Overblog
Suivre ce blog Administration + Créer mon blog
7 mars 2019 4 07 /03 /mars /2019 16:00

តាំងតែពីឆ្នាំ១៩៤៦មកម្លេះ គេតែងនាំគ្នានិយាយថា ទុក្ខនៅស្រុកខ្មែរ គឺកើតមានឡើង ដោយសារអ្នកដឹកនាំខ្មែរ បានយកមកអនុវត្តលទ្ធិប្រជាធិតេយ្យ របស់មហាប្រទេសសេរី ដោយឥតបានធ្វើ ការអប់រំជាមុន ដល់ប្រជាពលរដ្ឋខ្លួន អំពីគោលការណ៏ នៃលទ្ធិប្រជាធិបតេយ្យ។ គេនិយាយទៀតថា ដោយសារប្រជាពលរដ្ខខ្មែរ មានទម្លាប់ ដូចប្រជាពលរដ្ឋដ៏ទៃទៀត នៅក្នុងដំបន់អាស៊ី រស់ក្រោមទម្ងន់ របបរាជាធិបតេយ្យ អស់ច្រើនសតវត្សមកហើយ បានជាមាន ការលំបាកច្រើន ដើម្បីយល់លំនាំ ក្នុងការអនុវត្តលទ្ធិប្រជាធិតេយ្យ។ យើងសួរជាសំណួរជាច្រើនថា : តើលទ្ធិប្រជាធិតេយ្យ ជាចំណេះវិទ្យាសាស្ត្រ ត្រូវចំាបាញ់រៀនវាឲចេះសិន មុននឹងយកវាមកអនុវត្ត ? ហេតុអ្វីក៏គេនាំគ្នា ដាក់កំហុស ជានិច្ច ដល់រាស្ត្រ នៅពេលណា មានបញ្ហា ក្នុងការប្រព្រឹត្តលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសមួយ ? តើមហាប្រទេសសេរី ត្រូវគេយកមកធ្វើ ជាគំរូដាច់ខាត នៃរបៀបអនុវត្តលទ្ធិប្រជាធិបតេយ្យ ?

Partager cet article
Repost0
24 février 2019 7 24 /02 /février /2019 05:40

រាជានិយមខ្មែរ ទោះបីពួកអ្នកប្រឆាំង ចង់ឬមិនចង់ ជារបបមួយបានកសាង មហិទ្ធានុភាព នៃស្រុកខ្មែរ។ ឧទ្ធង្គត គឺសម័យមហានគរ : ៥ សតវត្ស (សតវត្សទី៨ ដល់ ទី១៣) ក្នុងការវិវត្តន៍រហ័ស ពីឋានៈនគរចម្រុះ នៃពួកកុលសម្ព័ន្ធ រហូតដល់នគររៀបចំ មានឯកភាពជាតិ ផ្អែកលើព្រហ្មញ្ញសាសានា ជាវិធី នៃគំនិត នៃការដឹកនាំជាតិ។ ដើមសតវត្សទី៣ ព្រះបាទ ហ៊ុន ទៀន នាំព្រហ្មញ្ញសាសនា ចូលមកស្រុកខ្មែរ ហើយ ព្រះអង្គ ធ្វើបរិវត្តសង្គមចាស់ ឱ្យទៅជាសង្គមអារ្យៈ ដោយរក្សាឫសមូលដ្ឋានណា ដែលទុកជាដើមកំណើត នៃសង្គមខ្មែរ។ ដើមសតវត្សទី៩ ព្រះបាទ ជ័យវរ្មនទី២ (៨០២-៨៥០) បន្ទាប់ពីបានធ្វើសង្គ្រាមជេស្ឋជ័យ បង្រួបបង្រួមជាតិរួចមក ព្រះអង្គ រៀបចំរដ្ឋឱ្យមានបទដ្ឋាន នៃរដ្ឋបាលតែមួយ ដើម្បី សំរួល នូវការគ្រប់គ្រង នៃកិច្ចការរាជការ, ឯកសណ្ឋានភាព នៃជំនឿសាសនា ដោយយកលទ្ធិទេវរាជ ជាកម្លាំងចូលរកមជ្ឈមណ្ឌល ដើម្បី រាស្ត្រគ្រប់មជ្ឈដ្ឋាន និង គ្រប់ស្រទាប់ ទោះបីខ្លួន មានជំនឿបែបណាក៏ដោយ ឱ្យមកនៅក្រោមបារមី ព្រះមហាក្សត្រ មានឋានៈជា ចក្រវាតីន (ស្តេចចក្រវាល)។ រាជបដិវត្តន៏ ទាំងពីរយ៉ាងនេះ គឺនៅក្នុងគោលដៅតែមួយ គឺធ្វើឱ្យមាន សមតាភាព នៅក្នុងសង្គម និង សន្តិភាព នៅក្នុងរាជនគរ។

Partager cet article
Repost0
24 décembre 2018 1 24 /12 /décembre /2018 05:27

ចុចខាងលឿអត្ថបទស្រង់ដើម្បីអានអត្ថបទទសងមូលជាខ្នាតPDF

ប្រវត្តិសាស្រ្ត ស្តេចកន ជា ព្រឹត្តិការណ៍ ដ៏សំខាន់មួយ កើត មាន ឡើង ក្នុង ប្រវត្តិសាស្ត្រខ្មែរ នៅ ក្នុង សតវត្ស ទី១៦។ របបរាជានិយម តែង ទុក ស្តេច កន ជា ជន ក្បត់រាជបល្ល័ង្ក ព្រោះ ជា រាស្ត្រ ហ៊ាន ប្រឆាំងនឹង ព្រះមហាក្សត្រ ដណ្តើមរាជ្យ។ តែ ក្នុង អារម្មណ៍ខ្មែរមួយភាគ តែង ទុក ស្តេចកន ជា និមិត្តរូប នៃ ការតស៊ូរ វណ្ណៈ ឬ ជា ប្រជាបះបោរ ប្រឆាំងនឹង របប រាជានិយមផ្តាច់ការ។

នៅក្នុង អត្ថបទ នេះ​ ខ្ញុំ គ្មាន បំណង យក ព្រឹត្តិការណ៍ ស្តេចកន មក សរសេរ ជា ការសិក្សាប្រវតិសាស្ត្រ នោះឡើយតែគ្រាន់តែចង់ធ្វើ វិភាគ ចង់ យល់ដឹង អំពី ការពិត ដែល មាន កើតឡើង នៅក្នុង ព្រឹត្តិការណ៏នោះ។ ហេតុនេះឯងខ្ញុំ សូម អ្នកអាន មេត្តា អភ័យទោស ពី  ការសាកល្បង ពិចារណានេះ ហើយបើមានការឆ្គំឆ្គងត្រង់កន្លែងណាមួយ សូមអោយលោកអ្នកអាន ជួយបំភ្លឺ ឬ ធ្វើការរិះគន់ផងចុះ។

ប្រលោមលោក ប្រវត្តិសាស្ត្រ មាន ច្រើន ខ្លះដែរ នៅ ស្រុកខ្មែរ។ ប្រលោមលោក ដែល ល្បី មួយ នៅ ក្នុង សម័យ កុមាភាពខ្ញុំ គឺរឿង ព្រះចន្ទរាជា និព័ន្ធ ដោយកវី បីវ ឆៃលាង។លោក បាន យក ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ មកតាក់តែង សេសេរ ជាប្រលោមលោក ទាក់ទាញ អារម្មណ៍អ្នកអានឲ រស់ នៅក្នុង សាច់រឿង ដូចខ្លួន ជានាដករសកម្មមួយ នោះដែរ។ រឿង ព្រះចន្ទរាជា របស់ កវី បីវ ឆីលាង បង្ហាញ នូវ រូបភាព ស្តេចកន ជា ជនក្បត់ រាជបល្ល័ង្កល រីឯ ព្រះចន្ទរាជា វិញ ជាវិរបុរសជាតិ ដែលជាទស្សនកថា ជា ផ្លូវការនៃ របប រាជានិយម ដែល ជា របប ដែលអ្នកនិព័ន្ធ រស់នៅក្នុងពេលដែល គាត់ សរសេរប្រលោមលោកនេះ។

ចំពោះ ខ្ញុំ វីញ ខ្ញុំមិនកាន់ជើង ខាងណាឡើយ តែ គ្រាន់តែបង្ហាញ តាម ការយល់ឃើញ របស់ខ្ញុំផ្ទាល់ ថា អំពើណាដែល ជា អំពើ អវិជ្ជមាន និង វិជ្ជមាន សំរាប់ជាតិខ្មែរ របស់ គូរប្រឆាំងគ្នា គឺ ព្រះចន្ទរាជា និង ស្តេចកន តែប៉ុណ្ណោះព្រោះ ជម្លោះនេះ មាន លក្ខណៈ ជា ជម្លោះ រវាងបុគ្គល នឹង បុគ្គលផង រវាង វណ្ណៈ នឹង វណ្ណៈផង ហើយ ក៏ទុកជា ជម្លោះនយោបាយផង។ ហេតុនេះឯង អ្វី ដែល ខ្ញុំ លើកមក បង្ហាញ វា អាច ជា ចំណុចរសើប ដល់ អ្នកអាន ដែល មាន គោលនិយម លំអៀង ទៅ រក ខាងណាមួយ ដូច្នេះ សូម អ្នកអាន ទាំងនោះ ទុកការវិភាគ របស់ខ្ញុំ ជា គំនិត អព្យាក្រឹត ឈរលើ មូលដ្ឋាន អក្សសាស្ត្រ គឺ សេរីភាព នៃ ការនិព័ន្ធ សំរាប់ តែ បំរើ វិចិត្រសិល្បះតែប៉ុណ្ណោះ។

ការវិភាគ នៅ ទីនេះ គឺ ខ្ញុំ យក ឯកសារ ​លោក អេង ​សុត​ជា មូលដ្ឋាន។ ឯកសារ នោះ មាន ចំណងជើង ថា « មហាបុរសខ្មែរ-ព្រះរាជពង្សាវតាខ្មែរ »។ លោក អេង សុត ជា សមាជិក នៃ គណកម្មការ ប្រវត្តិសាស្ត្រ និង វប្បធម៏ ខ្មែរ។ លោក មាន អាជីព ជា ចៅក្រមប្រឹក្សា សាលាវិនិច្ជ័យ។ ឯកសារ នេះ លោក បាន ចុះផ្សាយ នៅ ទស្សវត្សរ៏ ៧០។ ឯកសារ នេះ ជា ព្រះរាជពង្សាវតា សុទ្ធសាធ ដែល បុព្វបុរស ខ្មែរយើង លោក បាន សរសេរ ទុក ក្នុង ក្រាំង ក៏ មាន ខ្លះ ចារ លើ ស្លឹករិត ក៏ មាន ខ្លះ ដើម្បី ទុក ជា កេរ៍្ត អោយ បច្ជាជន ដែល កើត ក្រោយ បានដឹង ជាតិកំណើត នៃ ប្រទេស របស់ខ្លួន អោយបានជាក់ច្បាស់ផង។

Partager cet article
Repost0
23 septembre 2018 7 23 /09 /septembre /2018 05:48

ចុចខាងក្រោមដកស្រង់អត្ថបទនេះ ដើម្បីអានអត្ថបទទាំងមូល ជាFichier PDF.

សហរដ្ឋអាមេរិក ធ្លាប់មានជ័យជំនះ នៅក្នុងសង្គ្រាមនៅប្រទេសកូរ៉េ គឺថា អាចរុញច្រាន កងទ័ពកូរ៉េខាងជើង វាយលុកចូលមកក្នុងទឹកដីកូរ៉េខាងត្បូង តែនៅពេលនោះដែរ ក៏គេអាចចាត់ទុកចិនប្រជាមានិត ជាអ្នកមានជ័យជំនះដែរ ព្រោះ អន្តរាគមន៏ផ្ទាល់ នៃកងទ័ពចិននៅកូរ៉េខាងជើង អាចខាឃាំងកងទ័ពអាមេរីកាំង មិនឲបន្តសង្គ្រាម រហូតកាន់កាប់កូរ៉េខាងជើងតែម្តង ព្រោះកងទ័ពអាមេរីកាំង អាចមានលទ្ធភាពនឹងអាច វាយយកកូរ៉េខាងជើងតែម្តង បើនៅពេលនោះ មានការអនុញ្ញាតពីលោក ប្រធានាធិបតីអាមេរីកាំង។ ដូច្នោះ ជ័យជំនះអាមេរីកាំង ទុកជាជ័យជំនះយោធា រីឯជ័យជំនះចិន អាចចាត់ទុកជាជ័យជំនះនយោបាយ។ តែនៅក្នុងករណីណាក៏ដោយ ជ័យជំនះទាំងពីរនេះ គឺត្រួតត្រាដោយនយោបាយ ព្រោះ នៅទីបញ្ចប់ មានការចរចា សំរាប់ស្វែងរកសន្តិភាពសម្របសម្រួល រវាង ចិន និង អាមេរីកាំង ហើយនិង រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង ដើម្បីបញ្ចប់សង្គ្រាមតាមសន្តិវិធី។ ជាការពិត សង្គ្រាមនៅយៀកណាម សហរដ្ឋអាមេរិក រើសយក យុទ្ធសាស្ត្រ និង ការទូត ប្រហាក់ប្រហែលនឹងសង្គ្រាមនៅកូរ៉េ គឺក្នុងនយោបាយ ទប់ទល់ ការរីកសាយ លទ្ធិកុម្មុយនិស្ត នៅដំបន់អាស៊ីទាំងមូល ដោយប្រើកម្លាំងយោធាច្រើនសម្បើម វាយតបកម្លាំងយៀកកុងនៅយៀកណាមខាងត្បូង និង ទម្លាក់គ្រាប់បែក នៅយៀកណាមខាងជើង ដែលជា អ្នកផ្តល់ជំនួយធនធានមនុស្ស ដល់ពួកយៀកកុង ដើម្បីបង្ខំយួនកុម្មុយនិស្ត និង សម្ពន្ធមិត្ត ជាពិសេសចិនប្រជាមានិត អោយចរចា បញ្ឈប់សង្គ្រាមតាមសន្តិវិធី។ បរាជ័យ នៃយួនកុម្មុយនិស្ត នៅឆ្នាំ ១៩៦៨ ក្នុង ការវាយប្រហារយោធា ដ៏ធំមួយនៅយៀកណាមខាងត្បូង[1] ក្នុងគោលដៅ ឲប្រជាជនយួនខាងត្បូង ងើបឡើង បះបោរជាទូទៅ ប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីរំលំ របបសាធារណរដ្ឋ យៀកណាមខាងត្បូង បង្ខំចិត្ត ពួកកុម្មុយនិស្តយួន អោយប្តូរយុទ្ធសាស្ត្រ ពីការវាយប្រហារតាមផ្លូវយោធា យកឈ្នះឆាប់រហ័ស មករក ការយកឈ្នះតាមដំណាក់ការ គឺ ប្រើកម្លាំងយោធាផង និង ការចរចាផង ដើម្បីធ្វើយ៉ាងណា អោយអាមេរីកាំង ដកកងទ័ពចេញពីយៀកណាមខាងត្បូងសិន បន្ទាប់មក ទើបវាយកងទ័ពយួនខាងត្បូងយកឈ្នះតែម្តង។ ដូច្នោះ កិច្ចព្រមព្រៀងសន្តិភាព ដែលពួកយួនកុម្មុយនិស្ត សុខចិត្ត ចុះហត្ថលេខា ជាមួយ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ នៅទីក្រុងប៉ារីស គឺប្រព្រឹត្តឡើងនៅក្នុងគោលគំនិតនោះឯង។ សួរថា តើ អាមេរីកាំង ចាញ់បោកយួន ? ចម្លើយ គឺអាមេរីកាំង មិនចាញ់បោកយួនកុម្មុយនិស្តនោះទេ តែគោលចំណង់អាមេរីកាំង គឺបោះបង់ចោល ឥណ្ឌូចិន តែម្តង មិនមែនគ្រាន់តែបោះបង់ របបសេរី នៅ ស្រុក យួន ខ្មែរ និង លាវ ប៉ុណ្ណោះទេ គឺ បោះបង់ ប្រជាជន ភាគច្រើន នៃប្រទេសទាំងបី ដែលមាន ជំនឿដោយគ្មានមន្ទិល លើកម្លាំងអាមេរីកាំង ថានឹងអាចទប់ទល់ កម្លាំងកុម្មុយនិស្តបាន ដើម្បី សេរីភាព និង លទ្ធិប្រជាធិបតេយ្យ។ សភាអាមេរីកាំង បោះបង់ប្រជាពលរដ្ឋឥណ្ឌូចិន លើវេទី នៃសេចក្តីសុខអាមេរីកាំង (tranquillité américaine) គឺការដោះដូរជាមួយយួនកុម្មុយនិស្ត នៃអ្នកទោសយោធាអាមេរីកាំង ដែល ជាប់ឃុំឃាំង នៅក្នុងជំរុំគុក របស់ពួកកុម្មុយនិស្ត។ នៅស្រុកខ្មែរ ចាប់ពីថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៣ សភាអាមេរីកាំង ហាមដាច់ខាត មិនអោយកងទ័ពអាកាសអាមេរីកាំង មានសកម្មភាពនៅស្រុកខ្មែរ មិនថែមតែប៉ុណ្ណោះ សភាអាមេរីកាំង ប្រកាសកាត់ជំនួយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដល់ សាធារណរដ្ឋខ្មែរ និង សាធារណរដ្ឋយៀកណាមខាងត្បូង ថែមទៀត។ ចាប់ពីឆ្នាំ ១៩៧៣មក ទឹកដីឥណ្ទូចិន បានក្លាយជាវាលប្រមាញ់ នៃបក្សកុម្មុយនិស្តយួន តាមសេរី៕

 

[1] នៅថ្ងៃទី៣០ មករា ឆ្នាំ ១៩៦៨ មួយថ្ងៃមុនបុណ្យព្រះខែ (Têt) កងទ័ពយួនកុម្មុយនិស្ត ចំនួន ៨ ម៉ឺននាក់ បើកការវាយប្រហារ ទៅលើទីក្រុងប្រមាណជាង១០០។ ការវាយលុកនេះ ធ្វើអោយមានការភ្ញាក់ដោយមិនដឹងខ្លួន នៃកងទ័ពអាមេរីកាំង និង យួនខាងត្បូងពិត តែ កងទ័ពទាំងពីរវាយទប់យ៉ាងស្វិតស្វាញបាន នាំអោយកងទ័ពយួនកុម្មុយនិស្ត ទទួល នូវការខូចខាត និង បាត់បង់ជីវិតច្រើនក្រៃលែង។ ម្យ៉ាងមួយទៀត ការនឹកស្មានថានឹងមានការបះបោរជាទូទៅ នៃប្រជាជន ក៏គ្មានមានកើតឡើងនោះដែរ។ យុទ្ធសាស្ត្រវាយប្រហារ សំរាប់ ជ័យជំនះរហ័ស នេះ គឺលោក Le Duan ជាអ្នកផ្តើមគំនិត ដែលនាំអោយគាត់ទទួល នូវការរិះគន់យ៉ាងខ្លាំង។ តែបន្ទាប់ពីការវាយប្រហារនោះមក មតិ នៃប្រជាពលរដ្ឋអាមេរីកាំង ប្រឆាំងនឹង សង្គ្រាមនៅយៀកណាម ក៏កាន់តែមាន ចំនួនកើនច្រើនឡើងដែរ។ បញ្ជាការជាន់ខ្ពស់ នៃកងទ័ព ក៏ទទួល នូវការរិះគន់ខ្លាំង ពីសំណាក់សាធារណៈជន។   

Partager cet article
Repost0
26 août 2018 7 26 /08 /août /2018 05:29

ចុចខាងក្រោមអត្ថបទស្រង់ដើម្បីអានអត្ថបទទាំងមូល ជា Fichier PDF.

អត្ថបទស្រង់

ព្រឹត្តិការណ៏

ដើម្បី ស្រួលតាមដាន លើអភិក្រម នៃការទំលាក់ សម្តេច សីហនុ យើងលើកយកព្រឹត្តិការណ៏សំខាន់ មកបង្ហាញជាកាលប្រវត្តិ មុន និង ក្រោយបន្តិច នៃថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០។

នៅថ្ងៃទី ៦ មករា ឆ្នាំ ១៩៧០, សម្តេច សីហនុ បានចាកចេញពីស្រុកខ្មែរ ទៅកាន់ស្រុកបារាំង យ៉ាងប្រយាប់ទាំងយប់ ដោយគ្មានប្រាប់រដ្ឋាភិបាលជាមុន។ ទ្រង់លើកយក ហេតុផល នៃសុខភាព ដែលតម្រូវអោយទ្រង់ទៅព្យាបាលនៅស្រុកបារាំង។

នៅថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៧០, រដ្ឋសភា ចាប់យក ករណី រត់ពន្ធក្រណាត់ពីក្រុងហុងកុង ដែលមាន វរសេនីយឯក អ៊ុំ មាណូរិន្ធ, រដ្ឋលេខាធិការ ក្រសួង ការពារផ្ទៃដីប្រទេស, មានជាប់ទាក់ទង ; លោកជា បងថ្លៃ នៃសម្តេច សីហនុ។

នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៩៧០ មានផ្ទុះបាតុកម្ម នៅខេត្តស្វាយរៀង ប្រឆាំងនឹង វត្តមានយៀកកុង នៅក្នុងដែនដីខ្មែរ។ ពួកបាតុករ តម្រូវអោយពួកយៀកកុង ចាកចេញពីស្រុកខ្មែរ ជាបន្ទាន់។

នៅថ្ងៃទី ១១ មីនា ឆ្នាំ ១៩៧០ មានផ្ទុះបាតុកម្ម មួយទៀត នៅទីក្រុងភ្នំពេញ ប្រឆាំងនឹង យៀកកុង និង យួនខាងជើង។ ស្ថានទូត នៃរដ្ឋាភិបាលបណ្ណោះអាសន្ន យួនខាងត្បូង (យៀកកុង) និង យួនខាងជើង បានត្រូវពួកបាតុករ ភាគច្រើនជា សិស្សវិទ្យាល័យ វាយកំទេច។

នៅថ្ងៃទី ១៤ មីនា ឆ្នាំ ១៩៧០, សម្តេច សីហនុ ផ្ញើ ទូលេខ ចំពោះ រដ្ឋាភិបាល នៅក្នុងនោះ ទ្រង់បញ្ចាក់ថា ទ្រង់មិនគាំទ្រ ពួកបាតុករ នោះឡើយ។

នៅថ្ងៃទី ១៦ មីនា ឆ្នាំ ១៩៧០ មានការប្រជុំមួយ រវាង ប្រតិភូខ្មែរ នឹង ប្រតិភូ យៀកកុង និង យួនខាងជើង តែគ្មានលទ្ធផល។ នៅថ្ងៃដដែលនេះ មានបាតុកម្មជាថ្មី ប្រឆាំងនឹងយួន នៅមុខរដ្ឋសភា ដែលកំពុង ប្រជុំ ពិនិត្យ ករណី រត់ពន្ធ ដែលមានលោក អ៊ុំ មាណូរិន្ធ មានជាប់ទាក់ទង។ ពួកបាតុករ ទាមទារ អោយរដ្ឋសភា ដោះស្រាយជាបន្ទាន់ នូវបញ្ហា តម្រូវអោយ ទ័ពយៀកកុង និង យួនខាងជើង ដកចេញពីដែនដីខ្មែរ។ រដ្ឋាភិបាល និង មហាក្សត្រីយានី ជាមាតា របស់សម្តេច សីហនុ សម្រេចបញ្ចូន ប្រតិភូមួយ មាន ឥស្សរជន បីនាក់, ទ្រង់ កន្ទល់, លោក យែម សម្បូរណ៏ និង ឧប គឹម អាង ទៅស្រុកបារាំង ដើម្បីពន្យល់ ដល់សម្តេច សីហនុ អំពី ស្ថានភាពពិត នៅក្នុងស្រុក តែ ទ្រង់ បដិសេធ មិនព្រមទទួលជួប ប្រតិភូនោះ។

នៅថ្ងៃទី ១៧ មីនា ឆ្នាំ ១៩៧០, លោក នល់ លន់ ប្រកាសតាមវិទ្យុ ចាប់ឃុំ វរសេនីយត្រី ប៊ូ ហែល, មេប៉ូលិស ទីក្រុងភ្នំពេញ, ពីបទ ប៉ុនប៉ង ធ្វើរដ្ឋប្រហារ ប្រឆាំងនឹង រដ្ឋាភិបាល។

នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០, នៅពេលដែល សម្តេច សីហនុ ធ្វើទស្សនកិច្ចជាផ្លូវការ នៅសហភាពសូវៀត, នៅម៉ោង ១៣កន្លះ ម៉ោងនៅកម្ពុជា សភាជាតិខ្មែរ បានបោះឆ្នោត ទំលាក់សម្តេច សីហនុ ពីតំណែង ប្រមុខរដ្ឋ។

នៅថ្ងៃទី ១៩ មីនា ឆ្នាំ ១៩៧០, លោក លន់ នល់ ប្រកាស នូវឱសានវាទ ចំពោះ យៀកកុង និង យួនខាងជើង អោយដកកងទ័ពខ្លួន ចេញពីដែនដីខ្មែរ ក្នុងរយៈពេល ៤៨ម៉ោង។ រីឯ សម្តេច សីហនុ ធ្វើការអំពាវនាវ តាមវិទ្យុ ពីទីក្រុង ប៉េកាំង សូមអោយខ្មែរ ងើបបះបោរ ប្រឆាំងនឹង រដ្ឋាភិបាល ដឹកនាំដោយលោក លន់ នល់ មានឈ្មោះថា រាជរដ្ឋាភិបាលស្រោចស្រង់ជាតិ។

យើងឈប់មួយរយៈសិន ដើម្បី ពិនិត្យ និង អត្ថធិប្បាយ អំពីព្រឹត្តិការណ៏ ដែលមានកើតឡើងនេះ។

សំនួរ ដែលជា បេះដូង នៃព្រឹត្តិការណ៏ គឺ : តើ អ្នកណា នៅពីក្រោយ នូវ ការបះបោរ ប្រឆាំងនឹង យៀកកុង និង យួនខាងជើង នៅខេត្ត ស្វាយរៀង និង ទីក្រុងភ្នំពេញ ?                

ក្នុងជំនួប សម្តេច សីហនុ ជាមួយលោក លន់ នល់[1] នៅទីក្រុងបារីស ក្នុងខែ កុម្ភៈ ឆ្នាំ ១៩៧០, អ្នកទាំងពីរ បានលើកយក បញ្ហា នៃវត្តមាន ទ័ពយួនកុម្មុយនិស្តនៅស្រុកខ្មែរ ដែលជាចំណុចក្តៅ នាំអោយបាត់ ភាពជឿជាក់ លើគោលការណ៏ នៃអព្យាក្រឹតភាពខ្មែរ ពីសំណាក់ សហគមអន្តរជាតិ និង ជាការរំខានដល់ ការប្រស្រ័យទាក់ទងតាមផ្លូវទូតជាថ្មី ជាមួយសហរដ្ឋអាមេរិក។ ត្រូវដឹងថា សម្តេច សីហនុ បានស្នើសុំអោយលោក លន់ នល់ ដឹងនាំ រដ្ឋាភិបាលស្រោចស្រង់ជាតិ ដោយមាន ផែនទីផ្លូវនយោបាយបីយ៉ាង : កែនយោបាយសេដ្ឋកិច្ច, ស្វែងរកផ្លូវថ្មី នៃអនាគតជាតិ និង ពិនិត្យឡើងវិញ នូវនយោបាយការបរទេស។

នៅពេលនោះ រដ្ឋខ្មែរ ស្ថិតនៅក្នុង ភាពក្ស័យទន់  រហូតគ្មានលុយសំរាប់ ចំណាយបៀវត្ស ដល់អ្នករាជការ។ សេដ្ឋកិច្ចជាតិ ឋិតនៅក្នុង ភាពសន្លប់ល្ហិតល្ហៃ (coma léthargique)។ ស្ថានភាពនេះគឺជាលទ្ធផល នៃនយោបាយសេដ្ឋកិច្ច តម្រង់ទិសទៅរក សេដ្ឋកិច្ចផែនការ នៃចលនាសង្គមរាស្ត្រនិយម។ រយៈពេល ដ៏រុងរឿង របស់ សង្គម វាមកដល់ទីបញ្ចប់, ដូច្នេះ កម្មវិធី សេរីវូបនីយកម្មសេដ្ឋកិច្ច នៃរដ្ឋាភិបាល ក្នុងវិស័យមួយចំនួន ត្រូវបានរដ្ឋសភា បោះឆ្នោតយល់ព្រមអោយអនុវត្ត។ នៅពេលសមាជជាតិ ចុងក្រោយ នៃរបបសង្គម, សម្តេច សីហនុ មានប្រតិកម្មប្រឆាំងនឹង នយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាល ដោយបញ្ជាអោយរដ្ឋមន្រ្តី ស្មោះនឹងព្រះអង្គ លាលែងពីតំណែង មុនបើកសមាជជាតិ ដោយទ្រង់នឹកស្មានថា រដ្ឋាភិបាលនឹងលាលែងដែរ។ ការរង់ចាំរបស់ទ្រង់ វាកើតឡើងផ្ទុយទៅវិញ គឺថា មិនគ្រាន់តែ រដ្ឋាភិបាល មិនលាលែងតែប៉ុណ្ណោះទេ គឺថែមទាំង រើសជំនួសភ្លាម រដ្ឋមន្រ្តីលាលែងពីតំណែង ហើយនៅពេលសមាជាតិ បានតតាំង ខ្លាំងក្លា នូវគ្រប់ ការចោទប្រកាន់ ពីវាគ្មិន បានរៀបចំដោយព្រះអង្គ ដើម្បីទំលាក់រដ្ឋាភិបាលអោយបាន។

ចំពោះ សម្តេច សីហនុ ព្រះអង្គខ្លួនឯង ទ្រង់មិនទទួលស្គាល់បរាជ័យ របស់សង្គម ដែលជាកូនជាទីស្រឡាញ់ របស់ទ្រង់។ ដូចយ៉ាង នៅខែ វិច្ជិកា ឆ្នាំ ១៩៦៨ ព្រះអង្គ បានរៀបចំ ធ្វើបុណ្យ ដ៏អ៊ឹកធឹក នៃការរំលឹកខួបទី ១៥ឆ្នាំ នៃ ឯករាជ្យជាតិ ដោយមាន តាំងពិព័រណ៏ជាសាធារណៈ នៃស្នាដៃ របស់សង្គម។ ដូច្នេះ ទ្រង់មិនអាចយល់ព្រមបាន នូវនយោបាយសេដ្ឋកិច្ចណាមួយ ដែលផ្ទុយ ពីនយោបាយសង្គម។ សួរថា នៅពេលជំនួប ជាមួយលោក លន់ នល់ តើទ្រង់អនុញ្ញាតអោយលោក លន់ នល់ សើរើ នូវទំនាក់ទំនងពិសេស របស់ព្រះអង្គ ជាមួយ ពួកយួនកុម្មយនិស្ត ដែរឬទេ ? ប្រាកដណាស់ហើយថា បញ្ហានេះ ទ្រង់ធ្លាប់បានលើកវាយក លាតត្រដាង ជាសាធារណៈ នៅឆ្នាំ ១៩៦៩ ចុះផ្សាយក្នុង ព្រឹត្តិប៍ត្រ ជាភាសាបារាំង[2] « Réalité » បង្ហាញ នូវទីតាំង របស់ពួកយួនកុម្មុយនិស្ត នៅក្នុងដែនដីខ្មែរ។ មួយវិញទៀត គឺនៅថ្ងៃទី១៩ មីនា ឆ្នាំ ១៩៦៧, សម្តេច សីហនុ បានធ្វើការអំពាវនាវសូមអោយប្រទេសទាំងឡាយទទួលស្គាល់ព្រំដែន និង គោរពបូរណភាព ដែនដីខ្មែរ។  ដូច្នេះ ច្បាស់ជាទ្រង់ លើកបញ្ហាដដែលនេះ មកពិគ្រោះគ្នា ជាមួយលោក លន់ នល់ ដែលជានាយករដ្ឋមន្រ្តី ជាពុំខាន។ តែត្រង់ថា ទ្រង់ បានញុះញង់ អោយមាន ធ្វើបាតុកម្មប្រឆាំងនឹង វត្តមានពួកយួនកុម្មុយនិស្ត នៅក្នុងស្រុកខ្មែរ វាហាក់បីដូចជា ព្រះអង្គស្តោះលើទ្រូងឯង ព្រោះនយោបាយ របស់ទ្រង់ វាពាក់ព័ន្ធនឹងបញ្ហានេះ។ មួយវិញទៀត លោក លន់ នល់ គាត់មិនហ៊ានស្នើ នូវ វិធីនេះ នោះដែរ ព្រោះ បញ្ហារសើបនេះ ខ្មែរទូទៅ ទុកជាពុទ្វសិទ្ធផ្តាច់មុខ របស់ព្រះប្រមុខរដ្ឋ។

ដូច្នេះ មេខ្លោង នៃ ការបះបោរ នៅខេត្តស្វាយរៀង វានៅតែជា កិច្ចការអាថ៍កំបាំង ចំពោះខ្មែរ។ ដែល វាជាការបើកទ្វារចំហ ដល់ការនិយាយខ្សឹបខ្សៀវ ជាការស្មាន នៅក្នុងគ្រប់មជ្ឈដ្ឋាន។ តែ ជនដែលគេសង្ស័យច្រើនជាងគេ គឺ ទ្រង់ សិរិមតៈ ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្រ្តី ទទួលបន្ទុក ក្រសួងមហាផ្ទៃ ព្រោះគេសង្កេតឃើញថា គ្រប់សកម្មភាពរដ្ឋាភិបាល នៃទ្រង់ គឺមានទម្រង់ទល់មុខចំហនឹង នយោបាយ របស់សម្តេច សីហុនតែម្តង។ តែការពិត ការបះបោរ នៅខេត្តស្វាយរៀង កើតមកពីការ មិនសប្បាយចិត្ត របស់ប្រជាកសិករសុទ្ធសាធ ដែលមានទំនាស់ជាមួយ ពួកយៀកកុង ព្រោះពួកនេះ ជួនកាល ហាមឃាត់ពួកគាត់ មិនអោយ ដើរឆ្លងកាត់ ទីតាំងគេ ទៅកាន់ ដីស្រែគាត់ ដោយលើកហេតុថា រក្សាសន្តិសុខ ដំបន់គេ។ នៅទីតាំង យៀកកុងខ្លះទៀត ពួកទាហ៊ានយៀកកុង គេទុកខ្លួនគេជាម្ចាស់ទឹកដីតែម្តង ដែលវានាំ បង្កើតរឿងរ៉ាវ ជាមួយអ្នកភូមិខ្មែរ ដែលរស់នៅក្បែរ ទីតាំងនោះ។ ការបះបោរនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១១ មីនា ក៏ជាការបះបោរ ដោយស្វ័យភាពដែរ ដើម្បីគាំទ្រកំហឹង នៃពួកបះបោរនៅខេត្តស្វាយរៀង។ ដោយសារ ក្រុមប៉ូលិស សំរាប់រក្សាសេចក្តីរៀបរយ ខ្វះសមត្ថភាព វាធ្វើអោយការបះបោរនោះ ក្លាយទៅជាការវៃកំទេច ស្ថានទូត ពួកយៀកកុង និង យួនខាងជើង។ លោក អ៊ិន តាំ, នយជន[3] ខ្មែរម្នាក់, មានប្រសាសន៏ថា បើសិនជាលោក ជាមេប៉ូលិស វិញ គឺលោក មិនឲការបះបោរ ក្លាយទៅជា អំពើហិង្សាដូច្នោះឡើយ។ ចំពោះលោក គឺវាមកពី កង្វះសមត្ថភាព នៃមេប៉ូលិសតែម្តង ដែលមានបេសកកម្ម ដើម្បី  ស៊ុម នូវការបះបោរ។ សំដីនេះ បញ្ចាក់ថា ការបះបោរនោះ មិនមែនជា ការរៀបចំច្បាស់លាស់ ពីក្រុមនយោបាយណាមួយ ចង់ប្រឆាំងនឹងសម្តេច សីហនុ ព្រោះនៅពេលនោះ ពួកបាតុករ នាំគ្នាលើក ឆាយាល័ក្ខណ៏ ព្រះអង្គ។ លោក និយាយបន្ថែមទៀតថា បើគ្មាន ការវៃកំទេច ស្ថានទូត គឺប្រហែលជាគ្មាន កើតព្រឹត្តិការណ៏ ថ្ងៃទី ១៨ មីនា នោះទេ។ ការបះបោរ នៅថ្ងៃទី ១៦ មីនា នៅមុខរដ្ឋសភា ក៏ជាការបះបោរដោយស្វ័យភាពដែរ ព្រោះវាជាការបន្តហេតុតែប៉ុណ្ណោះ តែនៅពេលនោះ មានការចែកខិត្តប័ណ្ណ ក្នុងនោះមាន ការញុះញុងអោយប្រឆាំងនឹងនយោបាយសម្តេច សីហនុ។ តែអ្នកចែកខិត្តប័ណ្ណពីរនាក់ ត្រូវពួកបាតុករ ធ្វើប្រជាទណ្ឌ កុំតែបាន ពួកប៉ូលិស ជួយយកចេញបាន កុំអី ត្រូវគេ វៃស្លាប់ ជាពុំខាន។ តែរឿង ពាក់ព័ន្ធនឹង ខិត្តបណ្ឌនេះ វាមានទំនាក់ទំនង ដោយប្រយោលនឹងទ្រង់ សិរិមតៈ។

នៅក្នុង បរិបទ នៃការផ្តាច់ទំនាក់ទំនង រវាង សម្តេចនឹង រាជរដ្ឋាភិបាល ដែល សម្តេច ជាអ្នកផ្តើមផ្តាច់, ទ្រង់ សិរិមតៈ តម្រូវ មានប្រតិកម្ម, ពុំនោះសោធ គឺច្បាស់ជា ទុកឱកាសអោយសីហនុ ចាប់យកព្រឹត្តិការណ៏បាន ដោយមានប្រតិកម្មហិង្សា ចំពោះ រាជរដ្ឋាភិបាល។ ទ្រង់យល់ឃើញថា សីហនុ ទុកទ្រង់ជាសត្រូវទី១ ដែលត្រូវតែកំទេចចោល ព្រោះវាជាទម្លាប់ នៃរាជវង្សានុវង្សខ្មែរ។ បើ រង់ចាំ ប្រតិកម្ម នៃលោក លន់ នល់ នៅចំពោះមុខ គ្រោះថ្នាក់នេះ គឺ ដូចជា រង់ចាំ ឃាតករ មកសម្លាប់ទ្រង់ តែម្តង។ មិនមែនថា ទ្រង់ គ្មានសេចក្តីទុកចិត្ត លើ លោក លន់ នល់ ដែលទ្រង់ទុកជា មិត្តល្អ នោះទេ តែទ្រង់ស្គាល់ ចិត្តគំនិត នៃនាម៉ឺនខ្មែរទូទៅ ថាគ្មាន សេចក្តីក្លាហាន តាមការអប់រំ ប្រទល់នឹង រាជសក្តិ ដែល សីហនុ ជាអវតា និង ជា ពន្លឺ នៃអត្ថភាព របស់ពួកគាត់។ ត្រូវដឹងថា នាម៉ឺនខ្មែរ មានសភាវគតិពីរយ៉ាងនៅសម័យនោះ : សភាវគតិ នៃសុភមង្គល ជាមួយ សម្តេចសីហនុ ជាព្រះ និង សភាវគតិ នៃហ្វូងសត្វ គឺថា ប្រតិបាទន៏ គ្មានលក្ខខណ្ឌ តាមលំដាប់បូរាណ[4]។  

នៅក្នុងប្រវតិសាស្ត្រខ្មែរ គ្រប់ការប៉ុនប៉ង របស់បថុជ្ជន ណាម្នាក់ ប្រឆាំងនឹង អំណាចស្តេច តែងតែទទួលបរាជ័យជានិច្ច ដូចយ៉ាង ស្តេចកន ទោះបីគាត់មាន ប្រជាប្រិយភាពច្រើនយ៉ាងណាក្តី ក៏នៅទីបញ្ចប់ គាត់ទទួលបរាជ័យ។ ដូច្នេះ គំនិតបដិវត្តន៏ ប្រឆាំងស្តេច ឬ លំដាប់បូរាណ នៅស្រុកខ្មែរ គឺជា អសិទ្ធិ (non-droit) សំរាប់ប្រជារាស្ត្រខ្មែរ។

លោក លន់ នល់ ជានាម៉ឺនខ្មែរ ទទួលការអប់រំពី សង្គមប្រពៃណី អោយគោរពបារមីស្តេច។ ចំពោះ លោក, ប្រភពដើម នៃជាតិខ្មែរ គឺ ស្ថាប័ន នៃរាជានិយម, ព្រះពុទ្ធសាសនា និង ទំនាមទំលាប់ នៃការរស់នៅ របស់ប្រជារាស្ត្រខ្មែរ តាំងពីបូរាណកាលមក។ ដូច្នេះលោក ទុកសម្តេច សីហនុ ជាតំណាងនៃប្រភពដើមខ្មែរ ដែលត្រូវតែគោរព។ បំពានដល់ បុគ្គលសីហនុ គឺទុកស្មើនឹងប្រព្រឹត្តល្មើស នៃប្រពៃណីជាតិ។ ការណ៏នេះ ជាការពិត នៅក្នុងសង្គមខ្មែរ ដែលជំរុញទ្រង់ សិរិមតៈ អោយដើរទៅមុខ មុនអ្វីដែលច្បាស់ជាមានកើតឡើង គឺ ប្រតិកម្មហិង្សា របស់សីហនុ។ ទ្រង់ដឹងថា ពេលវេលា កំពុងធ្វើការអោយសីហនុ ចំណេញកម្លាំងនយោបាយ បើទ្រង់ នៅរង់ចាំ នូវការសម្រេច របស់ លន់ នល់។ ចំពោះទ្រង់ ព្រឹត្តិការណ៏ ដែលកំពុងកើតឡើងនេះ ជាឱកាសដ៏ល្អ ដែលអាចនឹងបញ្ចប់ នូវរបៀបដឹកនាំជាតិ របស់សីហនុ ដែលធ្វើអោយប្រជារាស្ត្រខ្មែរ អាកខានដើរលើផ្លូវទំនើមនិយម និង កំពុងនាំប្រទេស រំអិលខ្លួន ចូលក្នុងទ្រុងយួនកុម្មុយនិស្ត។ ចំពោះ ទ្រង់ សិរិមតៈ, ដើម្បី ការរីកចំរើន នៃប្រជាជាតិ ត្រូវចាំបាច់ ធ្វើសុខតមកម្ម (harmoniser) នូវ គោលវិធីថ្មី នឹង គោលវិធីបូរាណ ដោយថែរក្សារបស់ចាស់ និង បង្កើតរបស់ថ្មី តាម ដំណើរ នៃការជឿនលឿន ទៅរក សមានកម្ម (assimilation) ពេញលេញ  ដោយឆន្ទៈស្ម័គ្រ តែជៀសវៀងដាច់ខាត បំផ្លាញប្រភពដើមពិសេស របស់ខ្មែរ ព្រោះអត្ថភាពនិមួយៗ សុទ្ធតែមាន ភាវៈអាស្រ័យហេតុ (raison d’être) របស់វា។ ទស្សនៈនេះឯង ដែលនាំអោយ ទ្រង់ សិរិមតៈ ចាប់ពីដើមពេល បង្កើត ចលនាសង្គមរាស្ត្រនិយម ទ្រង់ ក្លាយជា ប្រតិជនសញ្ជឹង (opposant silencieux) នឹង នយោបាយ សីហនុ ទោះបីទ្រង់មិនចង់ក្តី។ ចំពោះទ្រង់, សីហនុ គឺដូចជាកូនក្មេង ដែលមានចិត្តសាវ៉ា ហើយ គ្មាននរណាម្នាក់ អាចបាន់ស្មានបានថា ព្រះអង្គ ចង់ធ្វើអ្វីមួយពិតប្រាកដនោះឡើយ, តែបើសិនជា សម្រេចធ្វើអ្វីវិញ ព្រះអង្គ ទុក ជនណា ដែលមិនយល់ស្របនឹង គំនិតព្រះអង្គ ជាសត្រូវនឹងព្រះអង្គតែម្តង។ ក្រោយៗមក, កបិចិត្ត (caprice) នេះ វានាំអោយ សីហនុ រស់នៅឯកា ក្នុងភពមនោគត[5] លែងដឹង នូវស្ថានភាពពិត នៃប្រជាជាតិ។ ដូច្នេះ ព្រឹត្តិការណ៏ ដែលកំពុងកើតឡើង នាំអោយ ទ្រង់ សិរិមតៈ សួរជាសំនួរ ដល់ខ្លួនឯងថា តើអាច ទុកឲ សីហនុ បន្តដឹកនាំជាតិ ដែលមានរបៀបគ្រប់គ្រង និង នយោបាយ ផ្ទុយនឹងប្រយោជន៏ នៃប្រជាជាតិ ដែរឬទេ ? សំនួរ បែបនេះ ទ្រង់ ក៏មានចោទសួរដែរក្នុងចិត្ត ចំពោះលោក លន់ នល់ ដែលជាមិត្តភក្តិ និងជា គ្នីគ្នានយោបាយ នៃទ្រង់។ នៅសម័យនោះ ចំពោះមតិមហាជន គេទុក លោក លន់ នល់ ជាតំណាង នៃអភិរក្សនិយម, រីឯ ទ្រង់ សិរិមតៈ វិញ ជាតំណាង នៃទំនើបនិយម។ អ្នកនៅជុំវិញលោកទាំងពីរនេះ ហៅលោក លន់ នល់ ថា តាខ្មៅ, រីឯ ទ្រង់ សិរិមតៈ វិញ តា-ស។ នេះគឺជាភាពខុសគ្នា រវាងអ្នកទាំងពីរដែលកំពុងប្រឈមមុខនឹង ជោគវាសនារួម ក្នុងព្រឹត្តិការណ៏ប្រវត្តិសាស្ត្រមួយ គឺ ប្រទូសភាព រវាង អំណាចរាជសក្តិ ដែលគេទុកជា អំណាចព្រះ នឹង អំណាចរាជរដ្ឋាភិបាល ដែលមាន ប្រជាពលរដ្ឋជាម្ចាស់។ នៅក្នុង វិនិបាទ (épreuve) នេះ តម្រូវអោយមានសេចក្តីក្លាហាន លើសលប់ ពីសំណាក់ ពួកគូប្រឆាំងនឹងព្រះ ព្រោះវាជា វិនិបាទ ពិសេស ប្រទល់នឹង អំណាចរាជសក្តិ ដែលមានធាតុសម្មតិ ៣ យ៉ាង ស្ថិតនៅលើ អំណាចមនុស្សលោក :

