រំលាធ្លាក់លើដី រដូវថ្មីភ្លៀងរុករាន នាំបាត់នូវរូបរាង ជានិទាឃកាលជ្វាលា។ តែខ្យល់ល្វន់ផាយផាត់ ចិត្តរសាត់លើវិហា មិនដឹងដល់ទីណា ជាយាត្រាផ្លូវអាកាស។
រំលាធ្លាក់លើដី រដូវថ្មីភ្លៀងរុករាន នាំបាត់នូវរូបរាង ជានិទាឃកាលជ្វាលា។ តែខ្យល់ល្វន់ផាយផាត់ ចិត្តរសាត់លើវិហា មិនដឹងដល់ទីណា ជាយាត្រាផ្លូវអាកាស។
បទព្រហ្មគីតិ
ផ្កាក្នុងសួន
ព្រលឹមព្យោម[1]ត្រជាក់ ទឹកភ្លៀងធ្លាក់អង្អែលកាយ
ចិត្តប្រុសសែនសប្បាយ ក្លិនផ្កាភាយនៅក្នុងសួន។
ម្លិះលាក្រអូបដាច់ ពណ៍សល្អាច់[2]ដូចម្លិះរួត
កុលាបក្រហមមួន[3] ស្រទាប់ធ្លួង[4]បង្ហាញឆោម។
រំយោលរំដួលឆើត ល្ងាចបង្កើតសារគន្ធទិព្វ
នាសា[5]ប៉ះទង្គិច ស្នេហាទិចដួងជីវា។
ចំប៉ីចំប៉ារីក ក្នុងសួនរឹតតែប្រាថ្នា
គយគន់មើលបុស្បា[6] គ្រប់ពណ៏ផ្កាពេញក្រមុំ។
ផ្កាកែវសែត[7]ស្អាតសម ជាសម្រស់ក្នុងកញ្ចុំ
គន្ធាប្រមូលផ្តុំ មិនចាញ់មុំឈ្មោះក្រវាន់។
លឿងខ្ចីត្រជាក់នេត្រ ចិត្តនឹកនែបផ្កាផ្ងរលាន់
ក្បែរផ្កាកំពុងលាស់ ចេញសម្រស់គឺយីហ៊ុប។
ផ្កាដុះជិតរំយោល ក្រហមយោលប្រមផ្កាម្រុម
ផ្កាមេអំបៅរុង[8] អង្គរជុំលំអសួន។
ច្បារមានស្រះទឹកថ្លា ផលិតផ្កាព្រលឹតនួន[9]
ផ្កាលំចង់ដុះរួម គ្មាននឹកព្រួយក្នុងវារី។
នេះពិតជាសួនសេដ្ឋ[10] ជាឋានទេពនៃជីវី
ផ្កាមាលតីតាំងទី ក្បែរដែនដីកណ្តឹងឈូក។
ល្អឆើតផ្កាកំភ្លឹង លួចសម្លឹងខ្យងទន់ឃ្លួប[11]
និរតីផ្កាលាក់ខ្លួន តែមិនពួននឹងវិភា។
កំពីងពួយ[12]តាំងយូ ពូជតែមួយលើពសុធា
ដុះមិនឆ្ងាយក្នុងធ្លា មានគ្នាជាផ្កាស្រលិត។
ផ្កាប្រាក[13]អង្គាដី ពន្លកខ្ចីនៅតូចល្អិត
ក្រោមភ្លៀងទឹកអម្រឹត ស្រោចដកខឹមផ្កាក្រពុំ។
រាក់ក្រហមជ្រែកផ្តុំ ថ្កូវនៅជុំផ្ការាំងភ្នំ
ក្នុងទីផ្សាំជំរុំ ផ្កាក្រមុំបន្សាំពូជ។
បាយដំណើបផ្កាល្អ ផ្កាកម្រមានក្នុងសួន
កេសរកូល[14]ជួបជួន ឆដាស្ងួនជានិមិត្ត។
សួនឧមា[15]ជាឋាន ភពទេព្តាសួស្តីញាតិ
គ្រប់មិត្តជាមនុស្សជាតិ មកស្រូបធាតុគន្ធក្រអូប។
មកកំសាន្តចិន្តា ជាកីឡាសំរាប់រូប
ចាប់កម្លាំងមករួប ដើម្បីរស់ក្នុងមង្គល។
[1] ព្យោម, ខ្យល់។
[2] ល្អាច់, សង្ហា។
[3] មួន, មាំ, ធំ។
[4] ធ្លួង, ចំហធំ។
[5] នាសា, ច្រមុះ។
[6] បុស្បា, ផ្កាគ្រប់យ៉ាង។
