រាជានិយមខ្មែរ ទោះបីពួកអ្នកប្រឆាំង ចង់ឬមិនចង់ ជារបបមួយបានកសាង មហិទ្ធានុភាព នៃស្រុកខ្មែរ។ ឧទ្ធង្គត គឺសម័យមហានគរ : ៥ សតវត្ស (សតវត្សទី៨ ដល់ ទី១៣) ក្នុងការវិវត្តន៍រហ័ស ពីឋានៈនគរចម្រុះ នៃពួកកុលសម្ព័ន្ធ រហូតដល់នគររៀបចំ មានឯកភាពជាតិ ផ្អែកលើព្រហ្មញ្ញសាសានា ជាវិធី នៃគំនិត នៃការដឹកនាំជាតិ។ ដើមសតវត្សទី៣ ព្រះបាទ ហ៊ុន ទៀន នាំព្រហ្មញ្ញសាសនា ចូលមកស្រុកខ្មែរ ហើយ ព្រះអង្គ ធ្វើបរិវត្តសង្គមចាស់ ឱ្យទៅជាសង្គមអារ្យៈ ដោយរក្សាឫសមូលដ្ឋានណា ដែលទុកជាដើមកំណើត នៃសង្គមខ្មែរ។ ដើមសតវត្សទី៩ ព្រះបាទ ជ័យវរ្មនទី២ (៨០២-៨៥០) បន្ទាប់ពីបានធ្វើសង្គ្រាមជេស្ឋជ័យ បង្រួបបង្រួមជាតិរួចមក ព្រះអង្គ រៀបចំរដ្ឋឱ្យមានបទដ្ឋាន នៃរដ្ឋបាលតែមួយ ដើម្បី សំរួល នូវការគ្រប់គ្រង នៃកិច្ចការរាជការ, ឯកសណ្ឋានភាព នៃជំនឿសាសនា ដោយយកលទ្ធិទេវរាជ ជាកម្លាំងចូលរកមជ្ឈមណ្ឌល ដើម្បី រាស្ត្រគ្រប់មជ្ឈដ្ឋាន និង គ្រប់ស្រទាប់ ទោះបីខ្លួន មានជំនឿបែបណាក៏ដោយ ឱ្យមកនៅក្រោមបារមី ព្រះមហាក្សត្រ មានឋានៈជា ចក្រវាតីន (ស្តេចចក្រវាល)។ រាជបដិវត្តន៏ ទាំងពីរយ៉ាងនេះ គឺនៅក្នុងគោលដៅតែមួយ គឺធ្វើឱ្យមាន សមតាភាព នៅក្នុងសង្គម និង សន្តិភាព នៅក្នុងរាជនគរ។