សព្វថ្ងៃជនខ្មែរភាគច្រើន កំពុងរស់នៅក្នុងទុទិដ្ឋិនិយម ព្រោះគិតឃើញថា ប្រទេសខ្លួន កំពុងរអិលធ្លាក់ចូលទៅក្នុងប្រវត្តិសាស្ត្រ នៃអត្ថង្គត ដែលប្រជាជាតិធ្លាប់បានជួបប្រទះ។ គំនិតនេះ នាំឱ្យមានការឆ្ងល់ និង ការថប់បារម្ភ នៅក្នុងអារម្មណ៏ ព្រោះការវិវត្តន៍នេះ វាលឿនជាងពីអតីតកាល ដែលនាំឱ្យសង្គមខ្មែរ ប្តូររូបភាពដាច់ខាត ហើយកំពុងរស់នៅក្នុងរយៈពេល ដែលការប្រែរូបនោះ វាកំពុងធ្វើដំណើរការរបស់វា ដើម្បី បង្កើតដោយបង្ខំ នូវរូបភាពថ្មីមួយ ប្លែកពីសង្គមដើមខ្មែរ។ ជាការពិតហើយ វាមានភាពខុសគ្នា រវៀង វប្បធម៏ហួសសម័យ និង វប្បធម៏បូរាណ។ វប្បធម៏បូរាណ វាជាគ្រិះ នៃសង្គមបច្ចុប្បន្ន រីឯវប្បធម៏ហួសសម័យ វាជាសំរាម នៃការវិវត្តន៏ នៃសង្គមពីចាស់ទៅថ្មី។ ជាធម្មតា នៅក្នុងសង្គមមានវឌ្ឍនភាព វាតែងតែជម្រុះចោលវប្បធម៏ហួសសម័យដោយខ្លួនឯង ដើម្បី បញ្ចូលចំណេះដឹងថ្មី ដែលមានប្រយោជន៏ដល់សង្គម និង មនុស្សជាតិ។