Overblog
Suivre ce blog Administration + Créer mon blog
30 novembre 2018 5 30 /11 /novembre /2018 06:31

ផែនការកលយុទ្ធ របស់ទ្រង់ សរិមតៈ បន្ទាប់ពី ប្រទល់ជាមួយសម្តេច សីហនុ នៅពេលសមាជជាតិ នៅខែ ធ្នូ ឆ្នាំ ១៩៦៩ វាហាក់បីដូចជាទ្រង់ សិរិមតៈ លែងរួញរានឹងបន្ត ធ្វើកំណែទំរង់ផ្ទុយនឹង នយោបាយ របស់សីហនុ។ កម្លាំងប្រឆាំងនឹងសីហុន ដែលកំពុង និទ្រា នេះឯង ត្រូវបានទ្រង់ សិរិមតៈ ខ្ញាំយកបាន ដោយប្រើផែនការកលយុទ្ធច្រើនយ៉ាង។ ជាបឋម ត្រូវចាំបាច់ រកកម្លាំងសម្ភារៈឲបានសិន។ ចំពោះទ្រង់ លោក លន់ នល់ នេះឯងជាកម្លាំងសម្ភារៈ ព្រោះគាត់នាំមក នូវកងទ័ពខ្មែរ តែទ្រង់មានជំនឿក្នុងចិត្តដែរថា បើលោក លន់ នល់ នៅរញ់គំនិត ទ្រង់នឹងអាចផាត់ ទ្រព្យសកម្ម (atout) នេះបាន ព្រោះ ទ្រង់ក៏មានប្រភាពច្រឿនណាស់ដែរនៅក្នុងមជ្ឈដ្ឋាន នាយទាហ៊ានជាន់ខ្ពស់ ដ្បិត ទ្រង់ ក៏ជាអតីតនាយទាហ៊ានម្នាក់ ហើយ ធ្លាប់កាន់ដំណែងជា រដ្ឋមន្រ្តី ក្រសួងការពារជាតិច្រឿនដង។ ត្រូវដឹងថាសម្តេចសីហនុ ទ្រង់ បដិសេធ ជំនួយយោធាអាមេរីកាំង នៅឆ្នាំ ១៩៦៣ ដែលជាការសម្រេចចិត្តមួយ នាំឲកងទ័ពជាតិមានការបារម្ភ ទោះបីព្រះ

Partager cet article

Repost0
18 novembre 2018 7 18 /11 /novembre /2018 01:57

បទពំនោល

 

ថ្ងៃថ្មីពន្លឺព្រឹមៗ  មាត់ឈ្មោលរងៀវ

សំនៀងស្រួចកួចចិត្តា។

ប្រុសព្រាត់គូស្នេហ៏ឯកា   ខំថែស្នេហា

វាសនាកំរិតដោយកម្ម

បងមានហិរិ[1]នៅចាំ   វាជាកម្មផល

ទុក្ខផ្តល់នូវទោសកាលចិត្ត[2]

តែស្រីអកម្មកំរិត   គ្មានទោសតាមផ្តិត

ក្នុងចិត្តត្រូវបែកសង្សារ

នេះជាផ្លូវជាវេរា   នៅលើពសុធា

ស្នេហានៃតរុណវ័យ[3]

មិនផុតពីបរាជ័យ   ព្រោះទិន្នន័យ

ស្រ្តីត្រូវគោរពឱម៉ែ

អូនរៀបការព្រោះចង់ថែ   កេរ្តិ៍មិនឲប្រែ

ជាផ្លែគ្មានពូជខ្ជាប់ខ្ជួន។

ភ្លេងការខ្ទ័រឲញ័រខ្លួន   ព្រោះបងនឹកស្ងួន

គង្គួន[4]នឹងខ្លួនអភព្យ

បងថ្លែងក្នុងចិត្តរៀបរាប់   ពីរឿងសម្ព័ន្ធ

ចិត្ត សព្វ[5]ក្នុងគ្រាដំបូង។

ដែលជាស្នេហាដូចត្បូង   ចាំងពេញបេះដូង

ស្មើដួងខែពេញបូណ៏មី

តើប្រស័យ[6]មានប្រណី   ពីក្នុងចិត្តស្រី

ពេលស្តីប្រាប់ថាត្រូវឃ្លាត ?

សម្លាប់បងដោយពេជ្ឈឃាត   ជានរឃាត

         មច្ចុរាជទុកជាទោសស្នេហ៏

 

[1] ហិរិ ឬ ហិរី, ន. ខ្វាសបាប។

[2] កាលចិត្ត, សេចក្តីស្លាប់ចិត្ត។

[3] តរុណវ័យ, វ័យក្មេង។

[4] គង្គួន, ចងគំនុំមិនលែង។

[5] សព្វ, កិ. ស្ម័គ្រស្មោះ។

[6] ប្រស័យ, សេចក្តីស្នេហា។

Partager cet article

Repost0
27 octobre 2018 6 27 /10 /octobre /2018 04:22

បទពាក្យ៦

សម្លេងទ្រហឹងរៃយំ   ភ្លេងប្រគុំគ្មានចង្វាក់

ក្នុងព្រឹក្សាថ្ងៃប្រញាប់  គងឆាប់លើនភាបាទ[1]

យំស្រណោះក្បែរសត្វទាក  ទស្សនាគ្មានការបារម្ភ

យំរៀបរាប់ពីអារម្មណ៏   តើអ្នកថប់ពីរឿងអ្វី?

