ចាប់ពី សតវត្សទី១៥មក រាជានិយមខ្មែរ ជួបប្រទះ នូវ វិបត្តិ នៃ ឧត្តរាធិការ បង្កើតជា ជម្លោះអាវុធ រវាង អភិមនិក នៃ រាជបល្ល័ង្ក។ ស្តេច យុទ្ធការី ទាំងនោះ សូមជំនួយពីបរទេស ដើម្បី ច្បាំង រក្សា ឬ ទាមទារ រាជបល្ល័ង នាំឲប្រជាជាតិ ខាតបង់ប្រយោជន៏ជាតិជាច្រើន។ សង្គ្រាម ជាមួយ សៀម ច្រើនគ្រា (ឆ្នាំ ១៤៣២, ១៤៧៧, ១៥១៥, ១៥៩៤) រំគាយ កម្លាំងជាតិ និង រាជានិយមខ្មែរ។ បន្ទាប់មក នៅ សតវត្សទី១៧ នៅក្នុង រជ្ជកាល ព្រះបាទ ជ័យជេដ្ឋា ទី២ (ទ្រង់បានលើករាជធានី ពីក្រុងលង្វែក មកតាំងនៅទីក្រុង ឧដុង្គ) យួន ក៏ចាប់ផ្តើម លុកចូលមកក្នុងទឹកដីស្រុកខ្មែរ តាមការអនុញ្ញាតពី ព្រះរាជាខ្មែរ ហើយកាត់កាប់ ខេត្តព្រៃនគរ។ ក្រោយពីព្រះអង្គ សោយព្រះទិវង្គត មានការធ្វើឃាតគ្នា បន្តបន្ទាប់ នៅក្នុងព្រះរាជវង្សានុវង្ស ដើម្បី រាជបល្ល័ង និង ការប្តូរសាសនា របស់ព្រះអង្គចន្ទ ហៅ ព្រះសត្ថា (១៦៥៣-១៦៥៦) យក សាសនាអ៊ីស្លាម ជារាជជំនឿ ព្រោះតែ ទ្រង់ស្រឡាញ់ នាង សាវ៉ះបុប្ផា ជាកូនចាម និង ជឿ សង្គ្រាជចាម ថា សាសនាមហាហ្ម័ត អាចទទួលជួយទាំងអស់ ដល់ជនទាំងឡាយ ដែលបានចូលសាសនាគាប់គុណ ដូចមានសម្តែងក្នុងព្រះគម្ពីថា : បើសិស្សានុសិស្សឯណា ចូលលូក្នុងព្រះវិហារហើយ បានរួមសម្ពន្ធលើមាតា ម្តាយមីង ម្តាយធំនោះ ទោះបីម្តាយមីង ម្តាយធំ ខាងខ្លួនក្តី ខាងភរិយាក្តី លោកសន្មតថា សិស្សានុសិស្សទាំងនោះ នឹងរងដួងកែវកំណើតឃើញវិញជាប្រាកដ។ ថាបើសិស្សានុសិស្សទាំងនោះ ធ្វើបាបសម្លាប់អ្វីៗ មួយរយដងក្តី មួយពាន់ដងក្តី អំពើបាបនោះ នឹងអន្ទោលតាមពំទាន់ ពុំជិតដិតដល់ខ្លួនឡើយ។ ទស្សនៈនេះខុសពី ព្រះ សង្ឃរាជា ពន្យល់ថ្វាយព្រះពរព្រះអង្គថា : បុណ្យនិងបាប មានតែដោយចំណែកប្លែកពីគ្នា។ ថាបើទ្រង់បានធ្វើបុណ្យច្រើនតទៅ នឹងសោយសុខជាមុន បើទ្រង់បានធ្វើបាបច្រើន ទ្រង់ទៅសោយទុក្ខ ជាមុនប៉ុណ្ណោះ គ្មានក្នុងព្រះពុទ្ធប្បញ្ញាតិ ឬ ពុទ្ធានុញ្ញាត ឲកាត់កងសងគ្នានោះឡើយ។