ការសរសេរ គឺដូចជាអ្នកធ្វើនាវាចរណ៏ តែម្នាក់ឯង។ មានថ្ងៃខ្លះ គ្មានខ្យល់ទាល់តែសោះ ដែលតម្រូវយកច្រវាទូក ចែវគាស់ទឹកឱ្យទូកក្តោងលឿនទៅមុខ ដូចគ្នា យកដងប៉ាកកា គាស់ក្រដាស ឬ ម្រាមដៃ ខ្វារក្តារចុចកុំព្យូទ័រ ដើម្បីបំផុះចេញ នូវគំនិត ដែលចង់សរសេរ។ មានថ្ងៃខ្លះ មានជំនោរ បក់តិចៗ បំផុះចេញ នូវគំនិតដង្ហែគ្នា ក្រងជាប្រយោគ បង្កើតជាចង្កោម នៃអត្ថចិន្តាច្បាស់លាស់ និង ត្រឹមត្រូវគួរទុកចិត្ត។ មានថ្ងៃខ្លះ មានព្យុះសង្ឃរា ផ្តួល នូវគោលគំនិតដើម នាំធ្លាក់ទៅក្នុងកំហឹងច្រឡោត នៃការតស៊ូអារម្មណ៏នាំដុតសតិ អោយកលហ ពិរោធ ហួសពីការនឹកស្មាន ប្រៀបដូចជាកំពុងក្រចៅចិត្ត ជាងកំពុងសរសេរ។ ហើយបន្ទាប់មក មានរជនី មានព្រះចន្ទពេញបូណ៍មី ហើយនៅពេលនោះ ប្រាជ្ញាផុស ធ្វើឱ្យរីករាយគំនិត ដូចខ្យល់រាត្រីស្ទាបលៀវ ឱ្យរសើប គឺជាពេលវេលានៅក្នុងការស្រវឹង នៃព្រលឹង ដែលឆក់សតិអ្នកសរសេរ ឱ្យមានជំនឿមួយរយៈថា ពាក្យមួយដែលកំពុងសរសេរ វានឹងអាចប្តូរពិភពលោកបាន។