 

ក្បែរមាត់ទឹកយប់ថ្មី   ចង់ស្តីរករៃជាមិត្ត

សួររកហេតុឲដឹងពិត ពិបាកក្នុងចិត្តម្នោម្នះ។

ព្រោះយំរន្ទឺខ្លាំងម្លេះ   ឮពី-រនះ[2]រនាម[3]

ស្មើនឹងរាវី[4]ព្រះរាម   គំរាមដើររកសីតា។

 

យំឲនរណាមេត្តា   ទេព្តាក៏គ្មានចេតនា

ចង់ស្តាប់រឿងវេទនា   រវល់ជួយវេររាត្រី។

ជំនួសសតរង្សី[5]   យប់ថ្មីសំរាប់ព្រះចន្ទ

ជ្វាលា[6]នៃសោម[7]បញ្ចាំង   ព្រះច្ជាយាចន្ទ[8]ពីស្រះ។

 

ចន្ទនិងរូបសោមប្រទះ   កំដរដោយត្រៈ[9]សោក[10]រៃ

ដែលជាល្អាន[11]ប្របជាយព្រៃ   តន្ត្រីនៃអកុសល។

រៃយំរៀបរាប់មិនសល់   មិនគិតរវល់បូណ៏មី

មិនយល់ពីទុក្ខព្រោះអ្វី   មិនស្តីរកចន្ទពេញវង់។

 

[1] ជើងមេឃ។

[2] រនៈ, ជាយព្រៃ។

[3] រនាម, ព្រៃលិចទឹក។

[4] រាវី, សម្រែក។

[5] សតរង្សី, ព្រះអាទិត្យ។

[6] ជ្វាលា, ពន្លឺដែលភ្លឺព្រោងព្រាត។

[7] សោម, ព្រះចន្ទ។

[8] ច្ជាយាចន្ទ, ចន្ទច្ជាយា។

[9] ត្រៈ, ឈ្មោះបទភ្លេងពិណពាទ្យមួយមេ។

[10] សោក, សេចក្តីសង្រេង។

[11] ល្អាន, សេចក្តីសៅហ្មង។

Partager cet article

Repost0
21 octobre 2018 7 21 /10 /octobre /2018 15:47

បទអក្សរលូន

 

ទោះបីឆ្នាំដើរគ្មានសំរាក

លើដ្ឋានផ្ការីកល្អប៉ប្រៃ

ប្រុសនៅចាំច្បាស់ចិត្តស្រីថ្លៃ

ក្រងជានិស្ស័យស្នេហ៏ដំបូង។

 

ចិត្តប្រុសភក្តីស្រីចំរើន

ផ្កាច្រើនក្នុងសួនមានតែមួយ

អមដោយទងស្លឹកនៅជាត្រួយ

ចិត្តគ្មានភ័យព្រួយលួចស្នេហ៏អូន។

 

នាងចាំបានទេបងនៅក្បែរ

អូនបែរភក្ត្រស្ងួនញញឹមដាក់

បងស្រូបសម្រស់គ្មានរអាក់

ចំរើនហុចហត្ថឲអង្គញ់។

 

បងបោះជាល្បែងបុរាណខ្មែរ

តែថែរស្នាមករ[1]សុរភី[2]

ទុកក្នុងអត្តៈជាភក្តី

ចំរើនសេរីដឹងទាំងអស់។

 

អូនចាំបានទេថាបងហ៊ាន

អញ្ជើញបំពានច្បាប់ស្ត្រី

នាំគ្នាទៅមើលកុនល្បាញល្បី

តែនាងមិនស្តីបណ្តេចចេញ។

 

បងចាំទាំងអស់ចរិតស្រី

ជៀស្នជ័យ[3]ប្រៀបស្មើនឹងរូបឆោម

ដំណើរអូនស្រាលដូចរាំល្ខោន

ចំរើនមានលោមណ៏[4]ផ្គួបនិងចិត្ត។

 

បង្កើតស្នេហាភ្លេចមិនបាន

ក្នុងដ្ឋានកំណើតនៃមនុស្សា

មានច្បាប់វាសនាដែលត្រូវប្តូរ

នរូ[5]ព្រាត់គ្នាមិនបានលា។

 

ព្រោះជាផលកម្មជាធម្មជាតិ

មិនអាចប្រជ្រៀតការជំទាស់

វិយោគ[6]វិរាព[7]ហាមរលាស់

មិនអាចនឹងវាស់ទំហំទុក្ខ។

 

យុពា[8]ជាធាតុបងនិងអូន

បុត្តា[9]ជាកូនមានត្រកូល

ជួបគ្នាក្នុងគ្រាវេនយប់ចូល

ខ្លីណាស់ពៅអូនបងត្រូវបែក។

 

មិនហ៊ាននឹងស្រែកលាចរណៃ

ស្រីថ្លៃក្រពុំលែងយល់ដឹង

នូវហេតុផលអ្វីខ្លាំងដល់ម្លឹង

បាត់សូន្យដំណឹងគ្មានរំឭក។

 

ទាវអឺយបងដើរលើផ្លូវស្នេហ៏

ផ្លូវមានបែកខ្សែគូសង្សារ

ស្រឡាញ់ស្មើគ្នាលើពសុធា

ជាកម្មវេរាជាបុរស។

 

ស្រឡាញ់គេស្មោះជាគូកាយ

ស្នេហ៏អូនទូលាយជាគូចិត្ត

មានច្បាប់ពង្រាង[10]បច្ចាមិត្ត

ប្រើចិត្តសាវាស្ទូចអកុសល។

 

សីតកាល[11]យូរឆ្នាំកន្លងទៅ

ចិត្តនៅនឹកដល់បំណះស្នេហ៏[12]

សុំជូនពរស្រីឲជួបតែ

ជីវិតលែងប្រែក្នុងមង្គល។

 

គ្មានអំពល់ទុក្ខមានពំនឹង

រំដឹងស្នេហាក្នុងវាសនា

តាមផ្លូវល្អក្នុងវដ្តសង្សារ

ដែលជាចិត្តាដូចបំណង។

 

 

[1] ដៃ។

[2] ដែលមានក្លិនក្រអូប។

[3] ចម្រើនបំផុត។

[4] សោភ័នភាព។

[5] មនុស្ស។

[6] ការបែកគ្នា។

[7] សម្រែក។

[8] យុវតីនិងយុវជនទាំងឡាយ។

[9] កូនប្រុសនិងស្រី។

[10] ហាមមិនអោយបន្តប្រព្រឹត្តិកំហុស។

[11] រដូវរងា។

[12] ស្នេហ៏ដែលប៉ះគ្នា។

Partager cet article

Repost0
14 octobre 2018 7 14 /10 /octobre /2018 09:41

ទំនួញនាងទាវ

១៤ តុលា ២០១៨

 

បទពាក្យ៧

 

ទាវតន់ឃើញសពទុំស្នេហា

ស្រវាកាយាផ្អោបនឹងទ្រូង

អាសូរប្តីស្លាប់ប្រាណស្តឹងស្តូក

ព្រោះតែចាញ់ភូតម៉ែជរា

ទាវយំយែកប្តឹងអស់ទេវតា

និងអ្នកតារស់លើព្រឹក្សា

ធ្វើជាសាក្សីក្នុងទុរា

ជាស្រីជីវាព្រាត់ស្វាមី។

ប្រណម្យជុលី[1]ដាក់លើក្បាល

កាយក្រាបលើសពថ្លៃជាប្តី

ពេញក្របខណ្ឌក្នុងច្បាប់ឥន្ទ្រិយ[2]

ដែលជារស្មីច្បាប់ព្រះខាន់

ឥឡូវដេកស្លាប់ចោលជីវា

លែងមានវាចាឆ្លើយប្រចាន់

ប្រកាន់ភរិយាព្រោះស្រឡាញ់

ប្រមាញ់ស្នេហ៏អូនគ្មានគុំគួន។

បងអឺយហេតុអ្វីខឹងដល់ម្លឹង

មិនថ្លឹងច្បាប់ស្តេចទុកជាក្បួន

ប្រឆាំងអ្នកម៉ែនិងអជូន

បង្វិលជំនូនបិទស៊ីការ

ឥឡូវបងស្លាប់ព្រោះស្រឡាញ់

ដ្បិតក្នាញ់នឹងអូនចូលរោងការ

ចិត្តក្បត់នឹងប្រុសជាសង្សារ

សន្យាថារស់ស្លាប់ជាគូ។

សំណព្វចិត្តគ្រប់ករណី

សព្វគ្រប់វិន័យជាគំរូ

ជីវិតរួមគ្នាគ្មានទំនោរ

បែកគូកម្មគ្មានការបូជា

ឥឡូវត្រូវស្លាប់តាមប្រុសថ្លៃ

ព្រោះជាតម្លៃភរិយា

ដែលអូនទុកជាការបូជា

ដូចជាជំនា[3]នៃភក្តី។

 

[1]ម្រាមដៃ, ក្រពុំម្រាមដៃ។

[2] ច្បាប់ជីវិត។

[3] ដំណើរដែលប្រព្រឹត្តទៅល្អ, សេចក្តីល្អ។

Partager cet article

Repost0
6 octobre 2018 6 06 /10 /octobre /2018 03:45

ចុចខាងក្រោមអត្ថបទ ដើម្បីអានអត្ថបទជា Fichier PDF

មនុស្ស

នៅក្នុង បញ្ហា ការពិបាកគ្រប់បែបយ៉ាង មនុស្ស ត្រូវចាំបាច់ រស់ជាមនុស្ស។ សារជាតិ របស់មនុស្សគឺ មេត្តា ចេះជួយសង្គ្រោះ រអែងចំពោះអ្នកផង នៅក្នុងស្មារតី មនុស្សធម៏ គឺ សេចក្តីល្អ មេត្តាចិត្ត។ ស្មារតីនេះ មាននៅក្នុងបញ្ញាសជាតិកៈ នៃមនុស្ស ព្រោះមនុស្ស ជាសត្វរស់នៅក្នុងការវិវត្តន៏ នៃពន្លឺបញ្ញា បង្ក ជា គតិបណ្ឌិតថាមវន្ត ហើយ វិវត្ត ពីសម័យមួយ ទៅសម័យមួយថ្មី នៅក្នុងចរន្ត នៃសីលធម៏ ដែលមាន ជំនឿទុកចិត្តទៅលើ កម្លាំង នៃការពិចារណា។ ដូច្នេះ អ្វីដែលមនុស្ស ត្រូវគោរព គឺជា ការប្រព្រឹត្ត នៅក្នុង « ការយល់ដឹង » គឺជា ប្រតិព័ន្ធ ទៅលើ ការពិចារណា។ ដូច្នោះ មហិទ្ធានុភាព នៃមនុស្ស មិនមែនស្ថិតនៅលើកម្លាំងពលំ ឬ អំណាចគ្រប់បែបយ៉ាង តែនៅក្នុង « ភាវៈសមហេតុសមផល » ដែលជា ភាពត្រឹមត្រូវ នៃការពិចារណា (exactitude de la raison)

ឧត្តមសេចក្តីស្នេហា (grand amour) របស់មនុស្ស គឺកើតចេញមកពី ការចេះដឹងខ្ពង់ខ្ពស់ ដែលព្រះសម្ពុទ្ធ អនុសាស អោយមនុស្ស ព្យាយាមស្វែងរង ដើម្បី យល់ដឹងអំពីសេចក្តីស្នេហា របស់ខ្លួន ទៅលើអ្វីមួយ។ ព្យាយាមស្វែងរក របស់មនុស្ស គឺមិនមែនចង់អោយខ្លួនក្លាយជា ជនប្រសើរជាងគេ តែជា មនុស្សថ្លៃថ្លា ឬ អតិសុខាមាលភាពជន (mieux-être) នៅក្នុងសីលធម៏ ព្រោះ ធាតុ នៃជន ដែលតាំងខ្លួនប្រសើរជាងគេ ជាផ្លូវ នៃបាបចិត្ត (tentation) រីឯ ធាតុ នៃមនុស្សថ្លៃថ្លា ជាការប៉ុនប៉ង ឬ ល្បង (tentative) ដើរលើផ្លូវបន្ត ទៅរកសេចក្តីល្អ និង មេត្តាចិត្ត។ ផ្លូវទីមួយ ជាផ្លូវខ្លី ផ្លូវទីពីរ ជាផ្លូវវែង ដែល ព្រះដ៏មានព្រះភាគ ទូន្មាន អោយមនុស្សដើរ។

បញ្ហា របស់មនុស្ស វាគ្មានមានដំណោះស្រាយ តែមានតែការរលាយ ព្រោះ បញ្ហា ដែលមានកើតឡើង វាជាបញ្ហា ដែលត្រូវតែរំលាយចោល ព្រោះ បញ្ហា វាគ្មានទីជម្រៅ របស់វានោះទេ តែវាជា មូលដ្ឋានគ្រឹះ។ ដូច្នេះឯងហើយ បានជា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គ ពន្យល់ជាក្បួន ឲមនុស្ស ស្វែងរកអោយឃើញដោយខ្លួនឯង នូវប្រភព នៃទុក្ខជាគ្រឹះ របស់មនុស្ស ដែលមនុស្ស ត្រូវតែ ព្យាយាម រំលាយវាចោល ទើបរកឃើញ នូវសន្តិវាទ ក្នុងចិត្តបាន។      

Partager cet article

Repost0
1 octobre 2018 1 01 /10 /octobre /2018 02:52

ចុចខាងក្រោមដើម្បីអានអត្ថបទជា Fichier PDF

 

វត្តមាន ហ៊ុន សែន នៅអង្គការសហប្រជាជាតិ តើគាត់បានចំណេញអ្វី និង ខាតអ្វី ?

មានមតិ ជនខ្មែរខ្លះ យល់ឃើញថា ហ៊ុន សែន បានចំណេញច្រឿន នៅលើផ្ទៃនយោបាយក្នុងស្រុក ព្រោះគាត់អាចបង្ហាញដល់ប្រជាពលរដ្ឋខ្មែរថា របបគាត់ត្រូវបាន អ.ស.ប. ទទួលស្គាល់ ហើយ ការទទួលស្គាល់អន្តរជាតិនេះឯង អាចឲគាត់ពោលអះអាង ចំពោះប្រជាពលរដ្ឋខ្មែរថា គាត់ ជានាយករដ្ឋមន្រ្តីស្របច្បាប់។ ការយល់ឃើញនេះ ជាប្រក្យត្រភាព ឈរលើតក្កសាស្ត្រ (logique) នៃរូបភាព ដែលគ្មាននរណាអាចប្រកែកបាន។ រូបភាពពិតនេះ ហ៊ុន សែន យកវាមកប្រើ មិនមែនសំរាប់ធ្វើអោយស្ងប់នៅក្នុងសង្គម តែសំរាប់បង្កើន នូវសេចក្តីខ្លាច ព្រោះធាតុ អំណាច នៃរបបគាត់ជា របបអត្តាវសិក។ នៅក្នុងរបបបែបនេះ ប្រជាពលរដ្ឋ គ្មានមានអ្វីសំរាប់ការពារសិទ្ធិ របស់ខ្លួននោះឡើយ ព្រោះអាជ្ញាធរ ស្ថិតនៅក្នុងសភាពប្រាជ្ញាអាប់ នៃអំណាចផ្តាច់ការ នាំអោយជនទាំងឡាយ គ្មានច្បាប់ការពារ រស់នៅ ក្នុងសេចក្តីខ្លាច នៃអំណាច ព្រោះ របបអត្តាវសិក តម្រូវអោយប្រជាពលរដ្ឋ គោរពហួសប្រមាណ នូវអំណាចរបស់ខ្លួន។ នៅក្នុងឆន្ទៈនេះ អ្នកផ្តាច់ការ ទុកប្រជាពលរដ្ឋ ជាសត្វលោក (créature) ទន់ខ្សោយ ដែលត្រូវតែគោរពដាច់ខាតអ្នកដឹកនាំ ដែលជាសត្វលោកខ្លាំងដោយអំណាច។ នៅក្នុងគំនិតនេះឯង ដែល ហ៊ុន សែន ថ្លែងថា អ្នកខ្សោយ ត្រូវតែចាញ់ រីឯអ្នកខ្លាំងត្រូវតែឈ្នះ។ គំនិតបែបនេះ គឺឈរលើ ការបែងភាគមនុស្ស ជាសត្វ មានតែ សភាវគតិ ស្តាប់បង្គាប់ ទណ្ឌកិច្ច។ នៅក្នុងស្មារតីបែបហ្នឹង ហើយវាត្រឹមតែប៉ុណ្ណឹង ពោលថា ហ៊ុន សែន ទទួលបានចំណេញ ក្នុងឋានៈជាសត្វតិរច្ជាន។

តែជនខ្មែរខ្លះទៀត យល់ឃើញថា វត្តមាន ហ៊ុន សែន វានាំអោយគាត់ខាតច្រើនក្រៃនោះដែរនៅលើផ្ទៃ នៃតម្លៃមនុស្ស របស់គាត់ផ្ទាល់។ ដូចយ៉ាង ន័យ នៃសេចក្តីថ្លែងការណ៏ របស់គាត់ បង្ហាញអោយឃើញថា គាត់គ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ ដោយប្រើការភូតកុហក សំរាប់ការពារ អំពើប្លន់អំណាចរបស់គាត់ ព្រោះគាត់គ្មានអ្វីក្រៅពីយកគំនិតថោកទាបនេះ មកប្រើតែប៉ុណ្ណោះ ដ្បិតគាត់រស់នៅក្នុងអកុសល ជាចីរកាល ហើយ អកុសល វាពុំអាចលើកតម្លៃមនុស្សបាននោះទេ។

ដូច្នេះ ការចំណេញ និង ខាត របស់ ហ៊ុន សែន វាជាដំបៅចេញរងី របស់គាត់ ដែលគេមើលឃើញ និង ធុំក្លិន ពីចម្ងាយ។ វេទិកានៃ អ.ស.ប. វាពុំអាច ជាទីកន្លែង សំរាប់គាត់មកលាងដំបៅស្អុយ របស់គាត់បាននោះឡើយ។ គ្រប់ករណី ហ៊ុន សែន និង បន របស់គាត់ ជាលជ្ជាភាព នៃប្រជាជាតិខ្មែរ។      

Partager cet article

Repost0
23 septembre 2018 7 23 /09 /septembre /2018 05:48

ចុចខាងក្រោមដកស្រង់អត្ថបទនេះ ដើម្បីអានអត្ថបទទាំងមូល ជាFichier PDF.

