម្រស់គឺយីហ៊ុប

 

ផ្កាដុះជិតរំយោល   ក្រហមយោលប្រមផ្កាម្រុម

ផ្កាមេអំបៅរុង[8]   អង្គរជុំលំអសួន

           

ច្បារមានស្រះទឹកថ្លា   ផលិតផ្កាព្រលឹតនួន[9]

ផ្កាលំចង់ដុះរួម   គ្មាននឹកព្រួយក្នុងវារី

 

នេះពិតជាសួនសេដ្ឋ[10]   ជាឋានទេពនៃជីវី

ផ្កាមាលតីតាំងទី   ក្បែរដែនដីកណ្តឹងឈូក

 

ល្អឆើតផ្កាកំភ្លឹង  លួចសម្លឹងខ្យងទន់ឃ្លួប[11]

និរតីផ្កាលាក់ខ្លួន   តែមិនពួននឹងវិភា

 

កំពីងពួយ[12]តាំងយូ   ពូជតែមួយលើពសុធា

ដុះមិនឆ្ងាយក្នុងធ្លា   មានគ្នាជាផ្កាស្រលិត

 

ផ្កាប្រាក[13]អង្គាដី   ពន្លកខ្ចីនៅតូចល្អិត

ក្រោមភ្លៀងទឹកអម្រឹត   ស្រោចដកខឹមផ្កាក្រពុំ

 

រាក់ក្រហមជ្រែកផ្តុំ   ថ្កូវនៅជុំផ្ការាំងភ្នំ

ក្នុងទីផ្សាំជំរុំ   ផ្កាក្រមុំបន្សាំពូជ

 

បាយដំណើបផ្កាល្អ   ផ្កាកម្រមានក្នុងសួន

កេសរកូល[14]ជួបជួន   ឆដាស្ងួនជានិមិត្ត

 

សួនឧមា[15]ជាឋាន   ភពទេព្តាសួស្តីញាតិ

គ្រប់មិត្តជាមនុស្សជាតិ   មកស្រូបធាតុគន្ធក្រអូប

 

មកកំសាន្តចិន្តា   ជាកីឡាសំរាប់រូប

ចាប់កម្លាំងមករួប   ដើម្បីរស់ក្នុងមង្គល  

      

 

[1] ព្យោម, ខ្យល់។

[2] ល្អាច់, សង្ហា។

[3] មួន, មាំ, ធំ។

[4] ធ្លួង, ចំហធំ។

[5] នាសា, ច្រមុះ។

[6] បុស្បា, ផ្កាគ្រប់យ៉ាង។

[7] សែត, ពណ៏ស។

[8] រុង, ដែលចម្រើន។

[9] នួន, ផូរផង់។

[10] សេដ្ឋ, ប្រសើរល៉ើសលន់។

[11] ខ្យងទន់ឃ្លួប, limace

[12] ផ្កកំពីងពួយ ឬ តាំងយូ។

[13] ប្រាកពណ៍ក្រហមឆ្អិន។

[14] កេសរកូល ឬ ផ្កាអ័រគីដេ។

[15] សួនឧមា, សួនសន្តិភាព។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens