តើ ជនខ្មែរ ជាអ្នកប្រកាន់ពូជសាសន៏ ឬទេ ? នៅក្នុងប្រវត្តិសាស្ត្រ នៃប្រជាជាតិខ្មែរ វាគ្មានឃើញស្នាម នៃជម្លោះ រវាងជាតិសាសន៏នោះឡើយ ; ម្យ៉ាងមួយទៀត សង្គមខ្មែរ មានជាតិសាសន៏សភាគ នៅក្នុងអំបូរ ខ្មែរ-មន។ រដ្ឋខ្មែរ-កកើតឡើង ជារដ្ឋមានការរៀបចំ តាមគំរូ ហិណ្ឌូ មានអាគតដ្ឋានពីឥណ្ឌា ប៉ុន្តែឥទ្ធិពល នៃព្រហ្មញ្ញសាសនា ពាក់ព័ន្ធនឹងវណ្ណៈសង្គម វាមានអានុភាពកំរិតទាប នៅក្នុងមជ្ឈដ្ឋាន នៃប្រជារាស្ត្រខ្មែរ ព្រោះជីវភាពរស់នៅរាល់ថ្ងៃ នៃរាស្ត្រខ្មែរ វាមានលក្ខណៈ ជាគ្រួសារ នៅក្នុងគំនិត ជាញាតិសន្តាន។ ភូមិខ្មែរ ជាភូមិគ្រួសារ តាមគំនិត ដូច្នេះ សាមគ្គីភាព និង សមភាព វាជាមូលដ្ឋាន នៃការប្រាស័យទាក់ទង រវាងជនខ្មែរទាំងឡាយ ដែលជារបងការពារជាធម្មជាតិ នៃការហូរចូលមកក្នុងសង្គមខ្មែរ នូវទ្រឹស្តី នៃការបែងចែកសង្គមមនុស្ស ជាវណ្ណៈ។ គោលគំនិតនេះ វាផ្ទុយស្រឡះពី ការយល់ឃើញមួយចំនួន នៃគោលគំនិត នៃការប្រកាន់ពូជសាសន៏ តួយ៉ាងដូចគំនិត របស់លោក Vacher : ទុកទីកន្លែងរស់នៅ នៃមនុស្ស សំរាប់តែ អ្នកខ្លាំង ជា អ្នកថ្លៃថ្លា ដែលជាគំនិត មានអាគតដ្ឋានពី ដាវិននិយមនៃសង្គម ដែលមានមូលហេតុ ចេញពី ច្បាប់ នៃការរើសសម្រាំង ជាធម្មជាតិ ដែលសត្វលោក ត្រូវតែទទួលរង។ ផ្ទុយទៅវិញ នៅក្នុងចិត្តគំនិតខ្មែរ តែងតែទុកអ្នកថ្លៃថ្លា ជាអ្នកបានប្រកាក់ប្រកបដោយផលល្អប្រសើរ ពីការធ្វើប្រធានានុយោគ នូវអំពើល្អត្រួតគ្នា ក្នុងសុច្ជន្ទៈ របស់គេ នៅក្នុងអតីតនានាជាតិជាច្រើនកំណើត។ ដូច្នេះ ចិត្តគំនិតខ្មែរ ទុក វិសិដ្ឋភាព នៃពុទ្ធធម៏ លើច្បាប់ធម្មជាតិ : មនុស្សថ្លៃថ្លា ជាមនុស្សមានធម៏។ មានធម៏ គឺកើតឡើងពីការស្វែងរកធម៏ ដោយធ្វើការព្យាយាមសិក្សាធម៏។ ជនខ្មែរទាំងឡាយ ជាពុទ្ធបរិស័ទ ដែលច្រានចោល នូវគំនិត នៃការបែងចែកនរជាតិ ជាពូជសាសន៏ខុសគ្នា ព្រោះនៅក្នុង ពុទ្ធប្រញប្តិ តែងតែទុកមនុស្សនៅក្នុងលោក នៅក្រោមធម៏ស្មើគ្នា លើកលែងតែបុគ្គលណា ដែល ប្រព្រឹត្តអំពើអកុសល ជាអមនុស្ស ឬ តិរច្ជាន។ ដូច្នេះ មនុស្ស ជាភាវៈមនុស្សតែមួយ, ការបែងចែកមនុស្ស ជា សុជន ឬ អសុជន គឺស្ថិតនៅលើអំពើ ដែលបុគ្គលបានប្រព្រឹត្ត។ ទស្សនៈនេះ វាប្រហែលនឹងគំនិតលោក Jean-Jacques Rousseau : មនុស្សកើតឡើង ជាជនល្អប្រសើរពីកំណើត តែសង្គម ជាអ្នកនាំខូច។