១. ព្រះមហាក្សត្យ ជា អាណត្តិគហក (អ្នកទទួលអំណាចពី) នៃ ព្រះធរណី។

២. ព្រះមហាក្សត្យ ជា អាណត្តិគហក នៃ ច្បាប់លោកធាតុ  និង ព្រាហ្មណិកធម៏។

៣. ព្រះមហាក្សត្យ ជា អាណត្តិគហក នៃ ច្បាប់ លោកធាតុ និង ពុទ្ធកធម៍។

អំណាចនេះឯង ដែលសម្តេច សីហនុ ទ្រង់ ទាមទារ រហូត ក្នុងនាមព្រះអង្គ ជា ឧភយោរាជ និង ព្រះប្រមុខរដ្ឋអស់មួយជីវិត ទោះបីព្រះអង្គ បានបង្វែររាជ្យ ថ្វាយដល់ព្រះបិតា ហើយបន្ទាប់ពីព្រះបិតា សុគតទៅ ព្រះអង្គ ទុករាជបល្ល័ង អោយនៅទំនេរ ផ្ទុយនឹង រដ្ឋធម្មនុញ្ញ និង រាជប្រពៃណី។ ប្រទល់នឹង ចិត្តគំនិត អវិចារណ៏ របស់ សីហនុ បែបនេះ, វាពិបាកនឹងលើកយកច្បាប់ មករកខុសត្រូវ ជាមួយ ព្រះអង្គ ព្រោះព្រះអង្គ ទុកខ្លួន នៅលើច្បាប់ជាតិ។ ទ្រង់ សិរិមតៈ យល់ច្បាស់ណាស់ អំពី ចិត្តគំនិតនេះ ព្រោះទ្រង់ជាសមាជិក នៃព្រះរាជវង្សានុវង្ស។ ដូច្នេះ បើនៅតែស្វែងរកផ្លូវធម្មតា មកធ្វើជាដំណោះស្រាយ ជាមួយ សីហនុ គឺដូចជា ស្វែងរក ម្ជុល នៅក្នុងមហាសាគរ នោះឯង។ យល់ឃើញបែបនេះហើយ បានជាទ្រង់ អនុញ្ញាតឲចែកខិត្តប័ណ្ឌ នៅថ្ងៃទី ១៦ មីនា។

នៅសម័យនោះ ទ្រង់ សិរិមតៈ ទ្រង់ ជាតំណាង នៃអ្នកកែទម្រង់, នៃពួក យុវអ្នករាជការ ទទួលការអប់រំទំនើប និង បញ្ញវន្ត ដែលយល់ឃើញថា ប្រជាជាតិ ត្រូវការ នូវកំណែទំរង់ ប្រកដនិយមមួយ ដើម្បី ស្រោចស្រង់ជាតិ។ ជាការពិតហើយ របបសង្គមរាស្ត្រនិយម ផ្តល់ នូវ ផាសុកភាព ជាសម្ភារៈ និង មោទនភាព មួយរយៈពេល ដល់ប្រជាជាតិ តែគុណលក្ខណៈនេះ គឺទុកដូចជា « សេចក្តីសុខ របស់ពួកអ្នកជក់អាភៀន » តែប៉ុណ្ណោះ។ ប្រជាជាតិ ត្រូវការអ្វីថ្មីមួយទៀត ព្រោះ សង្គម បានបង្ហាញ នូវដែនកំណត់របស់ខ្លួន មិនតែប៉ុណ្ណោះ វាក្លាយជា មារ នៃកំណែទំរង់តែម្តង។ ពីដំបូង  គេចាប់ផ្តើមខ្សឹបគ្នា ចោទប្រកាន់ដល់ ពួកអ្នកអបអម នៃសម្តេច សីហនុ ថាជា ប្រភព នៃអកុសល។ ក្រោយបន្តិចមក, គេ យល់ឃើញថា នយោបាយ របស់ សីហនុ វាខាឃាំង មិនអោយស្រុកខ្មែរ ធ្វើទំនើបកម្មបាន។ ដូច្នេះ ពួក យុវរាជការ និង បញ្ញាវន្ត ភាគច្រើន ត្រៀមខ្លួនរួចជាស្រេច ដើម្បី គាំទ្ររាល់ការផ្តួចផ្តើមកំណែទំរង់ ដែលមានទ្រង់ សិរិមតៈ ជាអវតា។ បញ្ញាវន្ត ភាគច្រើន ជា អ្នករាជការ ដូច្នេះ វាពិបាកនឹងបែងចែក អោយដាច់ស្រឡះ រវាងអ្នកពីរប្រភេទនេះណាស់។ តែក្រោយមក មានលក្ខណវិនិច្ជ័យ បញ្ជេញដោយខ្លួនឯង នៅក្នុងមជ្ឈដ្ឋាន នៃ បញ្ញាវន្ត-មន្រ្តីរាជការជាន់ខ្ពស់ : ទុកជា បញ្ញវន្ត គឺ អ្នកដែលមិនប្រព្រឹត្តិ នូវអំពើពុករលាយ ឬ ជាអ្នកជឿនលឿននិយម។  

នៅក្នុងមជ្ឈដ្ឋាន ពាណិជ្ជករ, ស្ទើរតែទាំងអស់ មានដើមកំណើត ចិន និង យួន, ស្វាគមន៏ដល់ សេដ្ឋកិច្ចផ្សារ ដែលមាននៅក្នុងកម្មវិធី របស់រដ្ឋាភិបាលស្រោចស្រង់ជាតិ។ ដូច្នេះ វត្តមាន ទ្រង់ សិរិមតៈ នៅក្នុង រដ្ឋាភិបាល វាជាការធានាមួយបន្ថែម នូវការអនុវត្ត នៃកម្មវិធីនេះ។

ចំណែកលោក លន់ នល់ ជាអវតា នៃអ្នកអភិរក្ស ផ្តល់ នូវការធានា ដល់មជ្ឈដ្ឋាន នៃសហធម្មិក (clergé) ពុទ្ធសាសនា។ ប៉ុន្តែ ត្រូវដឹងថា សហធម្មិក តែងតែ ប្រកាន់យកជំហរ អព្យាក្រឹត ជានិច្ច ចំពោះមុខ អំណាចរដ្ឋ រួមទាំងរាជអំណាច។ មែនពិត, ពុទ្ធសាសនាទេវតា នៅស្រុកខ្មែរ ជាសាសនា, តែប្រជាជនខ្មែរ ទុកជា របៀបរស់នៅ របស់ខ្លួនតែម្តង : ខ្មែរ រស់នៅ តាមរីតិ នៃសង្ក្រាន្តពុទ្ធសាសនា, គោរព និង ហាត់ព្យាម នូវពុទ្ធសិក្ខាបទ, រហូតទុកជា គ្រឹះមួយ នៃប្រជាជាតិ ដូចយ៉ាង យកមកដាក់នៅក្នុង បាវចៈនាជាតិ។ ដូច្នេះ ពុទ្ធសាសនា មានផលប៉ះពាល់សំខាន់ ដល់ ជីវិតភាព របស់ប្រជាពលរដ្ឋខ្មែរ : ពុទ្ធសាសនា ជាអ្នកកំណត់ នូវជីវិត នៃវិញ្ញាណ និង ជីវិត ទៅអនាគតកាល របស់ខ្មែរម្នាក់ៗ។ មហោទ្ធនុភាព អធ្មមជាតិ និង អាថិកំបាំងនេះ ធ្វើសកម្មភាពជានិច្ច នៅក្នុងការរស់នៅ របស់ខ្មែរ។

 

[1] លោក លន់ នល់ នៅពេលនោះ អញ្ជើញទៅព្យាបាលជម្ងឺនៅស្រុកបារាំង តាំងពីខែ  សីហា ឆ្នាំ ១៩៦៩ ម្លេះ។ នៅក្នុងរយៈពេលនោះ ទ្រង់ សិរិមតៈ, អនុនាយករដ្ឋមន្ត្រីទី១ ជាអ្នក ទទួលកាន់ដំណែង បណ្ណោះអាសន្ន ជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្រោចស្រង់ជាតិ។  

[2] ព្រឹត្តិប៍ត្រ ចះផ្សាយសំរាប់ រយៈពេលពីថ្ងៃទី ១៦ ដល់ ថ្ងៃទី២៥ កក្កដា ឆ្នាំ ១៩៦៩។

[3] នយជន ជាអ្នកនយោបាយ ទទួលកាន់កាប់អំណាចរដ្ឋណាមួយ ; le politique

[4] លំដាប់បូរាណ ; ordre ancien

[5] Le monde imaginaire.

Partager cet article
Repost0
30 juin 2018 6 30 /06 /juin /2018 18:45

នៅទីនេះ យើងលើកយក ទស្សនវិទូល្បីៗមួយចំនួន និង ទ្រឹស្តីសំខាន់ៗ មកបង្ហាញ ជាឈុត នៃការសិក្សា។ ត្រូវដឹងថា ទស្សនវិជ្ជា វាគ្មាននៅក្នុងវប្បធម៏ខ្មែរនោះទេ។ នៅពេលបារាំង គេមកត្រួតស្រុកខ្មែរ គេបានបញ្ចូលមុខវិជ្ជានេះ នៅក្នុងកម្មវិធីសិក្សាទំនើបខ្មែរ តែយុវជនខ្មែរនៅសម័យនោះ មិនសូវ ចាប់អារម្មណ៏នឹងមុខវិជ្ជានេះឡើយ ហើយថែមទាំង ចំអកលេងថា ជាវិជ្ជាសំរាប់មនុស្សឆ្កួតទៅទៀត ព្រោះនាំគ្នាសិក្សាទៅលើអ្វីៗ ដែលគ្មានរូប ហើយយកវាមកជជែកវែកញែក រកសេចក្តីពិត។ តែខ្មែរ ជាអ្នកកាន់ពុទ្ធសាសនា មិនបានចាំអារម្មណ៏ថា នៅក្នុងសិក្ខាបទ នៃព្រះដ៏មានព្រះភាគ ក៏មានលក្ខណៈ ជាការពិចារណាទៅលើ វត្ថុឥតរូបជាច្រើន, ធម្មជាតិ និង ទៅលើធាតុជាមនុស្ស ដែលព្រះអង្គទុកជាសត្វបញ្ញា (បញ្ញា ជាសភាវៈដឹងដោយពិសេស)។ បញ្ញានេះឯង ជាដួង នៃទស្សវិជ្ជា។ គ្មានបញ្ញា គឺគ្មានមនុស្សលោកនោះឡើយ ដូច្នេះ ដើម្បីអោយសត្វមនុស្ស ក្លាយជាមនុស្ស មនុស្សត្រូវការមានការអប់រំចិត្ត អោយមានបញ្ញា ព្រោះមនុស្សមានប

Partager cet article
Repost0
19 juin 2018 2 19 /06 /juin /2018 05:18

ចុចខាងក្រោមដើម្បីអានអត្ថបទទាំងមូល

សង្ខេបអត្ថបទ

ព្រឹត្តិការណ៏រពើតរពើង មានកើតឡើង តាំងពីស្រុកខ្មែរ ទទួលបានឯករាជ្យ គឺ កើតឡើងពីការរក្សាបរិសុទ្ធ នូវមនោគមវិជ្ជានយោបាយខ្មែរ មានតាំងពីបុរាណកាលមក។ ឥទ្ធិពល ដែលពួកអ្នកដឹកនាំជាតិ និង អ្នកចេះដឹង បានទទួល ពីឥណ្ឌា ពីបារាំង ពីប្រទេសជិតខាង និង ពីប្រទេសដទៃទៀតក្តី គឺ ពួកនោះ យកមកប្រលេះយកតែគំនិតណា ដែលវាសម ទៅតាមតែ ចិត្តគំនិតផ្តាច់ការ របស់ខ្លួន : ចំពោះពួកអ្នកដឹកនាំ គឺ អញនិយម, រីឯ ពួកអ្នកចេះដឹង វិញ គឺ សេយ្យមានៈ ចំពោះមុខប្រជារាស្ត្រ។ ចិត្តគំនិតទាំងពីរនេះ បង្កជា អំពើផ្តាច់ការ ដែលហៅថា លទ្ធិផ្តាច់ការ នៃវណ្ណៈ។ រជ្ជសញ្ញា រវាង រាស្ត្រ និង ពួកទាំងពីរខាងលើនេះ គឺ វាមិនផ្ជាប់គ្នា, គឺថា ទុកជា ចន្លោះចំហ ដែល រាស្ត្រ គាត់មិនអាចឆ្លងកាត់ ដោយគ្មានទោសបាននោះឡើយ។ តែត្រូវដឹកថា ប្រជារាស្ត្រខ្មែរ គាត់ក៏មិនដែលមានសោះ នូវឆន្ទៈនឹងឆ្លងកាត់នោះដែរ ដែលនាំអោយលទ្ធិនេះ វារចនាបានជា មនោគមវិជ្ជាមាំមួនបំផុត នៅក្នុងសង្គមខ្មែរ។ តែគេអាចនឹកក្នុងចិត្តបានថា ចុះហេតុអ្វីបានជា ពួកខ្មែរក្រហម និង ពួកអ្នកដឹកនាំបច្ចប្បន្ន ដែលមាន កំណើតជា រាស្ត្រសុទ្ធសាធ អាចឡើងកាន់អំណាចបាន ? ពួកទាំងពីរនេះ មិនមែនឡើងកាន់អំណាចដោយខ្លួនឯងបាននោះឡើយ, ដូចយ៉ាង : ពួកខ្មែរក្រហម គឺ ចិនកុម្មុយនិស្ត និង អាមេរិកាំង ត្រូវគ្នា នាំគ្នាលើកពួកនេះ អោយឡើងកាន់អំណាច។ ចំណែក ពួកអ្នកដឹកនាំសព្វថ្ងៃ គឺ យួនកុម្មុយនិស្ត គេយកមកបន្ថើរលើអំណាច ដើម្បីបំរើប្រយោជន៏យួនតែប៉ុណ្ណោះ។ តែត្រូវដឹងថា នៅពេលពួកនេះមកកាន់អំណាច ទោះជា អំណាចសិប្បនិម្មិត ឬ បំរើបរទេសក្តី គឺ ពួកនោះយកចរិត ជាជនផ្តាច់ការ សំរាប់ត្រួតត្រាប្រជារាស្ត្រ ដែលជាប្រភព នៃកំណើត របស់ខ្លួន។ គេនឹកក្នុងចិត្តថា តើស្រុកខ្មែរ ឬ សង្គមខ្មែរ ជាប្រទេសមួយ ដែលមិនអាចនឹងធ្វើកំណែទំរង់បាន សោះអី ? របបសង្គមរាស្ត្រនិយម, សាធារណរដ្ឋខ្មែរ, កម្ពុជាប្រជាធិបតេយ្យ និង រាជានិយមរស់ឡើងវិញ សុទ្ធតែមានឧបនិស្ស័យ ធ្វើកំណែទំរង់ប្រជាជាតិខ្មែរ ឲល្អប្រសើរ តែពួកអ្នកដឹកនាំ ពួកគាត់ តាំងខ្លួនឯកជាអ្នកចេះដឹង នាំគ្នាពាក់ងារ ជាបណ្ឌិត បន្តយកមនោគមវិជ្ជាចាស់ មកលាបពណ៏ថ្មី ធ្វើជាពុម្ភ នៃកំណែទំរង់ ដើម្បី បំរើប្រយោជន៏ផ្ទាល់ខ្លួន។ ចំណែក អ្នកចេះដឹង គ្រាន់តែមានសញ្ញាប័ត្រ នាំគ្នារស់រស់ សូមសុខ ឬ បំរើពួកអ្នកដឹកនាំតែម្តង។ ជាការពិតហើយ បើហ៊ានបញ្ចេញមតិជំទោះ គឺត្រូវគេសម្លាប់ដូចលោក កែម ឡី ឬ ត្រូវជាប់គុក ដូចលោក កឹម សុខា តែខ្មែរគួរដឹងថា គ្មានការតស៊ូ បំរើប្រជាជាតិ ណាមួយ គ្មានវិរបុរសនោះឡើយ។