សហរដ្ឋអាមេរិក ធ្លាប់មានជ័យជំនះ នៅក្នុងសង្គ្រាមនៅប្រទេសកូរ៉េ គឺថា អាចរុញច្រាន កងទ័ពកូរ៉េខាងជើង វាយលុកចូលមកក្នុងទឹកដីកូរ៉េខាងត្បូង តែនៅពេលនោះដែរ ក៏គេអាចចាត់ទុកចិនប្រជាមានិត ជាអ្នកមានជ័យជំនះដែរ ព្រោះ អន្តរាគមន៏ផ្ទាល់ នៃកងទ័ពចិននៅកូរ៉េខាងជើង អាចខាឃាំងកងទ័ពអាមេរីកាំង មិនឲបន្តសង្គ្រាម រហូតកាន់កាប់កូរ៉េខាងជើងតែម្តង ព្រោះកងទ័ពអាមេរីកាំង អាចមានលទ្ធភាពនឹងអាច វាយយកកូរ៉េខាងជើងតែម្តង បើនៅពេលនោះ មានការអនុញ្ញាតពីលោក ប្រធានាធិបតីអាមេរីកាំង។ ដូច្នោះ ជ័យជំនះអាមេរីកាំង ទុកជាជ័យជំនះយោធា រីឯជ័យជំនះចិន អាចចាត់ទុកជាជ័យជំនះនយោបាយ។ តែនៅក្នុងករណីណាក៏ដោយ ជ័យជំនះទាំងពីរនេះ គឺត្រួតត្រាដោយនយោបាយ ព្រោះ នៅទីបញ្ចប់ មានការចរចា សំរាប់ស្វែងរកសន្តិភាពសម្របសម្រួល រវាង ចិន និង អាមេរីកាំង ហើយនិង រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង ដើម្បីបញ្ចប់សង្គ្រាមតាមសន្តិវិធី។ ជាការពិត សង្គ្រាមនៅយៀកណាម សហរដ្ឋអាមេរិក រើសយក យុទ្ធសាស្ត្រ និង ការទូត ប្រហាក់ប្រហែលនឹងសង្គ្រាមនៅកូរ៉េ គឺក្នុងនយោបាយ ទប់ទល់ ការរីកសាយ លទ្ធិកុម្មុយនិស្ត នៅដំបន់អាស៊ីទាំងមូល ដោយប្រើកម្លាំងយោធាច្រើនសម្បើម វាយតបកម្លាំងយៀកកុងនៅយៀកណាមខាងត្បូង និង ទម្លាក់គ្រាប់បែក នៅយៀកណាមខាងជើង ដែលជា អ្នកផ្តល់ជំនួយធនធានមនុស្ស ដល់ពួកយៀកកុង ដើម្បីបង្ខំយួនកុម្មុយនិស្ត និង សម្ពន្ធមិត្ត ជាពិសេសចិនប្រជាមានិត អោយចរចា បញ្ឈប់សង្គ្រាមតាមសន្តិវិធី។ បរាជ័យ នៃយួនកុម្មុយនិស្ត នៅឆ្នាំ ១៩៦៨ ក្នុង ការវាយប្រហារយោធា ដ៏ធំមួយនៅយៀកណាមខាងត្បូង[1] ក្នុងគោលដៅ ឲប្រជាជនយួនខាងត្បូង ងើបឡើង បះបោរជាទូទៅ ប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីរំលំ របបសាធារណរដ្ឋ យៀកណាមខាងត្បូង បង្ខំចិត្ត ពួកកុម្មុយនិស្តយួន អោយប្តូរយុទ្ធសាស្ត្រ ពីការវាយប្រហារតាមផ្លូវយោធា យកឈ្នះឆាប់រហ័ស មករក ការយកឈ្នះតាមដំណាក់ការ គឺ ប្រើកម្លាំងយោធាផង និង ការចរចាផង ដើម្បីធ្វើយ៉ាងណា អោយអាមេរីកាំង ដកកងទ័ពចេញពីយៀកណាមខាងត្បូងសិន បន្ទាប់មក ទើបវាយកងទ័ពយួនខាងត្បូងយកឈ្នះតែម្តង។ ដូច្នោះ កិច្ចព្រមព្រៀងសន្តិភាព ដែលពួកយួនកុម្មុយនិស្ត សុខចិត្ត ចុះហត្ថលេខា ជាមួយ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ នៅទីក្រុងប៉ារីស គឺប្រព្រឹត្តឡើងនៅក្នុងគោលគំនិតនោះឯង។ សួរថា តើ អាមេរីកាំង ចាញ់បោកយួន ? ចម្លើយ គឺអាមេរីកាំង មិនចាញ់បោកយួនកុម្មុយនិស្តនោះទេ តែគោលចំណង់អាមេរីកាំង គឺបោះបង់ចោល ឥណ្ឌូចិន តែម្តង មិនមែនគ្រាន់តែបោះបង់ របបសេរី នៅ ស្រុក យួន ខ្មែរ និង លាវ ប៉ុណ្ណោះទេ គឺ បោះបង់ ប្រជាជន ភាគច្រើន នៃប្រទេសទាំងបី ដែលមាន ជំនឿដោយគ្មានមន្ទិល លើកម្លាំងអាមេរីកាំង ថានឹងអាចទប់ទល់ កម្លាំងកុម្មុយនិស្តបាន ដើម្បី សេរីភាព និង លទ្ធិប្រជាធិបតេយ្យ។ សភាអាមេរីកាំង បោះបង់ប្រជាពលរដ្ឋឥណ្ឌូចិន លើវេទី នៃសេចក្តីសុខអាមេរីកាំង (tranquillité américaine) គឺការដោះដូរជាមួយយួនកុម្មុយនិស្ត នៃអ្នកទោសយោធាអាមេរីកាំង ដែល ជាប់ឃុំឃាំង នៅក្នុងជំរុំគុក របស់ពួកកុម្មុយនិស្ត។ នៅស្រុកខ្មែរ ចាប់ពីថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៣ សភាអាមេរីកាំង ហាមដាច់ខាត មិនអោយកងទ័ពអាកាសអាមេរីកាំង មានសកម្មភាពនៅស្រុកខ្មែរ មិនថែមតែប៉ុណ្ណោះ សភាអាមេរីកាំង ប្រកាសកាត់ជំនួយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដល់ សាធារណរដ្ឋខ្មែរ និង សាធារណរដ្ឋយៀកណាមខាងត្បូង ថែមទៀត។ ចាប់ពីឆ្នាំ ១៩៧៣មក ទឹកដីឥណ្ទូចិន បានក្លាយជាវាលប្រមាញ់ នៃបក្សកុម្មុយនិស្តយួន តាមសេរី៕

 

[1] នៅថ្ងៃទី៣០ មករា ឆ្នាំ ១៩៦៨ មួយថ្ងៃមុនបុណ្យព្រះខែ (Têt) កងទ័ពយួនកុម្មុយនិស្ត ចំនួន ៨ ម៉ឺននាក់ បើកការវាយប្រហារ ទៅលើទីក្រុងប្រមាណជាង១០០។ ការវាយលុកនេះ ធ្វើអោយមានការភ្ញាក់ដោយមិនដឹងខ្លួន នៃកងទ័ពអាមេរីកាំង និង យួនខាងត្បូងពិត តែ កងទ័ពទាំងពីរវាយទប់យ៉ាងស្វិតស្វាញបាន នាំអោយកងទ័ពយួនកុម្មុយនិស្ត ទទួល នូវការខូចខាត និង បាត់បង់ជីវិតច្រើនក្រៃលែង។ ម្យ៉ាងមួយទៀត ការនឹកស្មានថានឹងមានការបះបោរជាទូទៅ នៃប្រជាជន ក៏គ្មានមានកើតឡើងនោះដែរ។ យុទ្ធសាស្ត្រវាយប្រហារ សំរាប់ ជ័យជំនះរហ័ស នេះ គឺលោក Le Duan ជាអ្នកផ្តើមគំនិត ដែលនាំអោយគាត់ទទួល នូវការរិះគន់យ៉ាងខ្លាំង។ តែបន្ទាប់ពីការវាយប្រហារនោះមក មតិ នៃប្រជាពលរដ្ឋអាមេរីកាំង ប្រឆាំងនឹង សង្គ្រាមនៅយៀកណាម ក៏កាន់តែមាន ចំនួនកើនច្រើនឡើងដែរ។ បញ្ជាការជាន់ខ្ពស់ នៃកងទ័ព ក៏ទទួល នូវការរិះគន់ខ្លាំង ពីសំណាក់សាធារណៈជន។   

Partager cet article

Repost0
1 septembre 2018 6 01 /09 /septembre /2018 05:52

ចុចខាងក្រោមដើម្បីអាមអត្ថបទ ជា Fichier PDF.

 

គេសង្ខេតឃើញ អស់មួយរយៈពេលមកហើយ ហ៊ុន សែន តោងការ (avoir besoin) និយាយ។ ស្ទើរតែរាល់ថ្ញៃ បន របស់គាត់ ត្រូវតែរៀបចំ ជំនួប គាត់ ជាមួយ កម្មករ ឬ ក្រុមផ្សេងៗដទៃទៀត ដើម្បី អោយគាត់និយាយ។ ជំនួបនេះ គេអាចទុកជាគោលវិធីព្យាបាល រោគសតិ ឬ សម្តាធប្រាម្ត ប្រហែលជា ហ៊ុន សែន កំពុងកើតជម្ងឺនេះ។ លើ វេទិកាកិត្តិយស ក្នុងឥរិយាបទ ឈរ ឬ អង្គុយក្តី ហ៊ុន សែន និយាយ តែម្នាក់ឯង គ្មានប្រធានបទពិតប្រាកដ នៅក្នុង បញ្ជីរឿង « ទោសៈ » ហាក់បីដូចជាគាត់ មានការព្រួយបារម្ភអ្វីមួយ ដែលតម្រូវអោយគាត់និយាយជាចាំបាច់ ដើម្បី ទទួលអះអាងនៅក្នុងចិត្តខ្លួនឯង ថា គាត់ជាមនុស្សជា។ តែសំដី របស់គាត់ វាក្បត់នឹងចិត្ត របស់គាត់ ព្រោះ ប្រយោគនិមួយៗ ចេញពីមាត់ របស់គាត់ វាប្រកបដោយ ទោសៈក្រៃពេក ដូចយ៉ាង ចាប់អាឯងដាក់គុគ សម្លាប់អាឯងចោល ។ល។ ដូច្នេះ គួរមានសេចក្តីអាសូរ ដល់ពួកអ្នកអង្គុយស្តាប់គាត់ អស់រយៈពេលរាប់ម៉ោង តើពួកគាត់ធុជថប់យ៉ាងណាទៅ។ តែ អច្ចន័្តភាពនេះឯង បញ្ចាក់អោយឃើញថាវាមាន គម្លាត នៃបុគ្គល ហ៊ុន សែន និង មុខតំណែង របស់គាត់។ ហ៊ុន សែន កាន់អំណាច ជាងបីទស្សវត្សមកហើយ ហើយមាន សេវនៈរឿយៗ ជាមួយអ្នកដឹកនាំបរទេសដទៃទៀតនៅក្នុងពិភពលោក តែហាក់បីដូចជា គាត់គ្មានទទួលបាន នូវសុជីវធម៏ និង ចរណៈ ជាអ្នកដឹកនាំថ្លៃថ្នូរសោះឡើយ ដែលនាំឲ គេមើលឃើញគាត់ថាជា មនុស្ស មាន អំណាច តែគ្មានសោះ សក្តិយស។ ពិតណាស់ហើយថា គាត់ជា បថុជ្ជន តែងតែមានប្រតិកម្មនឹង ការតិទៀនដ៏គំរើស ចំពោះគាត់ ពីសំណាក់អ្នកដទៃ តែការតិទៀននោះ វាជាផ្សែង ចេញពីភ្លើង ដែលគាត់ជាអ្នកដុត អោយគេ, ក៏ជាបថុជ្ជនដែរ, ក្តៅក្រហាយ។ តែភាពមិនដូចគ្នា គឺនៅត្រង់ ហ៊ុន សែន គាត់ជា នាយករដ្ឋមន្ត្រី ជាតំណាង នៃគុណធម៏ជាតិ និង ប្រជាជាតិ ដូច្នេះ សុមេធា (សិល្បៈសំរាប់ត្រួតចិត្តខ្លួនឯង) ត្រូវមានជាចំបាច់ សំរាប់រក្សាសក្តិយស ចំពោះខ្លួនឯង និង មុខតំណែង និង ជា គំរូ ជាអ្នកដឹកនាំថ្លៃថ្នូរ លើឆាក ជាតិ និង អន្តរជាតិ។ សំដីឡិមឡុម និង មារយាទអនារ្យធម៏ របស់ ហ៊ុន សែន សព្វថ្ងៃ ដែលជាអ្នកដឹកនាំកំពូល នៅស្រុកខ្មែរ នាំអោយ សហគមន៏អន្តរជាតិ គេវាយតម្លៃ ចំពោះថ្នាក់ដឹកនាំខ្មែរជាទូទៅ ថាជាក្រុមពាល ហើយ ព្រឹត្តិការណ៏ ថ្ងៃទី២៩ កក្តដា គឺរិតតែបញ្ចាក់ នូវការយល់ឃើញបែបនេះ។ របបដឹកនាំនៅភ្នំពេញក្តី ឬ រដ្ឋាភិបាល របស់ ហ៊ុន សែន ក្តី, ដូច្នេះ វាមានរូបភាពជា បន នៃពួកជនទុច្ចរិត តែប៉ុណ្ណោះឯង។ ដូច្នោះ បើចង់ រកដំណោះស្រាយនយោបាយនៅស្រុកខ្មែរ គឺមិនអាចរកឃើញជាដាច់ខាត ជាមួយនឹង ហ៊ុន សែន និង បន របស់គាត់បាននោះឡើយ។ ប្រាំអាណត្តិ រួចមកហើយ ដែលក្រុមអ្នកប្រឆាំង សាកល្បងធ្វើ តែលទ្ធផល គឺសូន្យ។ ជាមួយ ហ៊ុន សែន មានតែដំណោះស្រាយមួយគត់ គឺ ចុះចូលនឹងគាត់ គ្មានលក្ខខណ្ឌ តែប៉ុណ្ណោះឯង។ នៅត្រង់ចំណុចនេះឯង ដែលខ្មែរយើង បន្ទោសលោក សម រង្សី និង កឹម សុខា យ៉ាងខ្លាំង នៅអាណត្តិទី៥ ថានាំគ្នាចូលរដ្ឋសភា ដែលជាដំណោះស្រាយ ជាមួយ ហ៊ុន សែន តាមចំណង់ចិត្ត របស់ ហ៊ុន សែន ដើម្បី កុំអោយ ហ៊ុន សែន ខឹង ទើបប្រជាពលរដ្ឋខ្មែរបានសុខ។ តែ យើងដឹងថា សេចក្តីសុខ របស់ ប្រជាពលរដ្ឋខ្មែរ ដែល ហ៊ុន សែន ចង់បាន គឺ ការរក្សាអំណាច របស់គាត់ និង បើកទ្វារស្រុកខ្មែរ អោយ ជនជាតិយួន មករស់នៅស្រុកខ្មែរ រាប់លាននាក់។ បើ ក្រុមប្រឆាំង បន្ត រកដំណោះស្រាយបែបនេះទៀត ដែលជា ដំណោះស្រាយងាយស្រួលបំផុត ព្រោះឥតមានជនខ្មែរណាម្នាក់ ត្រូវធ្វើហុតកម្ម និង ជាប់គុក អ្វីនោះឡើយ គឺច្បាស់ជាស្រុកខ្មែរ នឹងនៅមានតែឈ្មោះ តែប្រជាជន របស់ ហ៊ុន សែន គឺ ប្រជាជនកម្ពុជា ដែលជា ជនជាតិយួន និង ចិន ចូលមកកាន់កាប់ស្រុកខ្មែរ ទាំងមូល។ សូមកំភ្លេចថា សព្វថ្ងៃ ស្រុកខ្មែរ វាស្ទើរ តែក្លាយ ជាស្រុកយួន និង ចិន ទៅហើយ តែបើ ខ្មែរយើង យល់ឃើញថា ដើម្បី មាន ដំណោះស្រាយ វិបត្តិនយោបាយ គឺត្រូវធ្វើ យ៉ាងណាកុំអោយ ហ៊ុន សែន ខឹង, បើគិតខ្លីបែបនេះ គឺ នាំគ្នា យល់ព្រមថា ប្រជាជាតិខ្មែរ ជា ប្រជាជាតិ របស់ ហ៊ុន សែន ដែលមាន យួន និង ចិន ជាចៅហ្វាយ ដាច់ថ្លៃ ហើយនាំគ្នារស់ ប្រកបដោយសេចក្តីសុខ ជាជនជក់អាភៀន៕      

 

Partager cet article

Repost0
30 août 2018 4 30 /08 /août /2018 04:43

ចុចខាងក្រោមអត្ថបទដើម្បីអានអត្ថបទ ជា Fichier PDF.

វាគ្មានអ្វី ដែលអាចចាត់ទុកបានថា មាន សម្មានភាព នៃវិរកម្ម (geste) របស់បនភ្នំពេញនោះឡើយ។ ការដោះលែងអ្នកទោសនយោបាយក្តី អ្នកទោសមនសិការក្តី សុទ្ធជាល្បិច ដែលពួកកុម្មុយនិស្ត តែងតែយកមកប្រើ កាលណាវាយល់ថា កម្លាំងបច្ចាមិត្ត ខ្លាំងជាង កម្លាំងវាពេក ឬក៏ វាគ្មានមធ្យោបាយ កំទេចដើម្បី យកជ័យជំនះ។ ក្នុងកាលៈទេសៈបែបនេះ ពួកកុម្មុយនិស្ត ត្រូវតែបង្ខំចិត្តអនុវត្តន៏ ការសម្របសម្រួលជាមួយបច្ចាមិត្ត តែជាការបណ្តោះអាសន្នទេ គឺជាស្ពានសម្រាប់ឆ្លងពីតំណាក់ការមួយ ទៅដំណាក់ការមួយទៀត ដើម្បីរង់ចាំការរៀបចំរបស់វា អោយបានរឹងជើងរឹងដៃតែប៉ុណ្ណោះ។ កាលណាកម្លាំងពួកវា បានចេញពីដំណាក់ការ កុន « ចុះ » មកដំណាក់ការ « ឡើង » វាត្រូវប្តូរយុទ្ធសាស្ត្រ និង កលយុទ្ធភ្លាម វាចាប់យក បន្ទាត់សកម្មភាពត្រង់តែម្តង ដោយ ប្តូរការសម្របសម្រួលមក ការមិនព្រមសម្របសម្រួលវិញ។ គឺ របៀបនេះហើយ ដែលពួកកុម្មុយនិស្ត តែងតែអនុវត្តរឿយៗ ស្របតាមការឡើង ឬ ការចុះ នៃស្ថានភាពនយោបាយ។ ការសម្របសម្រួល របស់ពួកកុម្មុនិស្ត ជាមួយបច្ចាមិត្ត អាចអោយវាបន្ធូរ ការសង្កិតសង្កិនពីសំណាក់សត្រូវវា ដើម្បី អាចអោយវាមានពេលសំរាក និង ជៀសវាងបរាជ័យ យ៉ាងអាម៉ាស់ និង ជូចត់។ ការឆ្លៀតយកពេលនេះ ដើម្បី ធ្វើអោយផ្ទៃក្នុង របស់បច្ចាមិត្តវា មាន បសិវាទកម្ម មានការបែកបាក់សាមគ្គីគ្នា ធ្វើអោយសត្រូវវាចុះខ្សោយ សំរាប់ជាឱកាសអោយវាវាយសម្លាប់តែម្តង។ ជាឱទាហរណ៏ ពួកកុម្មុនិស្តរុស្សី សុខចិត្តចូលរួមធ្វើសហប្រតិបត្តិការជាមួយស្តេច TSAR វិញ ក្រោយពីវាបានទទួលបរាជ័យជាលើកដំបូងនៅឆ្នាំ ១៩០៥។ យួនកុម្មុយនិស្ត សុខចិត្តចរចា ជាមួយសហរដ្ឋអាមេរិក រហូតមានចុះហត្ថលេខា ដើម្បីសន្តិភាពនៅឆ្នាំ ១៩៧៣ ។ល។

ពិតណាស់ហើយថា ខ្មែរយើង មានការត្រេកអរនឹងការដោះលែង ជនរងគ្រោះទាំងឡាយ ដែលគ្មានទោសសោះ តែ បនភ្នំពេញ បានចាប់ដាក់ពន្ធនាគារ ដោយអយុត្តិធម៏ ជាទីបំផុត ហើយ គេដោះលែងវិញ ក្រោយពីបានរស់នៅក្នុងគុក អស់កាលដ៏យូរលង់ បន្ទាប់ពី បានធ្វើលិខិតផ្ទាល់ខ្លួន រៀងខ្លួនៗ ទទួល កំហុស និង សូមទោស ដល់មេបន ឬ នាយបងធំ។ តែខ្មែរយើង មិនត្រូវទទួលស្គាល់ ការដោះលែងនេះ ជាវិរកម្ម ប្រកបដោយសម្មានចិត្ត របស់បនភ្នំពេញនោះឡើយ ព្រោះ វាជាល្បិចខូច របស់ពួកវា ដែលបានរៀបរាប់ខាងលើនេះ។ ហើយត្រូវដឹងទៀតថា ការដោះលែងនេះ វាគ្រាន់តែជា ការព្យួរទោសតែប៉ុណ្ណោះ មិនមែនជាការរួចទោសនោះឡើយ។ ដូច្នេះ ចូលរួមស្វាគមន៏ ចំពោះអ្នករងគ្រោះ និង គ្រួសារ គឺ « បាទ ឬ ចាស » តែ អគុណ ចំពោះ បនភ្នំពេញ គឺ « ទេ ឬ គ្មាន » ព្រោះវាជា គោលការណ៏ នៃ យុត្តិធម៏ និង សីលធម៏។ យើងពុំអាច អគុណ ដល់ជនទុច្ចរិតបាននោះឡើយ ព្រោះជនទុច្ចរិត ត្រូវទទួលទោសតាមច្បាប់ជាធរមាន និង បន្ទោស តាមផ្លូវសីលធម៏, បើពុំនោះទេ វាលែងមានអ្វី ដែលជា កុសល និង អកុសល នៅក្នុងសង្គមខ្មែរតែម្តង។ ជាឱទាហរណ៏ : ចោរ ចាប់មនុស្ស ជាចំណាត់ខ្មាំង ហើយ សម្លាប់បីនាក់ តែដោះលែង ដប់នាក់ មិនមែនជា ចោរឃាតករល្អនោះទេ គឺវានៅតែជា ចោរឃាតករ ដដែល។ គ្រប់អំពើដែលបនភ្នំពេញ បានប្រព្រឹត្ត មិនអាចមាន ស្ថានភាព បន្ធូរបន្ថយ (circonstance atténuante) នោះទេ។ អ្វីដែលពួកគេធ្វើ គឺធ្វើនៅក្នុងល្បិចខូច មានការពិចារណាជានិច្ច ដើម្បី អោយប្រជាពលខ្មែរ និង សត្រូវនយោបាយ របស់វា ធ្លាក់ក្នុងការភ្លេចភ្លាំង និង ពិការស្មារតី។

ចំពោះពួកកុម្មុយនិស្ត គឺ « មិត្តនៅថ្ងៃនេះ គឺ សត្រូវនៅថ្ងៃស្អែក » ហើយ កលយុទ្ធបង្រួបបង្រួម និង កលយុទ្ធវាយប្រហារនេះ ជារបៀបដែលកុម្មុយនិស្ត ច្រើនប្រើជាងគេបំផុត ក្នុងការប្រយុទ្ធរបស់វា ប្រឆាំងនិងបច្ចាមិត្ត៕    

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens