នៅស្រុកខ្មែរ ការវិវត្តន៏ នៃហិណ្ឌូ រៀបរាប់ខាងលើនេះ វាបង្ហាញ នូវលក្ខណៈថាវរភាព នៃមូលដ្ឋានហិណ្ឌូ តែរាជានិយមខ្មែរ គេយកមកកែសម្រួលខ្លះ ក្នុងការប្រតិបត្តិ ឱ្យ ស្របទៅនឹងបរិបទខ្មែរ, តួយ៉ាង ទុកវណ្ណៈក្សត្រិយៈ ជាអំណាចមជ្ឈឹម និង ដាច់មុខ។ អត្ថិភាព នៃវណ្ណៈហិណ្ឌូផ្សេងៗទៀត ជាអត្ថិភាពបន្ទាប់បន្សំ លើកលែងតែ ពួកព្រាហ្មណ៏បុរោហិត ដែលមានឥទ្ធិពល នៅក្នុងព្រះបរមរាជវាំង។ សង្គមខ្មែរ ជាសង្គម មានជាតិសាសន៏សភាគ ដូច្នេះ ការបំបែកប្រជារាស្ត្រ ជាវណ្ណៈ ជាផលវិបាក សំរាប់ការគ្រប់គ្រង ព្រោះ វានាំបង្កើត ភាពតានតឹងនៅក្នុងសង្គម។ ដូច្នេះ តាំងពីដើមដំបូងមក តួយ៉ាង ព្រះបាទ ហ៊ុន ទៀន ក្តី ព្រះបាទជ័យវរ្មនទី២ ក្តី និង ព្រះបាទជ័យវរ្មនទី៧ ក្តី ព្រះអង្គទាំងឡាយ តែងតែយក គោលការណ៏មូលដ្ឋានហិណ្ឌូ មកអនុវត្ត គឺ នានាភាព និង ការសម្របសម្រួល គំនិតនយោបាយហិណ្ឌូ ជាមួយនឹងវប្បធម៏អាយ ដែលជាគន្លឹះ ជោគជ័យ នៃការកើត អារ្យធម៏អង្គរ ដែលជាអារ្យធម៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ភាពបំព្រួញ គោលការណ៏ទាំងពីរនេះឯង (schématisme binaire) នេះ អាចទុកជាស្នាដៃល្អ របស់ស្តេចខ្មែរភាគច្រើន នៅសម័យមហានគរ ដែលតែងតែស្វែងរក នូវការចូលរួម នៃប្រជារាស្ត្រ ក្នុងនយោបាយជាតិ ដែលនាំឱ្យប្រជាជាតិខ្មែរ ស្គាល់ នូវភាពរុងរឿងពិសេស ហើយទុកស្នាម ឆព្វណ្ណរង្សី នេះ រហូតមកដល់បច្ចុប្បន្នកាល។ តែសព្វថ្ងៃ កិត្តិគុណ នេះ វាគ្រាន់តែជា អតីតកាល នៃការស្រមើស្រមៃ តែប៉ុណ្ណោះ សំរាប់ប្រជាពលរដ្ឋខ្មែរ។ សួរថា តើអ្នកណា ដែលមានកំហុស ?