[7] សែត, ពណ៏ស។
[8] រុង, ដែលចម្រើន។
[9] នួន, ផូរផង់។
[10] សេដ្ឋ, ប្រសើរល៉ើសលន់។
[11] ខ្យងទន់ឃ្លួប, limace។
[12] ផ្កកំពីងពួយ ឬ តាំងយូ។
[13] ប្រាកពណ៍ក្រហមឆ្អិន។
[14] កេសរកូល ឬ ផ្កាអ័រគីដេ។
[15] សួនឧមា, សួនសន្តិភាព។
បទពំនោល
ថ្ងៃថ្មីពន្លឺព្រឹមៗ មាត់ឈ្មោលរងៀវ
សំនៀងស្រួចកួចចិត្តា។
ប្រុសព្រាត់គូស្នេហ៏ឯកា ខំថែស្នេហា
វាសនាកំរិតដោយកម្ម។
បងមានហិរិ[1]នៅចាំ វាជាកម្មផល
ទុក្ខផ្តល់នូវទោសកាលចិត្ត[2]។
តែស្រីអកម្មកំរិត គ្មានទោសតាមផ្តិត
ក្នុងចិត្តត្រូវបែកសង្សារ។
នេះជាផ្លូវជាវេរា នៅលើពសុធា
ស្នេហានៃតរុណវ័យ[3]។
មិនផុតពីបរាជ័យ ព្រោះទិន្នន័យ
ស្រ្តីត្រូវគោរពឱម៉ែ។
អូនរៀបការព្រោះចង់ថែ កេរ្តិ៍មិនឲប្រែ
ជាផ្លែគ្មានពូជខ្ជាប់ខ្ជួន។
ភ្លេងការខ្ទ័រឲញ័រខ្លួន ព្រោះបងនឹកស្ងួន
គង្គួន[4]នឹងខ្លួនអភព្យ។
បងថ្លែងក្នុងចិត្តរៀបរាប់ ពីរឿងសម្ព័ន្ធ
ចិត្ត សព្វ[5]ក្នុងគ្រាដំបូង។
ដែលជាស្នេហាដូចត្បូង ចាំងពេញបេះដូង
ស្មើដួងខែពេញបូណ៏មី។
តើប្រស័យ[6]មានប្រណី ពីក្នុងចិត្តស្រី
ពេលស្តីប្រាប់ថាត្រូវឃ្លាត ?
សម្លាប់បងដោយពេជ្ឈឃាត ជានរឃាត
មច្ចុរាជទុកជាទោសស្នេហ៏។
បទពាក្យ៦
សម្លេងទ្រហឹងរៃយំ ភ្លេងប្រគុំគ្មានចង្វាក់
ក្នុងព្រឹក្សាថ្ងៃប្រញាប់ គងឆាប់លើនភាបាទ[1]។
យំស្រណោះក្បែរសត្វទាក ទស្សនាគ្មានការបារម្ភ
យំរៀបរាប់ពីអារម្មណ៏ តើអ្នកថប់ពីរឿងអ្វី?
ក្បែរមាត់ទឹកយប់ថ្មី ចង់ស្តីរករៃជាមិត្ត
សួររកហេតុឲដឹងពិត ពិបាកក្នុងចិត្តម្នោម្នះ។
ព្រោះយំរន្ទឺខ្លាំងម្លេះ ឮពី-រនះ[2]រនាម[3]
ស្មើនឹងរាវី[4]ព្រះរាម គំរាមដើររកសីតា។
យំឲនរណាមេត្តា ទេព្តាក៏គ្មានចេតនា
ចង់ស្តាប់រឿងវេទនា រវល់ជួយវេររាត្រី។
ជំនួសសតរង្សី[5] យប់ថ្មីសំរាប់ព្រះចន្ទ
ជ្វាលា[6]នៃសោម[7]បញ្ចាំង ព្រះច្ជាយាចន្ទ[8]ពីស្រះ។
ចន្ទនិងរូបសោមប្រទះ កំដរដោយត្រៈ[9]សោក[10]រៃ
ដែលជាល្អាន[11]ប្របជាយព្រៃ តន្ត្រីនៃអកុសល។
រៃយំរៀបរាប់មិនសល់ មិនគិតរវល់បូណ៏មី
មិនយល់ពីទុក្ខព្រោះអ្វី មិនស្តីរកចន្ទពេញវង់។
បទអក្សរលូន
ទោះបីឆ្នាំដើរគ្មានសំរាក
លើដ្ឋានផ្ការីកល្អប៉ប្រៃ
ប្រុសនៅចាំច្បាស់ចិត្តស្រីថ្លៃ
ក្រងជានិស្ស័យស្នេហ៏ដំបូង។
ចិត្តប្រុសភក្តីស្រីចំរើន
ផ្កាច្រើនក្នុងសួនមានតែមួយ
អមដោយទងស្លឹកនៅជាត្រួយ
ចិត្តគ្មានភ័យព្រួយលួចស្នេហ៏អូន។
នាងចាំបានទេបងនៅក្បែរ
អូនបែរភក្ត្រស្ងួនញញឹមដាក់
បងស្រូបសម្រស់គ្មានរអាក់
ចំរើនហុចហត្ថឲអង្គញ់។
បងបោះជាល្បែងបុរាណខ្មែរ
ទុកក្នុងអត្តៈជាភក្តី
ចំរើនសេរីដឹងទាំងអស់។
អូនចាំបានទេថាបងហ៊ាន
អញ្ជើញបំពានច្បាប់ស្ត្រី
នាំគ្នាទៅមើលកុនល្បាញល្បី
តែនាងមិនស្តីបណ្តេចចេញ។
បងចាំទាំងអស់ចរិតស្រី
ជៀស្នជ័យ[3]ប្រៀបស្មើនឹងរូបឆោម
ដំណើរអូនស្រាលដូចរាំល្ខោន
ចំរើនមានលោមណ៏[4]ផ្គួបនិងចិត្ត។
បង្កើតស្នេហាភ្លេចមិនបាន
ក្នុងដ្ឋានកំណើតនៃមនុស្សា
មានច្បាប់វាសនាដែលត្រូវប្តូរ
នរូ[5]ព្រាត់គ្នាមិនបានលា។
ព្រោះជាផលកម្មជាធម្មជាតិ
មិនអាចប្រជ្រៀតការជំទាស់
មិនអាចនឹងវាស់ទំហំទុក្ខ។
យុពា[8]ជាធាតុបងនិងអូន
បុត្តា[9]ជាកូនមានត្រកូល
ជួបគ្នាក្នុងគ្រាវេនយប់ចូល
ខ្លីណាស់ពៅអូនបងត្រូវបែក។
មិនហ៊ាននឹងស្រែកលាចរណៃ
ស្រីថ្លៃក្រពុំលែងយល់ដឹង
នូវហេតុផលអ្វីខ្លាំងដល់ម្លឹង
បាត់សូន្យដំណឹងគ្មានរំឭក។
ទាវអឺយបងដើរលើផ្លូវស្នេហ៏
ផ្លូវមានបែកខ្សែគូសង្សារ
ស្រឡាញ់ស្មើគ្នាលើពសុធា
ជាកម្មវេរាជាបុរស។
ស្រឡាញ់គេស្មោះជាគូកាយ
ស្នេហ៏អូនទូលាយជាគូចិត្ត
មានច្បាប់ពង្រាង[10]បច្ចាមិត្ត
ប្រើចិត្តសាវាស្ទូចអកុសល។
សីតកាល[11]យូរឆ្នាំកន្លងទៅ
ចិត្តនៅនឹកដល់បំណះស្នេហ៏[12]
សុំជូនពរស្រីឲជួបតែ
ជីវិតលែងប្រែក្នុងមង្គល។
គ្មានអំពល់ទុក្ខមានពំនឹង
រំដឹងស្នេហាក្នុងវាសនា
តាមផ្លូវល្អក្នុងវដ្តសង្សារ
ដែលជាចិត្តាដូចបំណង។
ទំនួញនាងទាវ
១៤ តុលា ២០១៨
បទពាក្យ៧
ទាវតន់ឃើញសពទុំស្នេហា
ស្រវាកាយាផ្អោបនឹងទ្រូង
អាសូរប្តីស្លាប់ប្រាណស្តឹងស្តូក
ព្រោះតែចាញ់ភូតម៉ែជរា
ទាវយំយែកប្តឹងអស់ទេវតា
និងអ្នកតារស់លើព្រឹក្សា
ធ្វើជាសាក្សីក្នុងទុរា
ជាស្រីជីវាព្រាត់ស្វាមី។
ប្រណម្យជុលី[1]ដាក់លើក្បាល
កាយក្រាបលើសពថ្លៃជាប្តី
ពេញក្របខណ្ឌក្នុងច្បាប់ឥន្ទ្រិយ[2]
ដែលជារស្មីច្បាប់ព្រះខាន់
ឥឡូវដេកស្លាប់ចោលជីវា
លែងមានវាចាឆ្លើយប្រចាន់
ប្រកាន់ភរិយាព្រោះស្រឡាញ់
ប្រមាញ់ស្នេហ៏អូនគ្មានគុំគួន។
បងអឺយហេតុអ្វីខឹងដល់ម្លឹង
មិនថ្លឹងច្បាប់ស្តេចទុកជាក្បួន
ប្រឆាំងអ្នកម៉ែនិងអជូន
បង្វិលជំនូនបិទស៊ីការ
ឥឡូវបងស្លាប់ព្រោះស្រឡាញ់
ដ្បិតក្នាញ់នឹងអូនចូលរោងការ
ចិត្តក្បត់នឹងប្រុសជាសង្សារ
សន្យាថារស់ស្លាប់ជាគូ។
សំណព្វចិត្តគ្រប់ករណី
សព្វគ្រប់វិន័យជាគំរូ
ជីវិតរួមគ្នាគ្មានទំនោរ
បែកគូកម្មគ្មានការបូជា
ឥឡូវត្រូវស្លាប់តាមប្រុសថ្លៃ
ព្រោះជាតម្លៃភរិយា
ដែលអូនទុកជាការបូជា
ដូចជាជំនា[3]នៃភក្តី។
កំណាព្យ : បទពាក្យ៧
ទាវស្លាប់ព្រោះទុំ
ទុំប្រចាន់លែងគិតពីច្បាប់
មិនបានរាយរាប់ដល់មច្ចុរាជ
ថាខ្លួនមានចុតហ្មាយពីរាជ្យ
មកដោះយកទាវជាភរិយា។
ពីក្រោមឥទ្ធិពលនៃមាតា
ប្តេជ្ញាយកទាវមករៀបការ
បំពានច្បាប់ខ្មែរគ្រប់ប្រការ
គ្មានចិត្តមេត្តាដល់អាត្មា។
ទុំផឹកស្រវឹងក្បែររោងការ
លែងពិចារណាតាមប្រាជ្ញា
គិតតែពីស្រែកច្រៀងឡូឡា
រកទាវស្នេហាគ្មានគិតស្នៀត។
ត្រូវគេអូសយកទៅប្រហារ
លុះក្ស័យជីវាទាំងអាធ្រាត
តម្រូវឲទាវធ្វើអត្ថឃាត
តាមសម្ព័ន្ធភាពអនន្ត។
ឧប សៅ សង្ហា
កំណាព្យ : បទពាក្យ៩
សមរភូមិ
យើងចេញច្បាំង ដើរទៅមុខ ចូលវាយខ្មាំង
ក្នុងនាមឆ្មាំ រដ្ឋាខ្មែរ ការពារដី
ចេនឡាឈ្មោះ ជើងល័ព្ធទ័ព រដ្ឋសេរី
ស្រុកខ្មែរថ្មី ប្រជាជាតិ មានកម្លាំង។
ទន្ទ្រានពី ចោរឈ្លានពាន គ្មានមេត្តា
យើងសន្យា ពេលថ្ងៃលិច វាយតបខ្មាំង
ភ្នំសន្ទុក សមរភូមិ យើងប្រឆាំង
ជាកម្លាំង កងពលតូច លេខប្រាំបី។
អាគ្នេយ៏ភ្នំ កងសេនា តូចកម្លាំងស្រួច
ចូលវាយយួន កម្មុយនិស្ត មារសាសនា
ខ្មាំងបាញ់ត្រូវ មិត្តសម្លាញ់ បុត្រខេមរា
ក្តួលឱរា ហូរជលនេត្រ ក្បែរសពវង ។
ឧប សៅ សង្ហា
ជើងល័ព្ធទ័ព, ប្រតិបត្តិការសឹក។
វង, អ្នកថ្លៃ។
កំណាព្យ បទពាក្យ៧
ក្រដាស-ស
ចិត្តតប់ប្រមល់ចង់និពន្ធ
អំពីជិពជន្មលើក្រដាស
ផ្សាយប្រាប់ដល់អស់ញាតិសន្តាន
ពីចិត្តពោរពាសសព្វរឿងរ៉ាវ។
រឿងចិត្តរឿងជាតិគ្មានចន្លោះ
គ្មានខ្ចោះចារជារឿងប្រឡោះ
ក្នុងខ្សែជីវិតផ្ជាប់ចន្លោះ
ខ្លួននិងជាតិបោះជាសតិ។
តែភ្នែកផ្តោតលើក្រដាសស
ចិត្តមិនបន្តជាអក្សរ
ព្រោះតែមានខួរជាអ្នកក្រ
តម្រិះលំអជាអ្នកចេះ។
មិនដូចអ្នកប្រាជ្ញជាកវី
ចេះឆ្លាតវាងវៃឆ្នៃសំដី
ថ្លែងបានសព្វគ្រប់ករណី
សរសេរដូចស្តីជាសិល្បៈ។
ឧប សៅ សង្ហា
ជិពជន្ម, ការរស់នៅរាល់ថ្ងៃ។ ប្រឡោះ, មួយលើកៗ, ចន្លោះពេល។