បទព្រហ្មគីតិ
ផ្កាក្នុងសួន
ព្រលឹមព្យោម[1]ត្រជាក់ ទឹកភ្លៀងធ្លាក់អង្អែលកាយ
ចិត្តប្រុសសែនសប្បាយ ក្លិនផ្កាភាយនៅក្នុងសួន។
ម្លិះលាក្រអូបដាច់ ពណ៍សល្អាច់[2]ដូចម្លិះរួត
កុលាបក្រហមមួន[3] ស្រទាប់ធ្លួង[4]បង្ហាញឆោម។
រំយោលរំដួលឆើត ល្ងាចបង្កើតសារគន្ធទិព្វ
នាសា[5]ប៉ះទង្គិច ស្នេហាទិចដួងជីវា។
ចំប៉ីចំប៉ារីក ក្នុងសួនរឹតតែប្រាថ្នា
គយគន់មើលបុស្បា[6] គ្រប់ពណ៏ផ្កាពេញក្រមុំ។
ផ្កាកែវសែត[7]ស្អាតសម ជាសម្រស់ក្នុងកញ្ចុំ
គន្ធាប្រមូលផ្តុំ មិនចាញ់មុំឈ្មោះក្រវាន់។
លឿងខ្ចីត្រជាក់នេត្រ ចិត្តនឹកនែបផ្កាផ្ងរលាន់
ក្បែរផ្កាកំពុងលាស់ ចេញសម្រស់គឺយីហ៊ុប។
ផ្កាដុះជិតរំយោល ក្រហមយោលប្រមផ្កាម្រុម
ផ្កាមេអំបៅរុង[8] អង្គរជុំលំអសួន។
ច្បារមានស្រះទឹកថ្លា ផលិតផ្កាព្រលឹតនួន[9]
ផ្កាលំចង់ដុះរួម គ្មាននឹកព្រួយក្នុងវារី។
នេះពិតជាសួនសេដ្ឋ[10] ជាឋានទេពនៃជីវី
ផ្កាមាលតីតាំងទី ក្បែរដែនដីកណ្តឹងឈូក។
ល្អឆើតផ្កាកំភ្លឹង លួចសម្លឹងខ្យងទន់ឃ្លួប[11]
និរតីផ្កាលាក់ខ្លួន តែមិនពួននឹងវិភា។
កំពីងពួយ[12]តាំងយូ ពូជតែមួយលើពសុធា
ដុះមិនឆ្ងាយក្នុងធ្លា មានគ្នាជាផ្កាស្រលិត។
ផ្កាប្រាក[13]អង្គាដី ពន្លកខ្ចីនៅតូចល្អិត
ក្រោមភ្លៀងទឹកអម្រឹត ស្រោចដកខឹមផ្កាក្រពុំ។
រាក់ក្រហមជ្រែកផ្តុំ ថ្កូវនៅជុំផ្ការាំងភ្នំ
ក្នុងទីផ្សាំជំរុំ ផ្កាក្រមុំបន្សាំពូជ។
បាយដំណើបផ្កាល្អ ផ្កាកម្រមានក្នុងសួន
កេសរកូល[14]ជួបជួន ឆដាស្ងួនជានិមិត្ត។
សួនឧមា[15]ជាឋាន ភពទេព្តាសួស្តីញាតិ
គ្រប់មិត្តជាមនុស្សជាតិ មកស្រូបធាតុគន្ធក្រអូប។
មកកំសាន្តចិន្តា ជាកីឡាសំរាប់រូប
ចាប់កម្លាំងមករួប ដើម្បីរស់ក្នុងមង្គល។
[6] បុស្បា, ផ្កាគ្រប់យ៉ាង។
[10] សេដ្ឋ, ប្រសើរល៉ើសលន់។
[11] ខ្យងទន់ឃ្លួប, limace។
[12] ផ្កកំពីងពួយ ឬ តាំងយូ។
[14] កេសរកូល ឬ ផ្កាអ័រគីដេ។
[15] សួនឧមា, សួនសន្តិភាព។