នៅក្នុងពិភពលោកប្ចុប្បន្ន មាន ទម្រង់លោក ៦យ៉ាង : លោកប្រាកដនិយម, លោកសេរីនិយម, លោកកុលសម្ព័ន្ធនិយម, លោកម៉ាក្សនិយម, លោកបច្ចេកទេសនិយម និង លោកសង្គ្រាមនិយម, សួរថា តើស្រុកខ្មែរសព្វថ្ងៃ ស្ថិតនៅក្នុងលោកមួយណា ? បើយោងតាម មនោគមវិជ្ជាជាតិអវិជ្ជមាន នៃអ្នកដឹកនាំសព្វថ្ងៃ, ស្រុកខ្មែរ គ្មានអត្ថិភាពផ្ទាល់របស់ខ្លួនឡើយ ព្រោះ ប្រជាជាតិខ្មែរ រស់ជាប្រជាជាតិខ្ញុំ ចិន-យួន និង នៅក្នុង អនិស្សរភាពទាំងស្រុង នៃលោកកូបនីយកម្ម គ្រប់វិស័យ : នយោបាយជាតិ និង អន្តរជាតិ, សេដ្ឋកិច្ច និង នយោបាយអន្តោប្រវេសន៏ របស់យៀកណាម។ ជាថ្មីម្តងទៀត ប្រជាជាតិខ្មែរ ខក នឹងឡើងជិះ រថភ្លើង នៃលទ្ធិប្រជាធិបតេយ្យ ដែល កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ឆ្នាំ ១៩៩១ បើកឱកាសអោយឡើងជិះ។ គេនឹកក្នុងចិត្តថា តើបញ្ញាខ្មែរ ដែលគេសន្មត់ថា ពួកអ្នកចេះដឹងខ្មែរ ជាអវតា វាគ្មានសោះតែម្តង ? ឬ បញ្ញា នៃអ្នកចេះដឹងខ្មែរ វានៅក្រោមជានិច្ច នៃបញ្ញា របស់សពសម្តេច សីហនុ ដែល ពួកអ្នកដឹកនាំ និង ពួកអ្នកប្រឆាំង តែងតែទុកជា មរតកបញ្ញាជាតិ ? បើជាការពិតមែន គួរអោយអាណិតប្រជាជាតិខ្មែរណាស់ !     

 

 

 

Partager cet article
Repost0
13 juin 2018 3 13 /06 /juin /2018 04:27

អត្ថបទនេះ យើងធ្លាប់ចុះផ្សាយរួចម្តងនៅឆ្នាំ ២០១២ តែសរសេរផ្ទាល់លើទព័រប្លុក។ ការចុះផ្សាយជាថ្មីនេះ គឺធ្វើក្នុងខ្នាត Pdf និង កែពាក្យខ្លះ និង វាក្យសម្ព័ន្ធខ្លះ ដើម្បី សម្រួលដល់ការអាន និង អោយត្រឹមត្រូវតាមន័យ នៃពាក្យ និង ប្រយោគ។

សូមចុចខាងក្រោមនេះដើម្បីអានអត្ថបទ។

Partager cet article
Repost0
4 mai 2018 5 04 /05 /mai /2018 04:51

 

ចុចខាងក្រោមសេចក្តីសង្ខេបអត្ថបទ ដើម្បីអានអត្ថបទទាំងមូល ក្នុងខ្នាត Pdf.

សង្ខេបអត្ថបទ

...សង្គមខ្មែរ ជាសង្គមនៅនឹងថ្កល់ ក្នុងរចនាសម្ព័ន្ធបូរាណ ដែលនាំឲ ចិត្តខ្មែរ គ្មានដូរសោះ តាំងពីបូរាណកាលមក : « ទន់ភ្លន់, រួសរាយ, អៀនបៀន តែ លាក់ នូវការជំទាស់ និង សេចក្តីក្រៀមក្រម នៅក្នុងចិត្ត ;  មិនសូវចូលចិត្តពិភាក្សា និង ចូលចិត្ត នូវអ្វីដែលជា អំពើ បានធ្វើចប់សព្វគ្រប់ហើយ ; មាន មោទនភាពខ្លាំងក្លាណាស់ ទៅលើអតិតកាល តែមិនសូវរវល់នឹង យោបល់អ្នកដទៃ, គំនិត បើទ្វារ ដល់គំនិតទំនើប តែជា អ្នកអភិរក្ស ចំពោះអ្វីដែលនៅជុំវិញខ្លួន, ឆាប់ មានសេចក្តីរីករាយខ្លាំង តែមិនសូវមានអំណត់ ; ឆ្លាត, ចិត្តស្រាល តែចូលចិត្ត និយាយកំប្លែង និង ការស៊ីផឹក » (នេះជាការយល់ឃើញ របស់លោក សម សុខ)។ គំនិតបំព្រួញដ៏ប្រពៃនេះ បង្ហាញច្បាស់ នូវសក្តានុភាព នៃប្រជាជនខ្មែរ ដែលជាគុណសម្បត្តិអស្ចារ្យ របស់ខ្មែរ បើសិនខ្លួន រើសចេញ នូវទម្ងន់ នៃប្រពៃណីបាន... 

 

Partager cet article
Repost0
29 avril 2018 7 29 /04 /avril /2018 06:42

 

ចុចខាងក្រោម សង្ខេបអត្ថបទ ដើម្បីអាន អត្ថបទទាំងមូល ក្នុងខ្នាត pdf។

សង្ខេបអត្ថបទ

 

យោងតាម ការសរសេរ និង ការនិយាយ តាមតែចិត្ត រាល់ថ្ងៃ របស់ខ្លួន ស្តីអំពី ព្រឹត្តិការណ៏ ថ្មីៗ នៃជិវិតរស់នៅ, មនុស្សលោកភាគច្រើន មិនសូវមានការចង់ដឹង អំពី ពុទ្ធិ (connaissance) ពិតប្រាកដ នៃបច្ចុប្បន្នកាល ហើយក៏ មិនសូវ ចាប់អារម្មណ៏លើ អតីតកាលដែរ ដែល នាំចិត្តចង់ស្វែងធ្វើ នូវប្រវត្តិវិទ្យា តិចជាង វិវាទ នៃមនោវិជ្ជា។ តែ ការចង់ដឹកអំពី អនាគត វិញ មនុស្សលោក យល់ឃើញថាវាផ្តល់ នូវគ្រប់អត្ថប្រយោជន៏  ហើយនាំគ្នា ធ្វើការសិក្សា អំពីអ្វីមួយគ្មានសោះ ដែលជា ការស្រមៃ មិននៅក្រោមការត្រួតត្រា នៃការពិត សំរាប់ឆ្លើយបដិសេធបានភ្លាម, ពុំនោះ ការស្រមៃនោះ វាបង្ខន លាយ ក្នុងអនាគត ដ៏សន្ធឹងមួយ។ នុះ ដែលជាហេតុ ដែលនាំឲ មនុស្សលោកមានការចាប់អារម្មណ៏លើ អនាគត។ ជាឧទាហរណ៏ ក្រោយពីសង្គ្រាមលោកលើកទី២ គេឃើញមានបង្កើត ជាច្រើន នូវ វិជ្ជាដ្ឋាន នៃការិយបរិច្ជេទ, អបរកាលវិជ្ជា (futurologie), ទស្សនវិស័យ។ តាំងពីពេលនោះមក រដ្ឋាភិបាល និង សហគ្រាសធំៗ ទាំងឡាយ នៅលើពិភពលោក តែងតែ រសូវយក សេចក្តីរាយការណ៏ ស្តីអំពីចក្ខុវិស័យអនាគតអ្វីមួយ របស់វិជ្ជាដ្ឋាននោះ ជាភ្លើងបំភ្លឺ ក្នុងការសម្រេចធ្វើអ្វីមួយ ដើម្បីស្វែងរក នូវប្រសិទ្ធភាព នៃជម្រើស(optimiser le choix) របស់ខ្លួន។ 

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens